ជាតិ
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ
13, May 2023 , 8:00 am        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នៅដើមខែមិថុនា។ ពិព័រណ៍នេះធ្វើឡើងក្នុងទិសដៅ លើកស្ទួយផលិតផលក្នុងស្រុក នឹងដោះដូរទំនិញឆ្លងកាត់ព្រំដែន ឲ្យកាន់តែទូលំទូលាយ និងផុសផុលឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។



យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កម្មវិធីនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១-៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូរព្រំដែនកម្ពុជា(ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
 
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូរព្រំដែនកម្ពុជា(ផ្សារដារ)  ឱ្យមានសកម្មភាពអាជីវកម្មផុសផុលឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ និងលើកស្ទួយផលិតផលខ្មែរ ឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។  ពិព័រណ៍នេះរៀបចំឡើងដើម្បីឱ្យវិនិយោគិន និងអាជីវករក្នុងស្រុក មានឱកាសជួបជាមួយវិនិយោគិនវៀតណាម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នឹងទំនាក់ទំនងគ្នា ក្នុងការវិនិយោគ។
 
ចំពោះសាធារណជន ដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នេះ ឬមានគម្រោងផ្លាស់ប្ដូរអាជីវកម្មជាមួយដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម  អាជីវករ ពាណិជ្ជករ ផលិតករ និងសមាគមអាជីវកម្ម គឺអាចទៅបំពេញបែបបទនៅក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី២១ ខែឧសភា ៕

Tag:
 ពាណិជ្ជកម្ម
  ពិព័រផ្សារណាត់
© រក្សាសិទ្ធិដោយ thmeythmey.com