ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំឡាវ មើលឃើញថា ទំនាក់ទំនងកម្ពុជា-ឡាវ ឈានដល់កម្រិតកំពូល
04, May 2023 , 3:40 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលួន ស៊ីសូលីត នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលួន ស៊ីសូលីត នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
«ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល»។ នេះជាប្រសាសន៍របស់លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។


 
លោក ថងលួន ស៊ីសូលីត លើកឡើងថា អ្វីដែលកម្ពុជា-ឡាវ ត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឲ្យទំនាក់ទំនងនេះ ឈានឡើងមួយកម្រិតទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត។ សម្តេច ហ៊ុន សែន ឯកភាពជាមួយលោក ថងលួន ស៊ីសូលីត លើទំនាក់ទំនងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ 
 
លោក ថងលួន ស៊ីសូលីត នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី៥ ខែឧសភា។ ប្រធានរដ្ឋឡាវ បង្ហាញជំនឿនៅមុខសម្តេច ហ៊ុន សែន ថា កម្ពុជា នឹងទទួលបានមេដៃមាសច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ 
 
លោក បានអរគុណសម្តេច ហ៊ុន សែន ដែលអញ្ជើញលោកឲ្យចូលរួមក្នុងពិធីបើកពិធីកីឡាស៊ីហ្គេមនៅកម្ពុជា។ សម្តេច បានអរគុណលោកវិញ ដែលបានទទួលការអញ្ជើញនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ 
 
មុនជួបសម្តេចនាយករដ្ឋមន្រ្តី ប្រធានរដ្ឋឡាវ បានចូលគាល់ព្រះមហាក្សត្រកម្ពុជា។ លោក បានដឹកនាំគណៈប្រតិភូឡាវ មកដល់កម្ពុជាក្នុងថ្ងៃទី៤ ខែឧសភានេះ ហើយនឹងត្រូវបញ្ចប់ទស្សនកិច្ចនេះ នៅថ្ងៃទី៦ ខែឧសភា៕ 
 

Tag:
 កម្ពុជា-ឡាវ
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com