ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ប្រាប់ឲ្យអង្គការបរទេស ឈរនៅកណ្តាល
03, May 2023 , 2:00 pm        
រូបភាព
លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ប្រាប់ទៅបណ្តាអង្គការបរទេស ដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា «ឲ្យរក្សាអព្យាក្រឹត្យ» ក្នុងការបំពេញការងារ ហើយចៀសវាងការធ្វើសកម្មភាព ដែលផ្ទុយពីច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។ ការក្រើនរម្លឹករបស់លោករដ្ឋមន្រ្តីការបរទេស ធ្វើឡើងតាមរយៈសុទ្ទរកថា ដែលលោកថ្លែងក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការបរទេស នៅព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣។

 
លោក ប្រាក់ សុខុន ពញ្ញាក់ស្មារតីតំណាងអង្គការបរទេសដែលចូលរួមក្នុងកិច្ចពិគ្រោះយោបល់យ៉ាងដូច្នេះថា៖«ផលវិបាកនៃសកម្មភាពដែលមិនស្របតាមច្បាប់ អាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនយោបាយរបស់ប្រទេស [កម្ពុជា]»។ លោកប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ទៀតថា៖«អង្គការបរទេស គួរតែគោរពទៅតាមលក្ខន្តិកៈ ដែលខ្លួនបានចុះហត្ថលេខាជាមួយក្រសួងការបរទេសកម្ពុជា»។ 
 
ជាមួយគ្នានេះ លោក ប្រាក់ សុខុន ក៏បានបង្ហាញក្តីកង្វល់ផងដែរ ដោយសារអង្គការបរទេសនៅកម្ពុជា ពុំបានធ្វើរបាយការណ៍ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ដាក់ជូនទៅក្រសួងការបរទេស។ ផ្អែកតាមសុន្ទរកថារបស់លោក ក្នុងចំណោមអង្គការបរទេសទាំងអស់ដែលមាន៣៣៩អង្គការ មានអង្គការមិនដល់៥០ភាគរយនោះទេ ដែលផ្ញើរបាយការណ៍អំពីហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅក្រសួងការបរទេស។ 
 
យ៉ាងណាក៏ដោយចុះ លោកឧបនាយករដ្ឋមន្រ្តី អះអាងថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរក្សាកិច្ចសន្ទនាជាមួយអង្គការបរទេសទាំងអស់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា៕ 
 

Tag:
 ប្រាក់ សុខុន
  អង្គការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com