ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សកែទម្រង់កម្ពុជា មិនចូលរួមបោះឆ្នោត​ ព្រោះមិនចង់ឲ្យបែកអាសនៈ
04, May 2023 , 10:29 pm        
រូបភាព
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកែទម្រង់កម្ពុជា នាំគ្នាលើកស្លាកគណបក្សនៅទីតាំង១កន្លែង ក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០២១។ រូបពីហ្វេសប៊ុក៖ Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកែទម្រង់កម្ពុជា នាំគ្នាលើកស្លាកគណបក្សនៅទីតាំង១កន្លែង ក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០២១។ រូបពីហ្វេសប៊ុក៖ Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន
ដោយ៖ ទេពញាណ 

គណបក្សកែទម្រង់កម្ពុជា ជាគណបក្ស១ ដែលកើតចេញពីអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ សម្រេចមិនចូលរួមប្រកួត​ប្រជែងក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកែទម្រង់កម្ពុជា ដែលចេញនៅថ្ងៃទី៤ឧសភានេះ។ 
 
មូលហេតុធំៗ២ ដែលនាំឲ្យគណបក្សកែទម្រង់កម្ពុជា បោះបង់ការប្រកួតប្រជែង គឺទី១ ដោយសារយល់ថា ស្ថានភាពមិនទាន់អនុគ្រោះឲ្យខ្លួនអាចចូលរួមប្រកួតប្រជែងបានពេញលេញ និងទី២ ដោយសារយល់ថា ការចូលរួមប្រកួតប្រជែងរបស់ខ្លួន អាចធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោត ដែលគណបក្សប្រជាធិបតេយ្យផ្សេងទៀត ត្រូវទទួលបាន។
 
លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សេចក្តីប្រកាសព័ត៌មាននេះ គឺជាការពិត។ លោក មានប្រសាសន៍ដូច្នេះថា៖«[ការមិនចូលរួមបោះឆ្នោតនេះ] យើង គ្មានស្តាយអីទេ»។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន គណបក្សកែទម្រង់កម្ពុជា បានអំពាវនាវឲ្យអ្នកគាំទ្រខ្លួន បោះឆ្នោតជូនគណបក្សណាដែលពួកគេស្រឡាញ់។ គណបក្សកែទម្រង់កម្ពុជា ប្រកាសថា ខ្លួនបង្កើតឡើង ដើម្បីចូលរួមដំណើរការប្រជាធិបតេយ្យរយៈពេលយូរ និងត្រួសត្រាយផ្លូវប្រជាធិបតេយ្យសម្រាប់យុវជនបន្តវេន។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ៤ឧសភានេះ មានគណបក្សជិត១០ហើយ ដែលបានទៅចុះឈ្មោះ និងដាក់បេក្ខជននៅ គ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ គណបក្ស ដែលបានចុះឈ្មោះទាំងនោះ មានដូចជា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គណបក្សយុវជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា ជាដើម។     
 
ដោយឡែក គណបក្សភ្លើងទៀន ដែលត្រូវគេចាត់ទុកជាគណបក្សដ៏លេចធ្លោក្នុងចំណោមគណបក្សជំទាស់ នៅមិនទាន់ទៅចុះឈ្មោះនៅគ.ជ.បនៅឡើយទេ។ ការចុះឈ្មោះចូលរួមប្រកួតប្រជែងនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ២៤មេសា ដល់ថ្ងៃ៨ឧសភា៕  
 

Tag:
 បក្សកែទម្រង់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com