ជាតិ
សង្គមជាតិ
មន្រ្តី វ៉ៃអ្នកជាប់ឃុំម្នាក់ ត្រូវភ្នែកម្ខាងមិនទាន់មើលឃើញវិញ
26, Apr 2023 , 6:19 pm        
រូបភាព
ក្រុមគ្រូពេទ្យ ពិនិត្យភ្នែកខាងស្តាំរបស់អ្នកជាប់ឃុំ ដែលត្រូវអនុរក្សពន្ធនាគារវ៉ៃ។ រូបពីហ្វេសប៊ុក
ក្រុមគ្រូពេទ្យ ពិនិត្យភ្នែកខាងស្តាំរបស់អ្នកជាប់ឃុំ ដែលត្រូវអនុរក្សពន្ធនាគារវ៉ៃ។ រូបពីហ្វេសប៊ុក
ដោយ៖ ទេពញាណ

បុរសជាអ្នកជាប់ឃុំឈ្មោះ សុត ម៉ានិត នៅពន្ធនាគារខេត្តត្បូងឃុំ រងរបួសខ្លាំងលើភ្នែកខាងស្តាំ ដោយសារការវាយពីសំណាក់មន្រ្តីអនុរក្សម្នាក់។ រឿងនេះ កើតឡើងតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣មកម្ល៉េះ តែទើបនឹងផ្ទុះលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។



អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកតៗគ្នានូវរូបភាព និងព័ត៌មានអំពីបុរសអ្នកជាប់ឃុំនោះ ដែលត្រូវមន្រ្តីពន្ធនាគារវាយត្រូវភ្នែកខាងស្តាំ។ យោងតាមព័ត៌មានលើបណ្តាញសង្គម បុរសជាអ្នកជាប់ឃុំ ត្រូវមន្រ្តីពន្ធនាគារ វាយរហូត «ខ្វាក់ភ្នែកម្ខាង» ហើយមិនទាន់ទទួលបានយុត្តិធម៌នោះទេ។ 
 
ប៉ុន្តែ តាមការបកស្រាយពីលោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ភ្នែកម្ខាងរបស់អ្នកជាប់ឃុំ មិនមានសភាពធ្ងន់ធរដូចការផ្សព្វផ្សាយលើបណ្តាញសង្គមឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បំភ្លឺថា៖«មិនមែនពិការទេ គ្រាន់តែមើលមិនឃើញក្នុងរយៈពេលនេះ»។ 
 
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ទទួលបានព័ត៌មាននេះដែរ។ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗយ៉ាងខ្លីថា៖«គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កំពុងស៊ើបអង្កេតលើករណីនេះ មុននឹងសន្និដ្ឋាន និងធ្វើកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ណាមួយ»។ 
 
លោក នុត សវនា ផ្តល់ព័ត៌មានថា ក្រោយរងរបួសភ្នែក អ្នកជាប់ឃុំនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងបន្តបញ្ជូនទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន គាត់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោក បន្តថា លើសពីនេះ ស្ថាប័នមានសមត្ថកិច្ច ថែមទាំងប្រឹងខ្នះខ្នែងស្នើទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីសុំឲ្យគាត់បាននៅក្រៅឃុំ។ 
 
លោកអគ្គនាយករង ប្រាប់ថា មកដល់ពេលនេះ មិនទាន់មានការដាក់ពិន័យ ឬការចាប់ខ្លួនមន្រ្តីអនុរក្ស ដែលវាយអ្នកជាប់ឃុំនោះនៅឡើយទេ ដ្បិតរឿងរ៉ាវនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ។ លោក បន្ថែមថា ម្យ៉ាងទៀត តាមការស្រាវជ្រាវបឋម មន្រ្តីអនុរក្សនោះ ពុំមានចេតនាវាយអ្នកជាប់ឃុំឲ្យរបួសភ្នែកបែបនេះឡើយ។
 
លោក រៀបរាប់ពីសាវតារនៃសាច់រឿង ដែលបានពីការស្រាវជ្រាវបឋមថា អ្នកជាប់ឃុំ នាំគ្នាឡូឡារហូតដល់ពាក់កណ្តាលយប់ ដើម្បីអមអរសាទរគ្នីគ្នា ដែលនឹងត្រូវចេញពីពន្ធនាគារនៅពេលព្រឹក។ មន្រ្តីអនុរក្ស បានទៅប្រាប់ឲ្យឈប់ឡូឡា ព្រោះខុសបទបញ្ជាផ្ទៃក្នុង និងរំខានដល់អ្នកដទៃ ប៉ុន្តែអ្នកជាប់ឃុំទាំងនោះពុំស្តាប់។ លុះព្រឹកឡើង ដោយទប់អារម្មណ៍មិនបាន មន្រ្តីអនុរក្ស បានទះអ្នកជាប់ឃុំម្នាក់មួយដៃ ហើយអ្នកជាប់ឃុំឈ្មោះ សុត ម៉ានិត ត្រូវត្រង់សៀតផ្កា។ 
 
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា៖«ចៃដន្យអី វាអកុសល ពេលមន្រ្តីហ្នឹងទះផាច់ទៅ វាបង្កទៅជាបញ្ហាអ៊ីចឹង។ គ្នាគ្មានចេតនាអីទេ គ្រាន់តែជាការព្រមាន ដោយសារកាលពីយប់ប្រាប់មិនស្តាប់»។  
 
លោក នុត សវនា មិនចាំថា អ្នកជាប់ឃុំ ដែលរងរបួសភ្នែកនោះ ជាប់ចោទពីបទល្មើសអ្វីឡើយ តែលោកដឹងថា បទល្មើសរបស់គាត់ គឺតូចតាច ហើយមានទោសស្រាលប៉ុណ្ណោះ។ លោក បញ្ជាក់ថា មន្រ្តីអនុរក្សពន្ធនាគារតែម្នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធក្នុងករណីហិង្សានេះ ហើយក្រោយហេតុការកើតឡើង ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ទៅថ្នាក់លើ។ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមដែរ លោក លើកឡើងថា ករណីនេះ កើតឡើងតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣៕ 
 
 

Tag:
 ករណីហិង្សាលើអ្នកជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com