ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ចោទលោក ថាច់ សេដ្ឋា ពីបទញុះញង់មួយបន្ថែមទៀត
01, May 2023 , 2:08 pm        
រូបភាព
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ជាប់ឃុំ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ជាប់ឃុំ (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 

មិនត្រឹមតែមិនបាននៅក្រៅឃុំនោះទេ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បែរជាត្រូវរងបទចោទ១បន្ថែមទៀត គឺបទញុះញង់បង្កឲ្យមានភាពអសន្តិសុខសង្គម។ អយ្យការអមតុលាការភ្នំពេញ បានចោទលោកពីបទញុះញង់នេះ នៅជិតដំណាច់ខែមេសា ឆ្នាំ២០២៣។



លោក ជូង ជូងី មេធាវីរបស់លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១ ខែឧសភានេះថា លោក បានដាក់ពាក្យទៅកាន់តុលាការភ្នំពេញរួចហើយ ដើម្បីការពារក្តីឲ្យលោក ថាច់ សេដ្ឋា ដែលទើបរងពីបទញុះញង់។ ដោយសារមិនទាន់ទទួលបានសំណុំរឿងថ្មីនេះមកក្នុងដៃ លោកមេធាវី មិនទាន់អាចបញ្ជាក់បាននោះទេថា តុលាការ ចោទលោក ថាច់ សេដ្ឋា ពីបទញុះញង់ដោយផ្អែកលើអង្គហេតុអ្វី។ 
 
យ៉ាងណា លោក កែត ឃី មេធាវីម្នាក់ទៀតរបស់លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា លោក ថាច់ សេដ្ឋា រងបទពីញុះញង់នេះ ដោយសារសុទ្ទរកថា១របស់លោក ដែលលោកថ្លែងក្នុងប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២។ លោកមេធាវី កែត ឃី បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មានថ្មីៗឡើយ ដោយលោកលើកហេតុផល លោក មិនការពារក្តីជូនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងក្រោយនេះឡើយ ហើយលោករុញឲ្យទៅសួរលោកមេធាវី ជូង ជូងី វិញ។ 
 
បទចោទទី១ ដែលតុលាការភ្នំពេញ ចោទទៅលើលោក ថាច់ សេដ្ឋា គឺបទចេញសែកស្អុយ បន្ទាប់ពីទទួលបានបណ្តឹងរបស់ក្រុមហ៊ុន១។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវចាប់ខ្លួន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣។ 
 
កន្លងមក លោក ធ្លាប់បានស្នើទៅតុលាការភ្នំពេញ សុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការភ្នំពេញ បដិសេធមិនទទួលយកសំណើសុំតម្កល់ប្រាក់នោះឡើយ។ ដោយមិនបាននៅក្រៅឃុំ មេធាវីរបស់លោក បានបន្តប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែនៅតែបរាជ័យដដែល។ មេធាវី បានឡើងទៅតវ៉ាដល់តុលាការកំពូល ដែលជានីតិវិធីចុងក្រោយ។ 
 
នៅចុងខែមេសា ឆ្នាំ២០២៣នេះ តុលាការកំពូល បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា។ តុលាការកំពូល មិនប្រកាសសាលដីកាភ្លាមៗនោះ ដោយសម្រេចថា នឹងប្រកាសនៅថ្ងៃទី៣ ខែឧសភា៕  
 

Tag:
 ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com