ជាតិ
ផ្លូវម៉ូតូ-ឡាននៅខ្នងផ្សា ត្រូវបានបិទ ដោយសារសាងសង់បង្គោលភ្លើង
20, Apr 2023 , 7:59 pm        
រូបភាព
រូបភាពពី៖ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
រូបភាពពី៖ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សាសហការជាមួយក្រុមការងារមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំខ្នងផ្សាបានសម្រេចបិទផ្លូវមិនឱ្យម៉ូតូ-ឡានឡើងទៅកំពូលភ្នំខ្នងផ្សាឡើយ។  ការបិទផ្លូវនេះដោយសារអាជ្ញាធរកំពុងរៀបចំតម្លើងបង្គោលភ្លើងឆ្លងកាត់ផ្នែកខ្លះនៃផ្លូវឡើងទៅកំពូលភ្នំ។



ផ្លូវខ្នងផ្សាបានបិទ ព្រោះជាទីតាំងសាងសង់បង្គោលភ្លើងនិងជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំងតែភ្ញៀវទេសចរមួយចំនួនតូចនៅតែចង់យកម៉ូតូឡានឡើងដោយខ្លួនឯង។
 

ទិដ្ឋភាពទេសចរឡើងដោយថ្មើរជើងផ្លូវថ្មី។
 
ការបិទផ្លូវម៉ូតូឡានជិះឡើងខ្នងផ្សានេះ ក្នុងគោលបំណងបញ្ចៀសបញ្ហានិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ 
 
លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង បានប្រាប់សារព័ត៌មានThmeyThmey25 ថាការបិទផ្លូវនេះដោយសារតែអាជ្ញាធរកំពុងរៀបចំដាក់បង្គោលភ្លើង។ ទោះបីជាផ្លូវត្រូវបិទមិនឱ្យម៉ូតូ-ឡានឡើងភ្នំខ្នងផ្សាបានពិតមែនតែសហគមន៍ខ្នងផ្សាបានត្រួសត្រាយផ្លូវដើរថ្មីសម្រាប់នាំភ្ញៀវទេសចរឡើងដូចពីមុន។
 
បច្ចុប្បន្នផ្លូវដើរថ្មីនេះ កំពុងតែទទួលភ្ញៀវធម្មតា។ «នៅពេលបច្ចុប្បន្ននេះ ភ្ញៀវគាត់នៅតែបន្តទៅភ្នំខ្នងផ្សាជាហូរហែយើងមានផ្លូវទៅដល់តាំងបំពុង ហើយចាប់ពីសហគមន៍ទៅ គឺយើងជិះគោយន្តដដែរទេ។ នៅក្នុងគម្រោងរបស់ខេត្តដែលកំពុងតែរៀបចំនូវការដាក់បង្គោលភ្លើងដូច្នេះទេសចរមានបំណងជិះម៉ូតូ-ឡានឡើងភ្នំ មិនអាចឡើងបានទេ»។ នេះជាការបញ្ជាក់របស់ លោក ហ៊ុន សៅ ដោយលោកមិនអាចប្រាប់បាននៅឡើយថាអាចនឹងដំណើរផ្លូវវិញបាននៅពេលណា។  
  

ផ្លូវដើរថ្មើរជើងសម្រាប់ទេសចរដល់កំពូលភ្នំខ្នងផ្សារ។ រូបភាពពី៖ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ
 
ប្រធានសហគមន៍តាំងបំពុង  លោក ហ៊ុន សៅ បានបន្ថែមថា ផ្លូវថ្មី លើសពីនេះផ្លូវថ្មីដែលបម្រើទេសចរសម្រាប់ឡើងដល់កំពូលភ្នំ គឺជាផ្លូវរទេះចាស់ដែលបោះបង់ចោលយូរឆ្នាំមកហើយ។ មានចំងាយ និងចំណោតឡើងប្រហាក់ប្រហែលនឹងផ្លូវចាស់ដែរ។ លក្ខណៈនៃផ្លូវថ្មីមានព្រៃក្រាស់ម្លប់ត្រជាក់តាមផ្លូវមានអូរ និងដើមឈើធំៗ។ ជាមួយគ្នានេះ ខាងសហគមន៍ ក៏ត្រៀមខ្សែរពួរដើម្បីបន្ថែមសុវត្ថិភាព និងជួយសម្រួលការឡើងចំណោតសម្រាប់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរតាមផ្លូវថ្មីនេះផងដែរ។
 
ក្រៅពីនេះ រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្នំខ្នងផ្សាទទួលបានទេសចរប្រមាណ២៤០នាក់តែប៉ុណ្ណោះ។ទេសចរភាគច្រើន ចូលចិត្តជិះម៉ូតូឡើងភ្នំដោយខ្លួនឯង។ សូមជម្រាបដែរថារយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរដើរលេងទូទាំងប្រទេស សរុប ១៣១៨៧ ៧៧១នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងចំនួន៥៥ ៦៩១នាក់។
 
គោលដៅទេសចរណ៍សំខាន់ៗរួមមាន សៀមរាប រាជធានីភ្នំពេញ បាត់ដំបង និងកំពង់ចាម៕
 
 
 

Tag:
 ភ្នំខ្នងផ្សា
 បិទផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com