ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជន និងបក្ស៥ទៀត ដាក់បេក្ខជនតំណាងរាស្រ្តទៅគ.ជ.បហើយ
25, Apr 2023 , 2:06 pm        
រូបភាព
គណបក្សប្រជាជនកម្ពុជា បើកសន្និបាត នៅវិមាន៧មករា កាលពីខែកក្កដា ឆ្នាំ២០២៣។
គណបក្សប្រជាជនកម្ពុជា បើកសន្និបាត នៅវិមាន៧មករា កាលពីខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ

មានគណបក្ស៦ហើយ ដែលបានចុះឈ្មោះ និងដាក់បញ្ជីបេក្ខជនតំណាងរាស្រ្តនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមព័ត៌មានពីលោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគ.ជ.ប។


លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូង មាន៤គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ ដែលបានចុះឈ្មោះនៅគ.ជ.ប ហើយព្រឹកថ្ងៃទី២៥ ខែមេសានេះ ដែលជាថ្ងៃទី២ មាន២គណបក្សទៀត គឺគណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិតេយ្យ។ 
 
ថ្វីដ្បិត មិនអាចសន្និដ្ឋានបានថា មានគណបក្សប៉ុន្មាន ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តែលោក ហង្ស ពុទ្ធា អះអាងថា គណបក្សមិនក្រោម១០នោះ ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។ លោក អះអាងដូច្នេះ ដោយសំអាងហេតុផលថា គណបក្សទាំង១០នោះ បានយកប្រាក់ទៅតម្កល់នៅរតនាគារជាតិ។ 
 
ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ត្រូវតម្រូវឲ្យគណបក្សនីមួយៗ យកប្រាក់១៥លានរៀលទៅតម្កល់នៅរតនាគារជាតិ។ ការចុះបញ្ជីគណបក្សនិងបេក្ខជនតំណាងរាស្រ្តសម្រាប់ការបោះឆ្នោត មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៣។ 
 
លោក ហង្ស ពុទ្ធា មានប្រសាសន៍ដូច្នេះថា៖«នៅសល់ពេលវេលាជាង១០ថ្ងៃទៀត អាចថា គណបក្សផ្សេងៗ កំពុងបំពេញសំណុំបែបបទ ដើម្បីរៀបចំខ្លួនក្នុងការប្រកួតប្រជែង»៕ 
 

Tag:
 បោះឆ្នោត
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com