ជាតិ
សង្គមជាតិ
អ្នកគោរពស្រឡាញ់ នាំគ្នារម្លឹកវីរភាពលោក ឈុត វុទ្ធី ក្នុងខួប១១ឆ្នាំនៃការធ្វើឃាត
26, Apr 2023 , 2:29 pm        
រូបភាព
ក្រុមយុវជន ពេលយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបាញ់សម្លាប់លោក ឈុត វុទ្ធី។ រូបពីអង្គការអាដហុក
ក្រុមយុវជន ពេលយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបាញ់សម្លាប់លោក ឈុត វុទ្ធី។ រូបពីអង្គការអាដហុក
លើបណ្តាញសង្គម ជាពិសេសហ្វេស​ប៊ុក គេ ឃើញមានការលេចឡើងជាច្រើននូវរូបភាព និងវីដេអូអំពីលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើដ៏ល្បីល្បាញនៅកម្ពុជា។ រូបភាព និងវីដេអូទាំងនោះ ផុសឡើងចំពេលមកដល់នូវខួប១១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើរូបនេះ។



អ្នកដែលបង្ហោះ និងចែករំលែករូបភាព ឬវីដេអូអំពីលោក ឈុត វុទ្ធី ជាទូទៅ គឺជាមន្រ្តីសង្គមស៊ីវិល និងក្រុមយុវជន ដែលមានការគោរពនិងក្តីស្រឡាញ់ចំពោះលោក។ ក្រៅពីផ្សព្វផ្សាយរូបភាព និងវីដេអូ ដែលបង្ហាញពីគុណបំណាច់របស់លោក ឈុត វុទ្ធី អ្នកទាំងនោះ ថែមទាំងឆ្លៀតភ្ជាប់សារខ្លីមកជាមួយផងដែរ គឺសារដែលទាមទាររកយុត្តិធម៌ជូនលោក ឈុត វុទ្ធី 
ក្នុងរូបភាពលោក ឈុត វុទ្ធី មានសរសេរសារថា «យុត្តិធម៌ គង់តែមានសម្រាប់លោក ឈុត វុទ្ធី»។ អ្នកដែលគោរពស្រឡាញ់ទាំងនោះ បានហៅលោក ឈុត វុទ្ធី ថាជា «វីរជនព្រៃឈើ។ 
 
ជាមួយគ្នានេះ ក្រុមយុវជនមានគ្នាប្រមាណ២០នាក់ បានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ដើម្បីស្នើឲ្យក្រសួងយុត្តិធម៌ ជំរុញទៅអយ្យការអមតុលាការ បើកការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី។ អង្គការអាដហុក ផ្សាយលើទំព័រហ្វេបុកខ្លួនថា តំណាងយុវជន២នាក់ គឺ លោក កើត សារ៉ាយ និង កញ្ញា ធួន ស្រីពៅ ទទួលបានការអនុញ្ញាតិឲ្យចូលទៅក្នុងក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិនោះ ហើយក្រសួង សន្យាឆ្លើយតបនៅពេលក្រោយ។
 
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហោះសារខ្លីមួយលើគណនីហ្វេសប៊ុក ជុំវិញខួប១១ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី ដែលអ្នកស្រី​ហៅថា «ពូ»។ អ្នកស្រី សរសេរដូច្នេះថា៖«១១ឆ្នាំក្រោយមក​ យុត្តិធម៌ និងការពិតមិនទាន់ត្រូវបានលាតត្រដាង​។ ខ្ញុំចងចាំវីរភាពរបស់ពូ និងសូមឧទ្ទិសបុណ្យកុសលទាំងឡាយជូនដល់ពូ​ជាដរាប»។
 
ក្នុងចំណោមយុវជនទាំងនោះ អ្នកខ្លះ ពាក់អាវដែលមានរូបលោក ឈុត វុទ្ធី ហើយអាវនោះ ថែមទាំងមានសរសេរថា «ខ្ញុំ ជាឈុត វុទ្ធី ខ្ញុំ ត្រូវការយុត្តិធម៌» អ្នកខ្លះ យកស្លឹកឈើ មកពាក់នឹងក ដើម្បីបង្ហាញថា ខ្លួន ស្រឡាញ់ធម្មជាតិឬព្រៃឈើដូចលោក ឈុត វុទ្ធី អ្នកខ្លះ យករូបលោក ឈុត វុទ្ធី ដែលជារូបក្រដាស មកពាក់នឹងមុខ ។ល។ 
 
សូមរម្លឹកខ្លីថា លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ មកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឃាតកម្មនេះ មានរយៈពេល១១ឆ្នាំហើយ។ ឲ្យតែថ្ងៃ២៦មេសាមកដល់ មន្រ្តីអង្គការសង្គមស៊ីល និងអ្នកដែលគោរពស្រឡាញ់លោក តែងនាំគ្នារម្លឹកពីវីរភាពរបស់លោក៕ 
 

Tag:
 ឈុត វុទ្ធី
  ខួប១១ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com