ជាតិ
ក្រសួងកសិកម្ម នឹងបង្កើតមន្ទីរពិសោធន៍ថ្មីមួយ នៅខេត្តកណ្តាល
22, Apr 2023 , 10:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើតមន្ទីរពិសោធន៍ថ្មីមួយ នៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ មន្ទីរពិសោធន៍ថ្មីនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។


 
កាលពីថ្ងៃទី១៩ ខែមេសា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំ បានចូលរួមប្រជុំស្តីពីការរៀបចំមន្ទីរពិសោធន៍ថ្មី នាទីស្តីការក្រសួងកសិកម្ម។ គម្រោងមន្ទីរពិសោធន៍ថ្មីនេះ នឹងធ្វើឡើងនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ 
 
បើតាមលោក ឌិត ទីណា ឃុំសិត្បូ ជាទីតាំងល្អអាចជួយបញ្ចៀសហានិភ័យណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ រដ្ឋមន្រ្តីរូបនេះ បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ។ 
 
លោក ឌិត ទីណា ក៏បានរំឭកអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ លើសពីនេះមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិមានភាពចាំបាច់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនទូទាំងប្រទេសកម្ពុជា។ 
 
ដើម្បីឱ្យគម្រោងប្រព្រឹត្តទៅបានរលូន រដ្ឋមន្ដ្រីកសិកម្ម  ស្នើអង្គប្រជុំបង្កើតក្រុមការងារដឹកនាំដោយ លោក សេន សុវណ្ណ ដើម្បីពិនិត្យមើល បញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍ សម្ភារ និងធនធានមនុស្សផងដែរ៕
 

Tag:
 មន្ទីរពិសោធន៍
© រក្សាសិទ្ធិដោយ thmeythmey.com