អន្តរជាតិ
វិមានក្រេមឡាំង ចោទអ៊ុយក្រែនព្យាយាមធ្វើឃាតលោកពូទីន
04, May 2023 , 11:11 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
រុស្ស៊ី នៅថ្ងៃទី៣ ខែឧសភា បានចោទអ៊ុយក្រែន ប៉ុនប៉ងធ្វើឃាតលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងការវាយប្រហារដ្រូនលើប៉មវិមានក្រេមឡាំង។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការវាយប្រហារនោះ ហើយអះអាងថា ខ្លួនគិតតែពីការការពារដែនដីរបស់ខ្លួនប៉ុណ្ណោះ។

 
រដ្ឋាភិបាលក្រុងមូស្គូ នៅថ្ងៃទី៣ ខែឧសភា បានអះអាងថា ដ្រូនចំនួនពីរគ្រឿង ត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើនិវេសនដ្ឋានរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងវិមានក្រេមឡាំង។ យ៉ាងណាមិញ ដ្រូនទាំងនោះ ត្រូវបានបង្អាក់ដោយប្រព័ន្ធការពារអេឡិចត្រូនិច។
 
«ដោយលទ្ធផលនៃចំណាត់ការទាន់ពេលវេលារបស់យោធា និងទីភ្នាក់ងារពិសេស ជាមួយការប្រើប្រាស់ប្រព័ន្ធសង្រ្គាម ឧបករណ៍ទាំងនោះ ត្រូវបានទម្លាក់ចោល»។ វិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៣ ខែឧសភា ដោយចាត់ទុកសកម្មភាពនេះ ជាគម្រោងរបស់ក្រុមភេរវករ និងប៉ុនប៉ងវាយប្រហារលើជីវិតរបស់ប្រធានាធិបតីក្នុងទិវាជ័យជម្នះ ដែលគ្រោងរៀបចំនៅថ្ងៃទី៩ ខែឧសភាខាងមុខ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ រុស្ស៊ី បានព្រមានចាត់វិធានការសងសឹក នៅពេលណាកាលៈទេសៈតម្រូវ។ ទន្ទឹមនេះ វាគ្មានការបំផ្លាញ ឬការរងរបួសណាមួយឡើយក្នុងវិមានក្រេមឡាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែកលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏មានសុវត្ថិភាពដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA លោកពូទីន មិននៅវិមានក្រេមឡាំងឡើយ ដោយលោកស្នាក់នៅនិវេសនដ្ឋាន Novo Ogaryovo ក្រៅទីក្រុងមូស្គូ។ 
 
ស្របគ្នានេះ លោកDmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានថា ឧបទ្ទវហេតុនេះ បានជំរុញឱ្យរុស្ស៊ី ត្រូវតែបំបាត់វត្តមានរបស់លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបក្សពួក។ 
 
ក្រោយការវាយប្រហារដ្រូនខាងលើ លោក ហ្សេលេនស្គី នៅក្នុងសន្និសីទសារព័ត៌មានមួយនៅហ្វាំងឡង់ បាននិយាយការពារថា រដ្ឋាភិបាលក្រុងកៀវ គ្មានកិច្ចការអ្វីត្រូវធ្វើក្នុងឧប្បទ្ទវហេតុនៅកណ្តាលយប់នោះឡើយ។ បើតាមប្រធានាធិបតីអ៊ុយក្រែន ក្រុងកៀវ មិនបានវាយប្រហារលើលោកពូទីននោះទេ ក្រុងកៀវ កំពុងជាប់ដៃការពារដែនដីរបស់ខ្លួន ដែលរងការឈ្លានពានប៉ុណ្ណោះ។ 
 
ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់រុស្ស៊ីលើវិមានក្រេមឡាំង អ៊ុយក្រែន ត្រូវបានរាយការណ៍ពីការផ្តល់ភាពអាសន្នលើការវាយប្រហារផ្លូវអាកាស នៅក្នុងក្រុងកៀវ និងក្រុងផ្សេងទៀតរបស់អ៊ុយក្រែន៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com