ជាតិ
សង្គមជាតិ
សមត្ថកិច្ច កំពុងសាកសួរឧកញ៉ា ជា សារ៉ន និងបក្ខពួក ពាក់ព័ន្ធការប្រមូលលុយពីពលរដ្ឋរាប់លានដុល្លារ
24, Apr 2023 , 5:09 pm        
រូបភាព
លោក ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលរកស៊ីលើវិស័យអចលនទ្រព្យ ថ្លែងទទួលស្គាល់កំហុសលើករណីប្រមូលប្រាក់ពីប្រជាពលរដ្ឋរាប់រយគ្រួសារ នៅក្នុងវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី២២ មេសា ២០២៣
លោក ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលរកស៊ីលើវិស័យអចលនទ្រព្យ ថ្លែងទទួលស្គាល់កំហុសលើករណីប្រមូលប្រាក់ពីប្រជាពលរដ្ឋរាប់រយគ្រួសារ នៅក្នុងវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី២២ មេសា ២០២៣
ភ្នំពេញ៖ លោកឧកញ៉ា ជា សារ៉ន និងបក្សពួក៨នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការប្រមូលលុយពលរដ្ឋអស់រាប់លានដុល្លារ។ ករណីនេះ អភិបាលខេត្តកំពត ដាក់បញ្ជាឱ្យស្រាវជ្រាវឡើងវិញ រហូតដល់ស្ថាប័នហិរញ្ញវត្ថុ ដោយសង្ស័យគប់គិតគ្នាជាមួយ ក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន។

 
លោក ជា សារ៉ន និងគ្នីគ្នា៨នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានបើកវេទិកាសាធារណៈ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រវាងពលរដ្ឋមូលដ្ឋានខេត្តកំពត ជាមួយក្រុមហ៊ុន ជា សារ៉ន គ្រប់កាលពីថ្ងៃទី២២មេសា។ លើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូប ជនសង្ស័យទាំង៩រូប ហើយសរសេរប្រាប់ទៅពលរដ្ឋយ៉ាងដូច្នេះ៖ «សូមបងប្អូនស្ងប់ចិត្តនិងកុំបារម្ភសូមជឿទុកចិត្តលើ ឯកឧត្តម អភិបាលខេត្ត រួមទាំងស្ថាប័នច្បាប់ ដែលមានឯកឧត្តម ព្រះរាជអាជ្ញា និង ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងរកយុត្តិធម៏ជូនបងប្អូន ចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ»។ 
 
ជុំវិញករណីនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២៤មេសាថា បច្ចុប្បន្ន ពួកគេទាំងនោះ មិនទាន់បានបញ្ចូនតុលាការទេ។ ក្រុមការងាររបស់ស្នងការដ្ឋានខេត្តកំពុងសាកសួរជនសង្ស័យ ដើម្បីដោះស្រាយតាមនីតិវិធី។ 
 
