ជាតិ
សេដ្ឋកិច្ច
លោក សោម ពិសិដ្ឋ៖ ធនាគារក្ដាមសេះ ជួយបង្កើនធនធានធម្មជាតិតាមតម្រូវការទីផ្សារ
13, May 2023 , 8:59 am        
រូបភាព
ដោយ:
កែប៖ ធនាគារក្ដាមសេះ ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងជួយបង្កើនធនធានធម្មជាតិតាមតម្រូវការទីផ្សារក្នុងស្រុក ហើយជួយកាត់បន្ថយការឡើងថ្លៃទំនិញខ្ពស់លើទីផ្សារផងដែរ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនៅក្នុងសន្និសីទស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែឧសភា។



លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ធនាគារក្ដាមសេះ បានជួយកាត់បន្ថយការប្រើប្រាស់ ការចាប់ក្ដាមនេសាទដោយធម្មជាតិ។ ធនាគារនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់កូនក្ដាមរាប់លានកូន ដើម្បីយកទៅលែងក្នុងកាឆាំង បែ ឬសំណាញ់ ដែលគេហៅថាជាធនាគារក្ដាមសេះ។
  
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ រូបភាព៖ អ្នកនាំពាក្យរដ្ឋាភិបាល

អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា៖«ក្ដាមដែលបានទិញពីអ្នកនេសាទ លែង៦ថ្ងៃ ទៅ៧ថ្ងៃ ពងក្ដាម ញាស់ពីក្រហម ទៅខ្មៅ បន្ទាប់មកកូនក្ដាម នឹងធ្លាក់ទៅក្នុងទឹករាប់សែនរាប់លាន ក្បាល។ វានឹងហែលទៅរកទឹកសមុទ្រជ្រៅ ទីតាំងដែលមានស្មៅសមុទ្រ ហើយមេវា គេអាចយកទៅប្រើប្រាស់ ឬចម្អិនបរិភោគបាន»។
 
លោក សោម ពិសិដ្ឋ បន្តថា ការកើតឡើងនៃធនាគារក្ដាមនេះ ដោយសារមានការសហការ ជាមួយប្រជានេសាទ និងអង្គការដៃគូ ដែលបានគាំទ្រថវិកាក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូង ក្នុងតម្លៃសមរម្យយកមកភ្ញាស់ រួចលែងកូនក្ដាមទាំងនោះ ទៅក្នុងសមុទ្រវិញ។
 
បច្ចុប្បន្ន ក្ដាមធម្មជាតិ កើតមិនទាន់អ្នកនេសាទ ឬតម្រូវការទីផ្សារនោះទេ ព្រោះដោយសារមានកត្កាបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យធនធានធម្មជាតិថយចុះ។ មួយទៀត គឺជាកត្តាមនុស្ស ដែលបាននេសាទ ប្រើម៉ងក្រឡាតូច ក្រឡាធំ ធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងមច្ឆាជាតិជាដើម។ នេះបើតាមលោក ពិសិដ្ឋ អភិបាលខេត្តកែប។
 
លោក សោម ពិសិដ្ឋ បានបន្ថែមថា មិនមែនមានតែធនាគារក្ដាមសេះនោះទេ គឺមានទាំង ត្រី បង្កា បង្គានិងក្ដាមថ្មជាដើម ដែលអាជ្ញាធរត្រូវជំរុញឱ្យធ្វើវារីវប្បកម្ម ដើម្បីអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក និងជួយទប់ស្កាត់ការឡើងថ្លៃទំនិញ ដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់៕
 

Tag:
 ធនាគារក្ដាមសេះ
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com