កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាឧបសគ្គស៊ីហ្គេម៖​ កម្ពុជា រំពឹងឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសាឯកត្តជនបុរស​​
05, May 2023 , 4:59 pm        
រូបភាព
ភ្នំពេញ៖ លោក ធិន វិចិត្រ អគ្គលេខាធិការកីឡាឧបសគ្គកម្ពុជា រំពឹងលើ អុល សៅហៀង ដណ្ដើមបានមេដាយសំរឹទ្ធិកីឡាឧបសគ្គ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ សៅហៀង ត្រូវប្រកួតដណ្តើមយកមេដាយសំរឹទ្ធជាមួយកី៏ឡាករឡាវ លើវិញ្ញាសា១០០ម៉ែត្រ ១២ឧបសគ្គ នៅថ្ងៃទី៦ ខែឧសភា នៅទីលាន OCIC ជ្រោយចង្វា។


 
កីឡាករ អុល សៅហៀង ដែលចូលរួមប្រកួតលើវិញ្ញាសាឯកត្តជនបុរស ១០០ម៉ែត្រ ១២ឧបសគ្គ និងក្រុមកីឡាការិនីឧបសគ្គ វិញ្ញាសាបណ្ដាក់១០០ម៉ែត្រ ១២ឧបសគ្គ បានឡើងទៅដណ្ដើមមេដាយសំរឹទ្ធិ នៃកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅទីលាន OCIC ជ្រោយចង្វារ នាថ្ងៃទី៦និងទី៧ ខែឧសភា។
 

កីឡាករ សៅហៀង ដល់គោលដៅ មុនគូប្រកួតទាំងពីរជុំ។
 
ការប្រកួតខាងលើនេះ អគ្គលេខាធិការកីឡាឧបសគ្គកម្ពុជា ដាក់ការរំពឹងលើ អុល សៅហៀង ជាងក្រុមកីឡាការិនីឧបសគ្គ។ លោកអះអាងបែបនេះ ក្រោយពីក្រុមកីឡាការិនីឧបសគ្គ វិញ្ញាសាបណ្ដាក់១០០ម៉ែត្រ ១២ឧបសគ្គ បានប្រកួតចប់។ លទ្ធផលការប្រកួតជាក្រុមរបស់កម្ពុជា ពុំទាន់មានស្មារតីក្រុមខ្ពស់នៅឡើយ បើធៀបនឹងក្រុមប្រទេសផ្សេងទៀត។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ទ៌មានថ្មីៗ លោក ធិន វិចិត្រ ពោលបែបនេះ​៖ «​យើង​សង្ឃឹម​លើ​ប្រភេទ​ឯកត្តជន​ដើម្បី​ឈ្នះ​មេដាយ​មួយ ​ព្រោះ​ស្មារតី​ក្រុម​មិន​ខ្ពស់​គ្រប់គ្រាន់​ទេ​»​។ 
 
ចំពោះលទ្ធផលយ៉ាងណា សហព័ន្ធនៅតែអាចទទួលយកបាន ដោយសារអត្តពលិកសុទ្ធតែជាកីឡាករថ្មី លើប្រភេទកីឡាថ្មី ។
 


កីឡាករ​ អុល​ សៅហៀង​ ដែលទទួលបានចំណាត់ថ្នាក់ទី៣​ ក្នុងវគ្គជម្រុះ​ វិញ្ញាសាឯកត្តជន​បុរស ១០០ម៉ែត្រ​ ១២ឧបសគ្គ​ ត្រូវឡើងទៅដណ្តើមមេដាយសំរិទ្ធិជាមួយកីឡាករឡាវ​ Deuanepheng Chandavong នៅទីតាំង​ OCIC ជ្រោយចង្វា​ ថ្ងៃទី៦ ខែឧសភា។ កីឡាករឡាវ​ Deuanepheng Chandavong បញ្ចប់ ក្នុងចំណាត់ថ្នាក់ទី៤ នៅវគ្គជម្រុះ ក្នុងចំណោម៤ប្រទេសចូលរួម ក្នុងនោះរួមមាន ម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ និងហ្វីលីពីន។ កីឡាករបុរសហ្វីលីពីនពីររូប ត្រូវឡើងប្រជែងយកមេដាយមាស។ 
 
ចំណែក ក្រុមកីឡាឧបសគ្គនារីកម្ពុជា​ វិញ្ញាសាបណ្តាក់​ ១០០ម៉ែត្រ​ ១២ឧបសគ្គ​ ទោះចាញ់ពីរជុំ ក៏នៅតែអាចឈានទៅវគ្គ៤ក្រុម​ចុងក្រោយ ដោយត្រូវប្រជែងមេដាយសំរឹទ្ធិ​ ជាមួយម៉ាឡេស៊ី​ នៅថ្ងៃទី៧​ ខែឧសភា។ ក្រុមនារីកម្ពុជាបានទៅដណ្ដើមមេដាយសំរឹទ្ធិនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងវគ្គជម្រុះ ចំណោម៤ប្រទេសចូលរួម រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ក្រុមបណ្ដាក់នារី ហ្វីលីពីន ត្រូវប្រជែងមេដាយមាស ជាមួយឥណ្ឌូណេស៊ី៕ 
 

Tag:
 កីឡាឧបសគ្គ
© រក្សាសិទ្ធិដោយ thmeythmey.com