ជាតិ
សង្គមជាតិ
ក្តៅចិត្ត! លោក សៅ សុខា បញ្ជាឲ្យប្រើរថពាសដែកក្នុងករណីចាំបាច់ ដើម្បីកម្ចាត់ពួកបំផ្លាញព្រៃឈើ
27, Apr 2023 , 1:59 pm        
រូបភាព
លោក សៅ សុខា និយាយក្នុងពិធី១ កាលពីឆ្នាំ២០១៦ (រូបពីកងរាជអាវុធហត្ថ)។ សកម្មភាពគោយន្តដឹកឈើខុសច្បាប់ ចេញពីតំបន់ព្រៃឡង់១កន្លែង ក្នុងខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សារព័ត៌មាន សង្គ្រោះរាស្រ្ត)។
លោក សៅ សុខា និយាយក្នុងពិធី១ កាលពីឆ្នាំ២០១៦ (រូបពីកងរាជអាវុធហត្ថ)។ សកម្មភាពគោយន្តដឹកឈើខុសច្បាប់ ចេញពីតំបន់ព្រៃឡង់១កន្លែង ក្នុងខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សារព័ត៌មាន សង្គ្រោះរាស្រ្ត)។
ដោយ៖ ទេពញាណ 

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធាន​គណៈកម្មការ​ជាតិ​​​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានប្រើធម៌ក្តៅដាក់ជនបំផ្លាញព្រៃឈើ។ គ្រាន់តែឮដំណឺងអំពីការកាប់ព្រៃឈើ ដែលនៅតែបន្តកើតមាន មេការពារព្រៃឈើរូបនេះ ក៏ចេញបញ្ជាភ្លាម ដោយឲ្យរៀបចំកម្លាំងកងរាជអាវុធហត្ថ ប្រញាប់ចុះទៅបង្ក្រាបទាំងយប់។



លោក សៅ សុខា ដាក់បញ្ជាទៅថ្នាក់ក្រោមថា៖«រៀបចំកម្លាំង១៥០នាក់ កាំភ្លើងគ្រប់ដៃ និងមធ្យោបាយយកចេញទៅ បើចាំបាច់ចង់ប្រើរថពាសដែកក៏បានដែរ ទៅសង្គ្រុបពួកអាអស់ហ្នឹងឲ្យអស់មើល៍ វាមានប៉ុន្មាននាក់ពួកអាបំផ្លាញព្រៃឈើហ្នឹង វាយខ្នោះអ្ហែង ចងអ្ហែងទាំងអស់មកមើល៍ ម៉េចក៏មិនចេះឈប់សោះ»។
 
ទំព័រហ្វេសប៊ុក «សារព័ត៌មាន សង្រ្គោះរាស្រ្ត Sangkruas Reas»ផ្សាយតាមសម្តីរបស់ប្រជាពលរដ្ឋថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយមានគោយន្តកែច្នៃជាច្រើនគ្រឿង បានសម្រុក​ដឹកជញ្ជូន​ឈើទាំងនោះចេញទាំងយប់ ​ចូលទៅក្រុមហ៊ុន១ ស្ថិតក្នុង​ឃុំ​កំពង់ចាម ស្រុក​សម្បូរ ខេត្តក្រចេះ។    
 
គេ បានឮការចេញបញ្ជារបស់លោក សៅ សុខា តាមរយៈសារជាសំឡេងរបស់លោក ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត កាលពីថ្ងៃទី២៦ ខែមេសា។ ដោយប្រើសំឡេងខ្លាំងៗ និងស្ថិតក្នុងលក្ខណៈម៉ឹងម៉ាត់ លោក បានប្រាប់ឲ្យកងកម្លាំងសមត្ថកិច្ច បាញ់ក្រុមជនល្មើសព្រៃឈើ បើពួកគេ មានកាំភ្លើង ហើយហ៊ានបាញ់លើកងកម្លាំងសមត្ថកិច្ច។
 
លោកឧត្តមសេនីយ៍ផ្កាយ៤រូបនេះ ប្រើពាក្យធ្ងន់ៗថា៖«បើត្រូវបាញ់គ្នា បាញ់ជាមួយអាពួកហ្នឹងម្តងមើល៍ ឲ្យវារយះមេឃរយះដីមើល៍។ […] មិនបាច់និយាយច្រើនទេ បើវាបាញ់តដៃ បាញ់កម្ទេចក្រវាត់ចោលឲ្យអស់តែម្តង ស្អីក៏វាសម្បើមម្ល៉េះអ្ហា! មកដល់ម៉ោងនេះហើយ នៅបំផ្លិចបំផ្លាញទៀត មិនឮនាយករដ្ឋមន្រ្តីបញ្ជាយ៉ាងម៉េចទេហី។ […] អាណាក្បាលរឹងម្ល៉េះ ធ្វើកវាតិចមើល៍ បើធ្វើប៉ុណ្ណឹងមិនបាន នាំគ្នាដកស័ក្តិលើស្មាក្រវាត់ចោលឲ្យអស់ទៅ»។
 
ក្រៅពីពួកឈ្មួញព្រៃឈើ លោក សៅ សុខា ក៏ក្តៅចិត្តនឹងមន្រ្តីមួយចំនួនមិនស្ទើរដែរ។ លោក លើកឡើងថា រឿងធំ ដែលបណ្តាលឲ្យបទល្មើសព្រៃឈើនៅតែបន្តកើតមាន គឺដោយសារមន្រ្តីសមគំនិតជាមួយពួកឈ្មួញ។ លោក ហៅពួកឈ្មួញ ថាជាខ្មោចព្រៃ ហើយហៅមន្រ្តីទាំងនោះ ថាជាខ្មោចស្រុក។
 
លោក មានប្រសាសន៍ថា៖«បណ្តែតបណ្តោយពួកនេះ គឺងាប់ប្រទេសតែម្តង អត់សល់ប្រទេសទេ។ […] ពួកហ្នឹង ខ្ញុំ គ្មានភស្តុតាងអីទេ មកដល់ម៉ោងនេះ តែខ្ញុំយល់ថា ខ្មោចស្រុកនិងខ្មោចព្រៃ វាត្រូវគ្នាហើយ បានរឿងហ្នឹងវាអ៊ីចឹងនោះ»។
 
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកដៃឲ្យកម្លាំងរាជអាវុធហត្ថ វាយខ្នោះទាំងមន្រ្តីទាំងនោះទៀត បើហ៊ានចេញមកកាងពួកជនល្មើសព្រៃឈើ។ លោក យល់ថា បើមេព្រៃ កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន និងចៅហ្វាយស្រុក ជាដើម មិនសមគំនិតជាមួយជនល្មើស ហើយធ្វើតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ច្បាស់ជាគ្មានអ្នកណាហ៊ានចូលកាប់ព្រៃឈើនោះទេ។
 
របាយការណ៍ពីក្រសួងបរិស្ថាន ដែលចេញញផ្សាយកាលពីឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៦៥ ផ្ទៃដីកម្ពុជាដល់ទៅ៧៣ភាគរយ ដែលគ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០១៨ ព្រៃឈើ បានថយមកនៅសល់ក្រោម៤៧ភាគរយលើផ្ទៃដីកម្ពុជា៕
 

Tag:
 សៅ សុខា
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com