ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុ​អី​មាន​ជំងឺ​ទឹកនោម​ប្រៃ​?
13, May 2023 , 6:59 am        
រូបភាព
សព្វថ្ងៃ​នេះ​ជំងឺ​ទឹកនោមប្រៃ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ពួកគេ​ច្រើន​តែ​និយាយ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ វា​ជា​ជំងឺ​មួយ​ផ្តល់​នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ​ដល់ សិរី​រាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។

 
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ទឹកនោម​ធម្មតា​គឺ​ប្រៃ ប៉ុន្តែ​ពាក្យ​ថា​ជំងឺ​ទឹកនោមប្រៃ​នេះ​គឺ​ចង់​សម្តៅ​ទៅលើ​ជាតិ​ប្រៃ​ដោយ​សារជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ចេញ​ទៅ​តាម​ទឹកនោម​ច្រើន រហូត​ដល់​ច្រើនជាង ៣,៥​ក្រាម​ក្នុង​មួយថ្ងៃ​។ ហើយ​ជំងឺ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ពេល​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​ដោយមាន អា​ការៈហើម និង​មាន​បញ្ហា​ទៅលើ​តម្រងនោម​។​
 
​រោគសញ្ញា​
  • ​ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង​
  • ​ទឹកនោម​មាន​ពពុះ​ច្រើន នេះ​ដោយសារ​តែ​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម​ច្រើនពេក​
  • ឡើង​ទម្ងន់​ដោយសារ​តែ​ហើម​
​មូលហេតុ​
 
​ជំងឺ​ទឹកនោមប្រៃ​ច្រើន​តែ​បណ្តាលមកពី​ការខូចខាត​នូវ​ចង្កោម​សរសៃឈាម​តូច​ក្នុង​តម្រងនោម​ទាំងពីរ​របស់​អ្នក (Glomeruli)​។
​ចង្កោម​សរសៃឈាម Glomeruli ប្រៀប​ដូចជា​កញ្ច្រែង​ច្រោះ​ឈាម​របស់​អ្នក​ក្នុង​តម្រងនោម  ហើយ​វា​ក៏​ជា​សិរី​រាង្គ​សម្រាប់​បែងចែក​ថា​សារធាតុ​ណា​ត្រូវ​នៅក្នុង​ខ្លួន និង​មិន​ត្រូវ​នៅក្នុង​ខ្លួន​។ ចង្កោម​សរសៃឈាម Glomeruli ដែល​មាន​សុខភាព​ល្អ​គឺ​មិន​អាច​អោយ​ប្រូតេអ៊ីន​ចេញពី​ក្នុង​ឈាម​ទៅតាម​ទឹកនោម​បានទេ​។ នៅពេល​ចង្កោម​សរសៃឈាម Glomeruli ខូចខាត វា​នឹង​ធ្វើអោយ​ប្រូតេអ៊ីន​ក្នុង​ឈាម​លេច​ចូលទៅ​ក្នុង​ទឹកនោម​បាន និង​បង្កើត​ជា​ជំងឺ​ទឹកនោមប្រៃ​។
 
