កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាប្រណាំងកង់នៅតំបន់អង្គរ បញ្ចប់ដោយជោគជ័យ នឹងមាវាយតម្លៃខ្ពស់ពីអន្តរជាតិ
13, May 2023 , 3:18 pm        
រូបភាព
សៀមរាប៖ កីឡាប្រណាំងកង់គួកនៅតំបន់អង្គរបានបញ្ចប់ហើយ ក្រោយប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ឧសភា។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យគួរជាទីមោទន ក្នុងនោះគណៈកម្មការ អន្ដរជាតិ ក៏ដូចជាប្រទេសដែលបានចូលរួម បានកោតសរសើរចំពោះការរៀបចំ ទាំងបច្ចេកទេសរៀបចំ ការបដិសណ្ឋារកិច្ច ពិសេសទីតាំងនៅតំបន់អង្គរ ដែលមានលក្ខណៈស្ដង់ដាអន្ដរជាតិ។

 
បើតាមការបញ្ជាក់ពីលោក នូ ចំរើន កំឡុងពេលប្រណាំងកង់រយៈពេលបីថ្ងៃនៅតំបន់អង្គរ ពុំមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អត្តពលិកនោះទេ តែមានការរំខានពីអាកាសធាតុបន្ដិចបន្ដួច ដូចជា ក្ដៅខ្លាំង និងមានភ្លៀងធ្លាក់បន្ដិច។ ចំពោះអត្តពលិកកម្ពុជាដែលបានចូលរួមក្នុងការប្រកួតនេះវិញ លោកអគ្គលេខាធិការយល់ថា បច្ចេកទេសនៅមានកម្រិតបើធៀបនឹងអត្តពលិកពីបណ្ដាប្រទេសដទៃ​ទៀត។ លោកបន្ថែមថា៖« យើងនឹងខិតខំបង្កើន និងកែទម្រង់ចំណុចខ្វះខាត ក្រោយចប់ស៊ីហ្គេម»។
 


ចំពោះវិញ្ញាសាប្រណាំងកង់គួកនេះ មានប្រទេសចំនួន៨ចូលរួម ក្នុងនោះអវត្តមានប្រទេសមីយ៉ាន់ម៉ា ព្រុយណេ និងទីម័រខាងកើត។ 
 
បន្ថែមពីនេះ លោក នូ ចំរើន ក៏បានអរគុណចំពោះរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលសហការចូលរួមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលនេះទទួល បានជោគជ័យ។ លោកបន្តថា មានការវាយតម្លៃពីគណៈកម្មការអន្ដរជាតិ ក៏ដូចជាប្រទេសដែលបាន ចូលរួម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំព្រឹត្តិការណ៍នេះល្អប្រសើរ។ ក្នុងនោះ ក៏មានការវាយតម្លៃថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាខ្នាតអន្ដរជាតិនាពេលខាងមុខផងដែរ។
 
ទាក់ទងនឹងកីឡាប្រណាំងកង់នេះដែរ នៅខែមករា ឆ្នាំ២០២៤ កម្ពុជាសហការជាមួយក្លឹបឆ្នេរសមុទ្រ ពិភពលោក នឹងរៀបចំការប្រណាំងកង់លើកទី២ ក្រោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩ផងដែរ។ លោក នូ ចំរើន រំពឹងថា ព្រឹត្តិការណ៍កីឡានេះនឹងមានក្លឹបអាជីព និងក្លឹបជម្រើសជាតិយ៉ាងហោច៤០ ចូលរួម៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com