កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា៖ តាមសមត្ថភាពអត្ដពលិក យើងជឿថានឹងដណ្ដើមយកមេដាយ
05, May 2023 , 8:19 pm        
រូបភាព
លោក សរ រិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មានជំនឿចិត្តថា អត្ដពលិកកម្ពុជា នឹងអាចដណ្ដើមបានមេដាយណាមួយសម្រាប់ជាតិ លើវិញ្ញាសាកីឡានេះ។ ប្រធានសហព័ន្ធរូបនេះ មានជំនឿចិត្តដូច្នេះ ដោយសម្អាង លើបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ  និងការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេស ការត្រៀមខ្លួនដោយសា្មរតីប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី។



នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម លោក សរ រិទ្ធិ បាននិយាយប្រាប់ថា អត្ដពលិកជម្រើសជាតិ ឆ្លងកាត់ការប្រកួតលើឆាកអន្ដរជាតិជាច្រើន ដូច្នេះអ្នកទាំងនោះមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ អាចដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

បន្ថែមជាងនេះទៀត សហព័ន្ធ ក៏បានបញ្ជូនអត្ដពលិកមួយចំនួនផងដែរ ទៅហ្វឹកហាត់នៅប្រទេសខាងក្រៅ។ ទាំងនេះហើយ ដែលធ្វើឲ្យប្រធានសហព័ន្ធរូបនេះ មានទំនុកចិត្តកាន់តែខ្លាំងលើគុណភាពរបស់អត្ដពលិកកម្ពុជា។
 
«អត្តពលិកយើង ទៅហ្វឹកហាត់នៅក្រៅប្រទេសកន្លងមក ដូចជាយើងបានបញ្ជូនអត្ដពលិក ទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ និងស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ អត្ដពលិក កម្ពុជា ក៏ដណ្ដើមបានមេដាយសំរិទ្ធ។»។ លោក សរ រិទ្ធិ បានបញ្ជាក់ប្រាប់ដូច្នេះ។
 
ថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសរូបនេះ បានបង្ហាញនូវមោទកភាពខ្លួន តាមរយៈសម្ដីយ៉ាងជឿជាក់បន្ថែមទៀតថា សហព័ន្ធ បានត្រៀមខ្លួនរួចជាស្រេ​ច ក្នុងការចូលរួមធ្វើជាម្ចាស់ផ្ទះ ហើយមិនមានអ្វីជាការព្រួយបារម្ភទេ។ នោះ ក៏ដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធកីឡា ទីលានប្រកួត និងកីឡាករ-កីឡាការិនី គឺបានរៀបចំរួចរាល់។ 
 
គួរបញ្ជាក់ថា ការប្រកួតលើប្រភេទកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីលានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា៕
 

Tag:
 សូហ្វតិន្នីស
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com