អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន អំពាវនាវជាថ្មីលើការបង្កើតរសន្តិភាពនៅអ៊ុយក្រែន
05, May 2023 , 12:09 pm        
រូបភាព
ប្រមុខការទូតចិន លោក ឈីន កាង នៅថ្ងៃទី៤ ខែឧសភា បានប្រាប់សមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈក្នុងការបន្តការទំនាក់ទំនង និងសម្របសម្រួលជាមួយរុស្ស៊ីដើម្បីរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា ក្រុងមូស្គូ នៅតែបន្តគោរពពីភាពចាំបាច់នៃសេចក្តីថ្លែងការណ៍គោលជំហររបស់ចិន។

 
នៅក្រៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) នៅរដ្ឋ Goa ឥណ្ឌា លោក លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងថ្ងៃទី៤ ខែឧសភា ដើម្បីជជែកពីប្រធានបទជាច្រើនក្នុងនោះមានដូចជា ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ 
 
ក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ជាថ្មីពីជំហរដ៏សំខាន់របស់ចិន ក្នុងការលើកតម្កើងកិច្ចចរចាដោយសន្តិភាព ដើម្បីសម្រេចបានដំណោះស្រាយលើវិបត្តិអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ចិន មិនធ្លាប់ហៅហេតុការណ៍នៅអ៊ុយក្រែនជាសង្រ្គាមឡើយ ដោយចាត់ទុកត្រឹមវិបត្តិប៉ុណ្ណោះ។ 
 
លោកឈីន បានប្រាប់សមភាគីរុស្ស៊ីថា ចិនមានឆន្ទៈបន្តការទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ជាការឆ្លើយតប ប្រមុខការទូតរុស្ស៊ី បានថ្លែងថា ក្រុងមូស្គូ នៅតែគោរពសេចក្តីថ្លែងការណ៍គោលជំហរដែលមាន១២ចំណុចរបស់ចិន ក្នុងការចូលរួមដោះស្រាយវិបត្តិនៅអ៊ុយក្រែន ហើយប្រទេសទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងភាពស្មោះត្រង់ និងការគោរព។ 
 
ស្របគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងមូស្គូ ក៏បានឯកភាពពង្រឹងលើកិច្ចសហប្រតិបត្តិការផ្សេងៗ និងជំរុញទំនាក់ទំនងទ្វេភាគីទៅកម្រិតខ្ពស់ជាងមុន រួមទាំងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការផ្តោះប្តូររវាងប្រជាជន និងប្រជាជន។ 
 
បន្ថែមពីនេះ ប្រមុខការទូតប្រទេសទាំងពីរ បានជំទាស់រាល់ទម្រង់អនុត្តរភាពនិយមទាំងអស់ និងការពារផលប្រយោជន៍រួមលើប្រទេសកំពុងអភិវឌ្ឍ និងប្រកាន់យកភាពយុត្តិធម៌ និងភាពត្រឹមត្រូវជាអន្តរជាតិ៕ 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com