ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ណែនាំឱ្យកសិករត្រៀមទឹក​ទុកសម្រាប់​​ធ្វើស្រែ ​និងកុំប្រថុយ​ដាំស្រូវ​បើ​ខ្វះ​ខាតទឹក
26, Apr 2023 , 8:59 pm        
រូបភាព
ដោយ:
​ក្រសួងកសិកម្ម បានណែនាំឱ្យកសិករ ត្រូវត្រៀមបង្ការ និងឆ្លើយតបចំពោះកិច្ចការដាំដុះស្រូវ​របស់ខ្លួនក្នុងឆ្នាំ២០២៣នេះ  ដោយ​ការលើកទប់ និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីទឹកទុក ព្រមទាំងរៀប​ចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។ ការណែនាំនេះ គឺបន្ទាប់ពីក្រសួងធនធានបានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់យឺត ពោលគឺទាល់តែសប្តាហ៍ទី២នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម ។ ទន្ទឹមនឹងនេះ ​កូនរដូវប្រាំង ដែល​អាចកើតឡើង ​ក៏អូសបន្លាយចាប់ពីដើមខែកក្កដា រហូត​ដល់ខែដើមខែស៊ីហា។ សម្រាប់ក្រសួងកសិកម្ម ស្ថានភាពនេះ អាចបង្កផលប៉ះពាល់​ដល់​ផលិកម្ម​ដំណាំកសិកម្ម។ 

ក្រៅពីការណែនាំឱ្យត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ពេលចាំបាច់ហើយនោះ ក្រសួងកសិកម្ម តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមេសានេះ ក៏ប្រាប់ឱ្យកសិករមិនគួរប្រថុយប្រថាន​ដាំដុះ  ស្រូវដើមរដូវវស្សា(ប្រភេទពូជស្រូវស្រាល) ​​ដោយពឹងលើប្រភពទឹកតិចតួចនោះដែរ  ព្រោះអាចប្រឈមនឹងការខូចខាតដោយសារ​រាំងស្ងួត។
 
សម្រាប់ប្រជាកសិករដែល​នៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករ គួរប្រញាប់ប្រញាល់​ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។  នេះបើតាមក្រសួងកសិកម្ម ដែលបានបន្តទៀតថា សម្រាប់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករ គួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងវខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់​ប្រភេទពូជស្រូវកណ្តាល​ប្រាកន់រដូវ ដូចជា ពូជស្រូវផ្ការំដល និងប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវមូលផល​ក្នុងខែវិច្ឆិកា។
 
ចំពោះការ​ដាំដុះដំណាំបន្លែ​វិញ ក្រសួង លើកទឹកចិត្តកសិករឱ្យប្រើប្រាស់​ប្រព័ន្ធស្រោច​ស្រព​សន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើបដីឱ្យបានយូរ។ ចំណែកកសិករដែល​ស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹកដូចជាទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈរក្សាទឹកទុកឱ្យបានច្រើន នៅក្នុងត្រពាំង ឬអាងស្តុកទឹកតៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុកស្រោចស្រពក្នុងពេលរាំងស្ងួត។
 
ក្រសួងកសិកម្ម ក៏បានបញ្ជាទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត​ និង​អាជ្ញាធរមូលដ្ឋាន ឱ្យសហការជាមួយអង្គភាពជំនាញ ​ចុះត្រួតពិនិត្យប្រភពទឹក វាយ​តម្លៃ​ផ្ទៃដីដាំដុះ ដែលអាចមានលទ្ធភាពស្រោចស្រព និងសម្របសម្រួល​បែង​ចែកការ​ប្រើប្រាស់ទឹក ព្រមទាំ​ងការផ្តល់បច្ចេកទេសផលិតកម្ម​ដំណាំតាមបែបទំនើបបន្ស៊ាំ​នឹង​​ការប្រែប្រួលអាកាសធាតុ។
 
ចំពោះអនុវិស័យជលផលវិញ ក្រសួងបានប្រាប់ដល់អាជ្ញាធរ ឱ្យតាមដានកម្ពស់ទឹក និងស្ថានភាពត្រីមេពូជនៅតាមកន្លែងអភិរក្សជលផល ព្រមទាំងត្រៀមប្រភពទឹក សម្រាប់បូមចូល ក្នុងករណីរីងរាក់ខ្លាំង ឬមានត្រីពុលងាប់ ព្រោះធាតុអាកាសនៅចន្លោះខែមេសា ដល់ខែមិថុនា មានសភាពក្តៅខ្លាំង ជាហេតុធ្វើឱ្យ​ទឹកក្នុងស្រះរាក់។ ទឹកក្តៅខ្លាំង អាចបណ្តាលឱ្យត្រីក្នុងស្រះងាយងាប់ដោយសារពុលទឹក ខ្វះអុកស៊ីសែន ដែលទាមទារឱ្យមានការបញ្ចូលទឹកបន្ថែម ឬធ្វើទឹកក្នុងស្រះឱ្យមានចលនា ដើម្បីបង្កើនអុកស៊ីសែន។
​​
ភាពរាំងស្ងួតនេះ ក៏អាចបង្កផ្តល់ប៉ះពាល់ដល់សុខភាពសត្វ និងផលិតកម្មសត្វដែរ។ ជុំវិញរឿងនេះ ក្រសួងបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំងសត្វឱ្យបានល្អ ដោយផ្តល់ទីជម្រក ​ទឹក និងចំណី ព្រមទាំងចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ដល់សត្វ ខណៈធាតុអាកាសក្តៅ នឹង បណ្តាលឱ្យសត្វខ្លះខ្វះចំណី និងទឹក ភាពធន់នឹងជំងឺថយចុះ។ ចំណែកការឆ្លងជំងឺមានហានិភ័យខ្ពស់ ជាពិសេសបក្សី។ ​
 
ក្រៅពីណែនាំដល់អ្នកពាក់ព័ន្ធ ក្រសួងកសិកម្មក៏បានផ្តល់លេខទំនាក់ទំនងរបស់មន្ត្រី​ជំនាញផងដែរ ដើម្បីរាយការណ៍ប្រសិនបើមានករណីខាងលើនេះ កើតឡើងនៅតំបន់របស់ខ្លួន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com