​មូលហេតុ​ដែល​អាច​កើតមាន​
 
​មាន​ជំងឺ​ជាច្រើន​អាច​បណ្តាលអោយ​ខូច​សរសៃឈាម Glomerular ក្នុង​តម្រងនោម និង​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​មានដូចជា​៖
  • ជំងឺ​ប្រែប្រួល​តិចតួច​៖ នេះ​គឺជា​ស្ថានភាព​ដែល​បណ្តាល​អោយ​កុមារ​មាន​ជំងឺ​ទឹកនោមប្រៃ​ញឹកញាប់​ជាង​គេ​បំផុត ហើយ​វា​ច្រើន​បណ្តាល​មក​ពី​មុខងារ​តម្រងនោម​មិនធម្មតា ប៉ុន្តែ​បើ​យើង​ពី​និត្យ​ទៅលើ​ជាលិកា​តម្រងនោម​តាម​មីក្រូ​ទស្សន៍​ទៅ ឃើញថា​មាន​សភាព​ធម្មតា​ទេ​។ ចំណែកឯ​មុខងារ​មិន​ធម្មតា​របស់​វា​ដល់ពេល​នេះហើយ​មិនទាន់​មាន​នរណា​រកឃើញ​នៅឡើយ​ទេ​។
  • ជំងឺ Focal Segmental Glomerulosclerosis៖ នេះ​គឺជា​ការ​កើត​ជា​សន្លាក​នៅ​លើ​សរសៃឈាម Glomeruli ដែល​វា​បណ្តាល​មក​ជំងឺ​ផ្សេង​មួយទៀត ខូច​ហ្សែ​ន ឬ​រក​មូលហេតុ​មិន​ឃើញ​។​
  • ជំងឺ Membranous Nephropathy៖ លក្ខណៈ​ជំងឺ​តម្រងនោម​ប្រភេទ​នេះ​កើតឡើង​ដោយសារតែ​ភ្នាស​របស់​សរសៃឈាម Glomeruli ទៅ​ជា​ក្រាស់​ពេក​។ ចំពោះ​មូលហេតុ​របស់​វា​គេ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ ប៉ុន្តែ​ពេលខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែរ​ដូចជា ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជំងឺគ្រុនចាញ់ ជំងឺ​ស្បែក Lupus និង​ជំងឺមហារីក​។
  • ជំងឺ​ទឹកនោម​ផ្អែម​តម្រង​នោម (Diabetic Kidney Disease)៖ ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​ធ្វើអោយ​ខូច​តម្រងនោម​បានដែរ (Diabetic Nephropathy) ដែល​វា​ប៉ះពាល់​ទៅលើ​សរសៃឈាម Glomeruli​។
  • ​ជំងឺ​ស្បែក Systemic Lupus Erythematosus៖ នេះ​គឺជា​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ដែល​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​ខូច​តម្រងនោម​ដ៏​ធ្ងន់ធ្ងរ​។
  • ជំងឺ Amyloidosis៖ ជំងឺ​ប្រភេទ​នេះ​កើតឡើង​នៅពេល​សារធាតុ​ប្រូតេអ៊ីន Amyloid កកកុញ​គ្នាច្រើន​នៅក្នុង​សិរី​រាង្គ​ក្នុងខ្លួន​។ ការកើនឡើង​នៃ​សារធាតុ Amyloid ច្រើន​តែ​ប៉ះពាល់​ទៅលើ​តម្រងនោម និង​ខូច​នូវ​ប្រព័ន្ធ​ច្រោះ​ទឹកនោម​របស់​វា​។
  • ​ឈាមកក​ក្នុង​សរសៃឈាម​វ៉ែន​តម្រងនោម​៖ កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ត​ទៅ​តម្រង អាច​នឹង​បង្ក​អោយមាន​ជំងឺ​ទឹកនោមប្រៃ​បាន​។
  • ខ្សោយបេះដូង​៖ ទម្រ​ង​នៃ​ជំងឺ​ខ្សោយតម្រងនោម​មួយចំនួន​ដូចជា រលាក​ស្រោម​បេះដូង​ប្រភេទ Constrictive Pericarditis និង​ជំងឺខ្សោយបេះដូង​ខាងស្តាំ​ធ្ងន់ធ្ងរ អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​។
​កត្តា​ប្រឈមមុខ​
 
​កត្តា​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ខ្លាំង​មានដូចជា​៖
  • ជំងឺ​ដែល​អាច​អោយ​ខូច​តម្រងនោម​បាន​៖ ជំងឺ​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​បាន​មានដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ស្បែក Lupus ជំងឺ​Amyloidosis ជំងឺ​ប្រែប្រួល​តិចតួច និង​ជំងឺ​តម្រងនោម​ផ្សេងៗ​ទៀត​។
  • ការប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​មាន ថ្នាំ Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​សម្លាប់​មេរោគ​។
  • ​ជំងឺឆ្លង​មួយចំនួន​ដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ជំងឺគ្រុនចាញ់​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com