ជាតិ
ចំណតផែ​កុងតឺន័រថ្មី ក្រុងព្រះសីហនុចំណាយថវិកាជិត ១ពាន់លានដុល្លារ
01, May 2023 , 11:20 am        
រូបភាព
ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ចូន
ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ចូន
ដោយ:
ការពង្រីក និងការសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវចំណាយថវិកា ៩៧៣លានដុល្លារអាម៉េរិក។ ការសាងសង់ចំណតផែថ្មីនេះ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងអាចឆ្លើយតបកំណើនសេដ្ឋកិច្ចជាតិ និងទំហំពាណិជ្ជកម្មរបស់កម្ពុជា។



កំពុងផែស្វយ័តព្រះសីហនុ មានតួនាតីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រលើការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិ។ កំពង់ផែនេះ បានប្រមូលចំណូលចូលជាតិកើនឡើងគួរឱ្យគត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនសកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី ​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២២ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន​ ៧លានតោន ដែលកើនឡើង ០,១៨ភាគរយ ហើយចំណូលសរុបមានចំនួន ៣៤៤​ប៊ី​លានរៀល (ប្រមាណ ៨៤លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១។
  

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋាសាងសង់កំណតផែកុងតឺន័រ នៅព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុកសម្ដេច
 
ការដ្ឋានសាងសង់កំពង់ផែកុងតឺន័រ និងពង្រីក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺទី១. រដ្ឋាភិបាល នឹងកែសម្រួលកំពង់ផែដឹកទំនិញរាយ ទៅជាចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រ ដើម្បីបង្កើនសមត្ថភាពកំពង់ផែ ២៥០ ០០០TU បន្ថែមទៀត ដែលប្រើពេលសាងសង់ ១៨ខែ។ ទី២. ការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ មានសមត្ថិភាពអាចឱ្យនាវាដឹកជញ្ជូន​នៅក្នុងតំបន់​អាស៊ីប៉ា​ស៊ី​ហ្វិក ទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងនេះ នឹងប្រើពេលសាងសង់ ៣៦ខែ គ្រោងបញ្ចប់នៅឆ្នាំ២០២៦។ 
 
ទី៣ ការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ ដែលមានជម្រៅទឹក ១៦,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកនៅសមុទ្រឥណ្ឌា អាចចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលអាចបង្កើនសមត្ថភាពផែបាន ៥៧០,០០០TEUថែមទៀត។ គម្រោងនេះ នឹងប្រើពេលសាងសង់ ៣៦ខែ គ្រោងបញ្ចប់នៅឆ្នាំ២០២៨។ 
 
ទី៤ ការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី៣ មានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាធំៗ ដែលមានទម្ងន់រហូតដល់ ១៦ម៉ឺនតោន អាចចូលចតនៅកំពង់ផែក្រុងស្វយ័តព្រះសីហនុនោះ។ ចំពោះនាវាទាំងនោះ អាចធ្វើដំណើរពីកំពង់ផែកម្ពុជា ទៅមកអាមេរិក និងតំបន់អឺរ៉ុប ដោយមិនចាំបាច់ផ្ទុកផ្ទេរនៅកន្លែងផ្សេងទៀតនោះទេ។
គម្រោងនេះ នឹងប្រើប្រាស់​ពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានសមត្ថភាព ៤ដង ដែលលើសពីពេលបច្ចុប្បន្ន ព្រោះកំពង់ផែនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសប្រមាណ ៦០ភាគរយ សម្រាប់ការនាំចេញ-ចូលទំនិញ។
  

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋាសាងសង់កំណតផែកុងតឺន័រ នៅព្រះសីហនុ។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន
 
«បើគ្មានកំពង់ផែ មិនដឹងដឹកជញ្ជូនទំនិញតាមណាទេ មានតែដឹកតាមយន្តហោះ តែមិនអាចដឹកតាមយន្តហោះបានទេថ្លៃណាស់។ នៅទូទាំងពិភពលោកគេដឹកទំនិញតាមសមុទ្រ ដូច្នេះកំពង់ផែជាដង្ហើម ជាកន្លែងផ្លាស់ប្ដូរទំនិញពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងពិភពលោក»។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។
 
គម្រោងដែលរដ្ឋាភិបាលបានរៀបរាប់ខាងលើនេះ នឹងត្រូវចំណាយថវិកាជិត ១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះថវិកាជប៉ុនប្រមាណ ៧០០លានដុល្លារ ។ ក្រៅពីនោះជាថវិកាបដិភាគរបស់រដ្ឋាភិបាល និងជាចំណូលរបស់កំពង់ផែផ្ទាល់៕
 

Tag:
 សេដ្ឋកិច្ច
  ចំណតផែ​កុងតឺន័រថ្មី
 កំពង់ផែស្វយ័តក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com