ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមានវិធានការច្បាប់លើបក្សភ្លើងទៀន ដែលអំពាវឱ្យមានការប្រមូលផ្ដុំប្រឆាំងគ.ជ.ប
13, May 2023 , 4:52 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់លើគណបក្សភ្លើងទៀន ដែលអំពាវនាវឱ្យមានការប្រមូលផ្ដុំប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើករណីស្ថាប័នជាតិមួយនេះ មិនចុះបញ្ជីគណបក្សខ្លួន សម្រាប់ការបោះឆ្នោតអាណត្តិទី៧ ខាងមុខ។



«មេដឹកនាំ(បក្សភ្លើងទៀន) ល្ងង់ ខ្ជីខ្ជា និងចូលចិត្តទម្លាក់កំហុសដាក់អ្នកដទៃ»។ សម្ដេច ហ៊ុន សែន ប្រើពាក្យសម្ដីបែបនេះ ទៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលអំពាវនាវឱ្យពលរដ្ឋចូលរួមសកម្មភាពជាមួយខ្លួន ក្នុងការតវ៉ាប្រឆាំងនឹងគ.ជ.ប។ 
 
មូលហេតុដែលសម្ដេច ប្រើភាសាគ្រោតគ្រាតបែបនេះ ដោយសារតែគណបក្សភ្លើងទៀន ប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ ឧសភា ថា បក្សខ្លួន នឹងចុះបញ្ជីឈ្មោះបោះឆ្នោតអាណត្តិទី៧នេះ នៅគ.ជ.ប នាម៉ោង៣រសៀល ថ្ងៃទី១៣ ឧសភានេះ។
   
ចំពោះការចុះបញ្ជីនេះ មិនទាន់មានការសម្រេចបែបណាពីខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ ស្រាប់តែក្នុងលិខិតដដែលនោះ ប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយបក្សភ្លើងទៀន ប្រឆាំងនឹងគ.ជ.ប ក្នុងករណីបដិសេធលើសំណើបក្សខ្លួន។ ត្រង់នេះហើយ ទើបជាឱកាសឱ្យសម្ដេច ហ៊ុន សែន វាយតម្លៃថា ថ្នាក់ដឹកនាំគណបក្សនេះ មិនយល់ពីច្បាប់ ហើយបង្កើតបង្កបញ្ហាសណ្ដាប់នៅក្នុងសង្គម។

តាមរយៈសារសំឡេងជាង៨នាទី នាថ្ងៃទី១៣ ឧសភានេះ ប្រមុខរដ្ឋាភិបាល បានថ្លែងថា៖«បើទោះជាចុះឈ្មោះបាន ឬមិនបាន សូមបងប្អូន(ប្រជាពលរដ្ឋ) កុំចាញ់បោក មកជាប់គុក ឬស្លាប់ជំនួសឱ្យមេដឹកនាំ។ ខ្ញុំសូមអំពាវនាវពលរដ្ឋកុំចូលរួមសកម្មភាពណាមួយ ជាមួយគណបក្សភ្លើងទៀនឱ្យសោះ»។
 
សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំឱ្យមានការប្រមូលផ្ដុំគ្រប់ភាពណាមួយ ដែលនាំឱ្យបង្កបញ្ហាចលាចលក្នុងសង្គម ដែលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ស្របពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ឡើយ។ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ដែលមានការទទួលខុសត្រូវ ត្រូវមានការត្រៀមបម្រុងខ្លួន ដើម្បីចាប់យកក្បាលម៉ាស៊ីនទាំងអស់ ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រឆាំង កៀបសង្កត់សណ្ដាប់ធ្នាប់សាធារណៈ ដែលកំពុងប្រព្រឹត្តទៅ។ យើងមិនអាចអត់ឱនឱ្យបាន ជាមួយនឹងទង្វើគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនបានទេ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ព្រមានថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលហ៊ានធ្វើសកម្មភាពបំផ្លាញមុខមាត់កម្ពុជា ដែលកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយរលូន និងល្អប្រសើរនេះ។
 





សម្ដេច ហ៊ុន សែន បន្ថែមថា បើទោះជាគ.ជ.ប សម្រេច ឬមិនសម្រេចចុះបញ្ជីឱ្យគណបក្សភ្លើងទៀនក្តី ក៏ប្រឆាំងមួយនេះ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ដែរ ពោលគឺគណបក្សភ្លើងទៀន ត្រូវប្ដឹងជំទាស់ការសម្រេចរបស់ គ.ជ.ប ទៅអង្គក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីតវ៉ាលើករណីនេះសិន ដោយមិនត្រូវប្រមូលផ្ដុំតវ៉ានោះទេ។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការអំពាវនាវរបស់បក្សភ្លើងទៀន ឱ្យមានការប្រមូលផ្ដុំតវ៉ានេះ ជាសកម្មភាពធ្វើជ្រុលមួយជំហានមុន ស្របពេលកម្ពុជា កំពុងបង្ហាញមុខមាត់តាមរយៈស៊ីហ្គេម ទៅឆាកអន្តរជាតិ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដើម្បីសាកសួរជុំវិញករណីការចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន បាននៅឡើយទេ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com