នៅក្នុងវេទិកាសាធារណកាលពីថ្ងៃទី២២ ពលរដ្ឋជាច្រើននាក់មកពីបណ្ដាស្រុកនានា ក្នុងខេត្តកំពត រួមទាំងខេត្តផ្សេងទៀត ដូចជាឧត្ដមានជ័យ តាកែវ បានជួបជុំគ្នានៅបរិវេណ​វត្ត​អង្គ​ឈូក​ ដើម្បីស្នើសុំឱ្យលោក ម៉ៅ ធនិន អភិបាលខេត្ត ជួយដោះស្រាយវិវាទជាមួយក្រុមហ៊ុន ជា សារ៉ន។ ពលរដ្ឋទាំងនោះ រៀបរាប់ថា ខ្លួនត្រូវបានភាគីក្រុមហ៊ុន ជា សារ៉ន បញ្ចុះបញ្ជូលឱ្យទិញដីឡូតិ៍ ដើម្បីទទួលបានផលចំណេញនាពេលអនាគត។ បើតាមការរៀបរាប់ របស់ពលរដ្ឋប្រាប់ទៅអភិបាលខេត្តកំពត ទោះបីពួកគេគ្មានប្រាក់ទិញដីឡូតិ៍ ក៏ភាគីក្រុមហ៊ុនទាំងនោះ អាចរៀបចំឯកសារបានដែរ តាមរយៈស្ថាប័នហិរញ្ញវត្ថុ ដែលផ្ដល់បានកម្ចីឱ្យពលរដ្ឋ សម្រាប់ទិញដីឡូតិ៍។ ភាគីក្រុមហ៊ុន ជា សារ៉ន និងបុគ្គលិកហិរញ្ញវត្ថុទាំងនោះ បង្គាប់ឱ្យពួកគេ រួមគ្នារៀបឯកសារប្រឌិតឬចាំតែផ្ដិតមេដៃ ដើម្បីបានកម្ចី ទាំងដឹងថាពលរដ្ឋគ្មានលទ្ធភាពបង់កម្ចី។ លើសពីនេះ មានពលរដ្ឋខ្លះ ត្រូវបានភាគីក្រុមហ៊ុន ជា សារ៉ន ណែនាំឱ្យប្រមូលថវិកាទៅដាក់សន្សំជាមួយក្រុមហ៊ុន ដើម្បីបានការប្រាក់ច្រើន ពិសេសពេលចាស់ជរា។ ប៉ុន្តែភាគីក្រុមហ៊ុនពុំបានផ្ដល់ប្រាក់ចំណេញតាមការសន្យា។ 
 
អំឡុងពេលជជែកគ្នានោះ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលបានក្ដាប់ព័ត៌មានជុំវិញករណីនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំនឹងបញ្ជាឱ្យគេបើកការស្រាវជ្រាវ ពាក់ព័ន្ធជាមួយលិខិតទាំងអស់ដែលសង្ស័យ ជាលិខិតស្នាមមិនពិតប្រាកដតាមផ្លូវច្បាប់ ក្នុងការខ្ចីកម្ចីនេះ»។ 
 
លោកអះអាងថា មិនអនុញ្ញាតឱ្យពលរដ្ឋខ្លួនដែលក្រខ្សត់ ទៅរងគ្រោះដោយសារក្រុមមានទ្រព្យសម្បត្តិ ចំណេះដឹង តែគ្មានគុណធម៌ខាងលើនេះឡើយ។ 
 
ក្នុងវេទិកាដោះស្រាយវិវាទនាពេលនោះ លោក ជា សារ៉ន បានទទួលស្គាល់កំហុស ដោយសារខ្លួនខាតបង់ធ្ងន់លើការវិនិយោគអស់ជាង២០លានដុល្លារ ទើបជួបវិបត្តិបែបនេះ។ 
 
«ខ្ញុំសុំទទួលកំហុសគ្រប់យ៉ាង នៅចំពោះមុខបងអភិបាល និងចំពោះមុខពុកម៉ែបងប្អូនទាំងអស់ ហើយកំហុសទាំងនេះមិនមែនជាកំហុសរបស់បុគ្គលិកខ្ញុំទេ គាត់បំពេញតែ កាតព្វកិច្ចតួនាទីរបស់គាត់តែប៉ុណ្ណោះ គ្រប់យ៉ាងជាកំហុសរបស់ក្រុមហ៊ុន។ ខ្ញុំទទួលស្គាល់»។ លោក ជា សារ៉ន លើកឡើងបែបនេះ ហើយស្នើសុំពលរដ្ឋឱ្យទុកពេលឱ្យខ្លួនដោះស្រាយបញ្ហា គឺប្រមូលអចលនទ្រព្យផ្ទាល់ខ្លួន ដែលមាននៅក្នុងដៃទៅលក់ ដើម្បីបានថវិកាសងពលរដ្ឋវិញ៕  
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com