កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ពីភ្នំគូលែន កីឡាករប្រណាំងកង់ ឃីម ម៉េងឡុង នាំមេដាយប្រាក់១ សំរឹទ្ធ១ជូនជាតិ កីឡាករ ឃឹម ម៉េងឡុង នាពេលឡើងទទួលមេដាយសំរឹទ្ធដែលបំពាក់ដោយលោកអភិបាលខេត្តសៀមរាប ទៀ សីហា។ រូបថត ស៊ុល រ៉វី
× ការប្រកួតកីឡាប្រណាំងកង់ភ្នំ នៅភ្នំគូលែន និងកង់គួកនៅតំបន់អង្គរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា បានបញ្ចប់ជាមួយនឹងជ័យជម្នះដ៏ធំធេងរបស់ក្រុមឥណ្ឌូណេស៊ី ប៉ុន្តែជាមួយគ្នានេះ កម្ពុជាក៏ទទួលបានកំណត់ត្រាថ្មីជាមួយនឹងការដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១ផងដែរ។ អរគុណ កីឡាករ ឃីម ម៉េងឡុង!
ក្នុងវិញ្ញាសាប្រណាំងកង់ភ្នំ Mountain Bike Elminate ម៉េងឡុង ទទួលបានមេដាយប្រាក់ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីកីឡាករថៃ Methasit Boonsane តែនាំមុខកីឡាករឥណ្ឌូណេស៊ី Ihza Muhammad និងកីឡាករម៉ាឡេស៊ី Zulfikri Zulkifli។
ចំណែកមេដាយសំរឹទ្ធវិញ ម៉េងឡុង បានលើវិញ្ញាសាប្រណាំងកង់ភ្នំ Mountain Bike Cross-Country Olympic ដោយប្រើឋិរវេលា ០១:១៥:0៦.០០០ ក្នុងចំណោមកីឡាករប្រកួតប្រជែង២០រូប។ មេដាយមាស និងប្រាក់បានលើកីឡាករឥណ្ឌូណេស៊ី ដោយ Feri Yudoyono ប្រើឋិរវេលា ០១:១៣:៥១.០០០ និង Zaenal Fanani ចំណាយពេល ០១:១៥:៥៣.០០០។
រីឯការប្រកួត៧វិញ្ញាសាទៀត ដែលរៀបចំជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ កីឡាករ-កីឡាការិនីកម្ពុជា មិនទទួលបានមេដាយនោះឡើយ ភាគច្រើនជ័យជម្នះបានទៅលើអត្តពលិកឥណ្ឌូណេស៊ី។
ក្នុងការប្រកួតប្រជែង៩វិញ្ញាសានៃប្រភេទកីឡាប្រណាំងកង់ ឥណ្ឌូណេស៊ី ឈ្នះមេដាយមាសរហូតដល់ទៅ៥ មេដាយប្រាក់២ និងសំរឹទ្ធ១។ ថៃស្ថិតនៅលេខ២ ដោយឈ្នះមេដាយមាស២ ប្រាក់២ សំរឹទ្ធ២, ម៉ាឡេស៊ី ឈ្នះមេដាយមាស១ ប្រាក់១, វៀតណាម បានមាស១ ប្រាក់១។
ហ្វីលីពីនស្ថិតនៅលេខ៥ ដោយឈ្នះមេដាយប្រាក់១ សំរឹទ្ធ៣ ខណៈម្ចាស់ផ្ទះកម្ពុជា បានប្រាក់១ សំរឹទ្ធ១ ដែលរកបានដោយកីឡាករ ឃឹម ម៉េងឡុង តែម្នាក់ឯង។
រាយការណ៍បន្ថែមដោយ ស៊ុល រ៉វី, អ៊ីសា រ៉ហានី និងគី ចំណា
© រក្សាសិទ្ធិដោយ thmeythmey.com