កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao សរសើរការវាយរបស់ Davis និង Rayn និងសង្ឃឹមមានជំនួបល្អៗបែបនេះទៀត
× ស្តេចប្រដាល់ហ្វ៊ីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) មើលឃើញការប្រកួតរវាងកីឡាករប្រដាល់ Gervonta Davis និង Ryan Garcia ជាជំនួបដ៏ជក់ចិត្ត និងស្វិតស្វាញបំផុត។ អ្នកនយោបាយហ្វីលីពីនរូបនេះ សង្ឃឹមថា នឹងមានការប្រកួតល្អៗបែបនេះទៀតសម្រាប់អ្នកប្រដាល់ជំនាន់ក្រោយៗ។
អ្នកប្រដាល់អាម៉េរិក Gervonta Davis បានយកឈ្នះកីឡាករមិត្តរួមជាតិអាម៉េរិក Ryan Garcia ដោយវាយឱ្យសន្លប់នៅទឹកទី៧ ក្នុងកម្មវិធី Premier Boxing Champion នៅសង្វៀន T-Mobile Arena រដ្ឋ Nevada, សហរដ្ឋអាម៉េរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
នាជំនួបប្រកួតនោះ ក៏មានវត្តមាន ប៉ាគីអៅ និង Floyd Mayweather ដែលសុទ្ធសឹងជាងអតីតកំពូលអ្នកប្រដាល់សកលពិភពលោក។ ក្រោយទស្សនាការប្រកួត ប៉ាគីអៅ បានលើកសរសើរកីឡាករអាម៉េរិកទាំងពីរមានថ្វីដៃល្អ និងជក់ចិត្ត។
តាមរយៈសំណេរនៅលើបណ្តាញសង្គម ធ្វីតទ័រ(Twitter) នៅថ្ងៃទី២៤ ខែមេសា ស្តេចប្រដាល់ហ្វីពីនរៀបរាប់ថា Gervonta Davis និង Ryan Garcia ពិតជាអស្ចារ្យ និងមានការប្តូរកណ្តាប់ដៃគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុត។
«ការប្រយុទ្ធរវាងអ្នកទាំងពីរគឺពិតជាប្រថុយជាមួយកំណត់ត្រាមិនធ្លាប់ចាញ់របស់ពួកគេ។ យើងត្រូវការធនធានបែបនេះបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់ ប៉ាគីអៅ មុនកំពូលអ្នកប្រដាល់អាស៊ី វ័យ៤៤ឆ្នាំ បានសរសេរអបអរសាទរ!ទៅដល់កីឡាករ Davis ដែលអាចរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួន។
Davis វ័យ២៨ឆ្នាំ បានរក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងចំណោមការប្រកួតទាំង២៩លើក ស្របពេល Garcia វ័យ២៤ ស្គាល់បរាជ័យលើកដំបូងក្រោមថ្វីដៃ Davis ក្នុងការប្រកួតលើកទី២៤របស់គេ៕
Tag:
កីឡាប្រដាល់សកល
Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com