អន្តរជាតិ
អាម៉េរិក សម្លឹងឃើញលទ្ធភាពប្រើមូលដ្ឋានអាកាសនិងកំពង់ផែរបស់ប៉ាពូអាស៊ីនូវែលហ្គីណេ
14, May 2023 , 7:39 pm        
រូបភាព
អាម៉េរិក កំពុងសម្លឹងមើលលទ្ធភាពចុះកិច្ចព្រមព្រៀងជាមួយប៉ាពូអាស៊ីនូវែលហ្គីណេដើម្បីប្រើប្រាស់មូលដ្ឋានអាកាស និងជើងទឹករបស់ប្រទេសនេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនប្រជែងឥទ្ធិពលក្នុងតំបន់ជាមួយទីក្រុងប៉េកាំង។

 
បើតាមសារព័ត៌មាន Nikkei Asia អាម៉េរិក និងប៉ាពូអាស៊ីនូវែលហ្គីណេ ស្ថិតលើផ្លូវឈានដល់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងខែឧសភានេះ។ កិច្ចព្រមព្រៀងនេះ អាចអនុញ្ញាតឱ្យយោធាអាម៉េរិកចូលប្រើប្រាស់អាកាសយានដ្ឋាន និងកំពង់ផែរបស់ប៉ាពូអាស៊ីនូវែលហ្គីណេបាន។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏នឹងធ្វើទស្សនកិច្ចលើកដំបូងនៅប្រទេសនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G7 នៅជប៉ុន។ តាមគម្រោង លោក​ បៃឌិន នឹងជួបនាយករដ្ឋមន្រ្តី James Marape និងមេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកជាច្រើនទៀត ដោយផ្ដោតលើវិធីសាស្រ្តពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមសំខាន់ចំពោះតំបន់ និងអាម៉េរិក។
 
កិច្ចព្រមព្រៀងការពារជាតិ ទំនងជានឹងត្រូវចុះហត្ថលេខាអំឡុងទស្សនកិច្ចរបស់លោក​ បៃឌិន តែម្ដង។ ក្រោមកិច្ចព្រមព្រៀង យោធាអាម៉េរិកអាចប្រើប្រាស់មជ្ឈមណ្ឌល និងទីតាំងមួយចំនួនដែលភាគីទាំង២ ឯកភាពគ្នា។ អាម៉េរិក ក៏នឹងដឹកជញ្ជូនគ្រឿងបរិក្ខារចាំបាច់ទៅកាន់ទីតាំងដែលកំណត់ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។
 
ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយអាម៉េរិកបង្កើនវត្តមានក្នុងតំបន់ចំពេលដែលទីក្រុងប៉េកាំងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនោះ។ ចិនក៏បានចុះកិច្ចព្រមព្រៀងជាមួយកោះសូឡូម៉ុន ដែលបង្កឱ្យមានក្ដីបារម្ភពីវត្តមានរបស់យោធាចិនក្នុងតំបន់ប៉ាស៊ីហ្វិក៕
 
 

Tag:
 អាម៉េរិក
  ប៉ាពូអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com