អន្តរជាតិ
លោកមហាធៀ ដាក់ពាក្យបណ្តឹងទាមទារសំណងជាង ៣៣លានដុល្លារពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
05, May 2023 , 4:19 pm        
រូបភាព
លោក មហាម៉ាត់ មហាធៀ អតីតមេដឹកនាំម៉ាឡេស៊ី។ រូបភាព AFP
លោក មហាម៉ាត់ មហាធៀ អតីតមេដឹកនាំម៉ាឡេស៊ី។ រូបភាព AFP
លោក មហាម៉ាត់ មហាធៀ អតីតមេដឹកនាំម៉ាឡេស៊ី នៅថ្ងៃទី៣ ខែឧសភា បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ឈ្មោះទាមទារសំណង ៣៣,៨លានដុល្លារពីលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បន្ទាប់ពីចោទលើរូបលោកជុំវិញបញ្ហាអំពើពុករលួយ ។



ក្រោយមិនមានដកពាក្យចោទលើរូបលោកជុំវិញបញ្ហាអំពើពុករលួយ និងការសុំទោសជាសាធារណៈ លោក  មហា​ធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី៣ ខែឧសភា បានសម្រេចដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដោយទាមទារសំណង ៣៣,៨លានដុល្លារ។ ពាក្យបណ្តឹងត្រូវបានដាក់ទៅតុលាការ Shah Alam High Court។ 
 
នៅដើមខែមីនា លោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានរិះគន់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីមួយរូប ក្នុងសមាជជាតិពិសេសបក្សយុត្តិធម៌របស់ប្រជាជន នៅក្រុង Shah Alam។ ដោយមិនបាននិយាយចំឈ្មោះ លោកអាន់វ៉ា បានថ្លែងថា អតីតមេដឹកនាំមួយរូប ដែលកាន់តំណែងក្នុងរយៈពេល  ២២ឆ្នាំ និងមួយលើកទៀត ២២ខែ បានប្រើប្រាស់តួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និងកូនៗ។
 
ការលើកឡើងបែបនេះ គឺទំនងសំដៅដល់លោក មហាម៉ាត់ មហាធៀ អតីតមេដឹកនាំម៉ាឡេស៊ី ដោយសារធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងលើកទីពីរ ចាប់ពីឆ្នាំ២០១៨ ដល់២០២០។
 
កន្លងមក លោក មហាធៀ បានដាក់ពេលកំណត់រយៈពេល ៧ថ្ងៃ ក្នុងការដកការចោទប្រកាន់ប្រឆាំងលោកវិញ។ ប៉ុន្តែលោកអាន់វ៉ា មិនបានដកឡើយ៕ 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com