ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អៀ ចាន់ណា បានចេញពីពន្ធនាគារ ក្នុងពេលដ៏ខ្លីក្រោយសុំទោសសម្តេច ហ៊ុន សែន
02, May 2023 , 10:49 am        
រូបភាព
លោក អៀ ចាន់ណា ថ្លែងអំណរគុណទៅកាន់សម្តេច ហ៊ុន សែន តាមរយៈវីដេអូ បន្ទាប់ពីលោក បានចេញពីពន្ធនាគារ និងទៅដល់ផ្ទះវិញ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
លោក អៀ ចាន់ណា ថ្លែងអំណរគុណទៅកាន់សម្តេច ហ៊ុន សែន តាមរយៈវីដេអូ បន្ទាប់ពីលោក បានចេញពីពន្ធនាគារ និងទៅដល់ផ្ទះវិញ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ថ្ងៃដែលសុំទោសទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្ងៃដែលលោក អៀ ចាន់ណា បានចេញក្រៅឃុំ។

 

ក្រោយជាប់ឃុំប្រមាណ១ឆ្នាំ លោក អៀ ចាន់ណា អ្នកប្រឆាំងខ្លាំងក្លានិងយូរឆ្នាំម្នាក់ បានទទួលសេរីភាពឡើងវិញ ដោយសារលោក សម្រេចចិត្តសារភាពពីកំហុស និងសុំទោសទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការសុំទោសរបស់លោក គឺធ្វើចេញពីពន្ធនាគារ តាមរយៈវីដេអូផង និងតាមរយៈលិខិតផង ដូចទៅនឹងលំនាំរបស់អ្នកប្រឆាំងមួយចំនួន ដែលទើបនាំគ្នាធ្វើនាពេលថ្មីៗនេះ។ 
 
ក្រោយទទួលបានវីដេអូ និងលិខិតសុំទោសរបស់លោក អៀ ចាន់ណា សម្តេច ហ៊ុន សែន បានសរសេរក្នុងតេឡេក្រាមថា សម្តេច ស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ ដើម្បីសុំធានាឲ្យលោក អៀ ចាន់ណា បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
 
នៅម៉ោង៥និង៣៣នាទីល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានបោះវីដេអូ និងលិខិតសុំទោសរបស់លោក អៀ ចាន់ណា ចូលទៅក្នុងបណ្តាញតេឡេក្រាម ហើយរយៈពេលជាង៣ម៉ោងក្រោយមក គឺនៅម៉ោង៩និង១នាទីយប់ សម្តេច ក៏បោះវីដេអូ១ទៀតរបស់លោក អៀ ចាន់ណា ចូលទៅក្នុងតេឡេក្រាម ដោយក្នុងវីដេអូក្រោយនេះ លោក អៀ ចាន់ណា បានអរគុណសម្តេច ដែលជួយឲ្យលោកបាននៅក្រៅឃុំ។ លោក ធ្វើវីដេអូអរគុណសម្តេច ហ៊ុន សែន ក្រោយលោកបានទៅដល់ផ្ទះជួបជុំគ្រួសារ។ 
 
ខ្លឹមសារអំពីការសុំទោសរបស់លោក អៀ ចាន់ណា ទាំងក្នុងវីដេអូ ទាំងក្នុងលិខិត មានន័យប្រហាក់ប្រហែលគ្នា។ លោក ជម្រាមសម្តេច ហ៊ុន សែន ក្នុងលិខិតថា៖«ខ្ញុំ បាទសូមសន្យាថា នឹងមិនប្រព្រឹត្តអំពើណាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិនោះទេ»។
 
គួរកត់សម្គល់ថា មុនលោក អៀ ចាន់ណា ការសុំទោសទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីបានចេញពីពន្ធនាគារនេះ មានអ្នកប្រឆាំងមួយចំនួន ធ្វើរួចហើយ។ ជាក់ស្តែង អ្នកគាំទ្រ២នាក់របស់លោក កឹម សុខា គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលត្រូវចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ និងធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើវីដេអូចេញពីពន្ធនាគារ សុំទោសទៅសម្តេច ហ៊ុន សែន។ មិនត្រឹមតែរួចខ្លួនពីពន្ធនាគារនោះទេ លោកទាំង២ នៅទទួលបានតំណែងជាអនុរដ្ឋលេខាធិការដូចគ្នាទៀត។ 
 
ត្រឡប់មករឿងលោក អៀ ចាន់ណា វិញ។ លោក ត្រូវចាប់ខ្លួន និងត្រូវបញ្ជូនទៅពន្ធនាគារព្រៃស កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ពេលវិលមកពីប្រទេសន័រវែស ចូលដល់ទឹកដីកម្ពុជាក្នុងរយៈពេលតែ៣-៤ថ្ងៃប៉ុណ្ណោះ។ 
 
លោក សំ សុគង់ មេធាវីរបស់លោក អៀ ចាន់ណា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗ នាពេលកន្លងមកថា លោក អៀ ចាន់ណា សម្រេចវិលមកកម្ពុជា ដើម្បីចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សភ្លើងទៀន។ លោកមេធាវី បន្តថា លោក អៀ ចាន់ណា ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ ដោយសារលោក ចូលរួមធ្វើសកម្មភាពគាំទ្រផែនការធ្វើមាតុភូមិនិវត្តរបស់អ្នកស្រី មូរ សុខហួរ អនុប្រធាន១រូបរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ២០២០។ 
 
អ្នកស្រី មូរ សុខហួរ ដាក់ផែនការធ្វើមាតុភូមិនិវត្ត បន្ទាប់ពីផែនការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មេដឹកកំពូលរបស់ក្រុមប្រឆាំង កាលពីចុងឆ្នាំ២០១៩ ត្រូវបរាជ័យ។ យ៉ាងណា ផែនការធ្វើមាតុភូមិនិវត្តិរបស់អ្នកស្រី ក៏ត្រូវបរាជ័យដែរ។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការធ្វើមាតុភូមិនិវត្តរបស់មេដឹកនាំក្រុមប្រឆាំង ថាជាផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយ ទើបអ្នកដែលពាក់ព័ន្ធនឹងផែនការនេះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ។ 
 
លោក អៀ ចាន់ណា ក៏ដូចអ្នកមាននិន្នការប្រឆាំងដទៃទៀតដែរ គឺតែងរិះគន់រដ្ឋាភិបាលកម្ពុជាពីនាយសមុទ្រ ទៅលើបញ្ហាផ្សេងៗ ដូចជា បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ជាអាទិ៍។ កាលលោកនៅក្រៅប្រទេស ការរិះគន់របស់លោក មានសកម្មភាពខ្លាំងលើបណ្តាញសង្គម៕ 
 

Tag:
 អៀ ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com