អន្តរជាតិ
រដ្ឋាភិបាលនូវែលសេឡង់ ត្រៀមលុយ៧២០លានដុល្លារដើម្បីស្ដារប្រទេសពីព្យុះនិងទឹកជំនន់
14, May 2023 , 8:59 pm        
រូបភាព
រដ្ឋាភិបាលនូវែលសេឡង់ប្រកាសនៅថ្ងៃទី១៤ ខែឧសភាថា ខ្លួនកៀរគរលុយប្រមាណ៧២០លានដុល្លារដើម្បីស្ដារប្រទេសពីផលប៉ះពាល់បង្កដោយព្យុះស៊ីក្លូន និងទឹកជំនន់ដែលបានវាយប្រហារប្រទេសនេះ។

 
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន រដ្ឋាភិបាលនូវែលសេឡង់បញ្ជាក់ថា កញ្ចប់លុយដែលដកចេញពីថវិកាជាតិ នឹងចែកជាពីរដំណាក់កាល់ ហើយនឹងគ្រប់ដណ្ដប់លើការសាងសង់សាលារៀន ផ្លូវ ផ្លូវដែក និងការការពារទឹកជំនន់។ នាយករដ្ឋមន្រ្តី គ្រីស ហ៊ីបគីន និយាយក្នុងសេចក្ដីថ្លែងការណ៍ថា កញ្ចប់ស្ដារឡើងវិញ ជាការឆ្លើយតបតម្រូវស្ដារប្រទេសឡើងវិញជាបន្ទាន់ ក៏ដូចជាការវិនិយោគសម្រាប់អនាគតដែលធន់ជាងមុន។
 
កាលពីខែកុម្ភៈ ព្យុះ  Gabrielle បានវាយប្រហារតំបន់ North Island ដោយសម្លាប់មនុស្ស១១នាក់។ មុននោះមួយខែ ទីក្រុងធំជាងគេរបស់ប្រទេស Auckland ក៏រងទឹកភ្លៀងក្នុងកម្រិតខ្ពស់មិនធ្លាប់មានថែមទៀត។ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលនូវែលសេឡង់ ផលប៉ះពាល់មានទំហំដល់រាប់សិបពាន់លានដុល្លារ ដែលធ្ងន់ធ្ងរជាងគ្រោះរញ្ជួយដីវាយប្រហារទីក្រុង Christchurch ទៅទៀត។
 
ទន្ទឹមនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាលនូវែលសេឡង់ នឹងមិនបង្កើនការយកពន្ធដើម្បីយកប្រាក់ទៅវិនិយោគក្នុងការស្តារឡើងវិញឡើយ។
 
បន្ថែមពីលើការស្ដារឡើងវិញ កញ្ចប់ថវិកានេះ ក៏នឹងគាំទ្រដល់ការថែទាំងផ្លូវចិត្តកុមារក្នុងតំបន់ដែលគ្រោះដោយព្យុះ Gabrielle នៅ Hawkes Bay និងTairawhiti ការហ្វឹកហាត់ការងារ និងការបង្កើនសមត្ថភាពទប់ទល់ទឹកជំនន់៕
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com