ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យ ម៉ៃ សុគន្ធ សុំទោស ហុងដា
01, May 2023 , 4:31 pm        
រូបភាព
ពីពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃទី១ ឧសភានេះ សម្ដេច ហ៊ុន សែន បានផ្ដាំឱ្យលោក ម៉ៃ សុគន្ធ ដែលជាអតីតតារាចម្រៀង និងជាប្រើប្រាស់បណ្ដេញសង្គមនិយម សុំទោសទៅកាន់លោក Keisuke Honda  ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី២៩ មេសា។



«កូនគួរតែចេញសារសុំទោសមួយ ទៅកាន់ហុងដា ។ កូនធ្វើបែបនេះ ដូចជាទះកំផ្លៀងកីឡាករបាល់ទាត់ព្រោះរិះគន់គ្រូបង្វឹក»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលមិនពេញចិត្តចំពោះពាក្យសម្ដីរបស់លោក ម៉ៃ សុគន្ធ។



មុនប្រតិកម្មរបស់សម្ដេចបែបនេះ លោក ម៉ៃ សុគន្ធ បានសរសេរលើហ្វេសប៊ុកដោយភ្ជាប់ជាមួយរូបលោក ហុងដា ដែលស្លៀកពាក់ខោខ្លី និងអាវស្បៃព័ណ៌ខ្មៅ ថា «យើងជាម្ចាស់ផ្ទះ ចង់ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បានគ្មានទើសក្បាលអ្នកណាទេ។ ជ្រុលតែទៅស្រុកវិញហើយ ចាំកាល ទៅឱ្យឆាប់ទៅ ខ្ញុំសែនមាន់១០»។
 
ពាក្យសម្តីនេះហើយ ដែលធ្វើឱ្យសម្ដេច ហ៊ុន សែន មិនពេញចិត្ត។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហុងដា ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិ បានជួយអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាខ្លាំងណាស់ ចាប់តាំងពីឆ្នាំ២០១៨មក។ 
 
កន្លងមកសម្ដេច ធ្លាប់សរសើរលោក ហុងដា ដែលមានចំណុចពិសេសមួយ ធ្វើឱ្យសម្ដេចពេញចិត្ត នោះគឺរាល់ពេលដែលកីឡាករណាម្នាក់ មានជំងឺតួឯកក្នុងក្រុមនោះ ហុងដា មិនដែលដាក់កីឡាកររូបនោះ ចូលលេងឡើយ។ សម្ដេច ហ៊ុន សែន គាំទ្រចំពោះទង្វើរបស់អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ។
 
គួរបញ្ជាក់ថា លោក ហុងដា នឹងត្រូវបញ្ចប់ភារកិច្ចជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com