ជាតិ
ជាតិស្ករនៅក្នុងចំណីអាហារខ្លះដែលលោកអ្នកមិនបានគិតដល់
15, May 2023 , 2:36 pm        
រូបភាព
លោកអ្នកមួយចំនួន បរិភោគបាយជាមួយនឹងសម្លស្ងោរត្រាវ ដោយត្រឹមតែគិតថា ត្រាវជាបន្លែ។ ប៉ុន្តែ តាមពិត ត្រាវក៏មានជាតិស្ករ។ បងប្អូនខ្លះ ចូលចិត្តបរិភោគ ដំឡូងឆឹងស្ករ ដែលដំឡូង ក៏មានជាតិស្ករច្រើនដែរ។

 
ការស្វែងយល់អំពីជាតិស្ករនៅក្នុងអាហារ ពិតជាមានសារសំខាន់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃបច្ចុប្បន្ននេះ។ អត្រានៃកំណើនអ្នកជំងឺទឹកនោមផ្អែមនៅក្នុងពិភពលោក គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ។
 
ពលរដ្ឋខ្មែរទូទៅចាប់អារម្មណ៍តែពាក្យថា «ស្ករ» ប៉ុណ្ណោះ ដើម្បីបង្ការខ្លួនពីជំងឺទឹកនោមផ្អែម ឬការកើនឡើងជាតិស្ករក្នុងឈាម។ តាមពិតពួកគេ គួរពង្រីកការពិចារណារហូតដល់ពាក្យ សារជាតិផ្អែម ដែលអាចធ្វើឱ្យពួកគេគិតទៅដល់ចំណីអាហារជាច្រើនទៀត ដែលពួកគេត្រូវប្រុងប្រយ័ត្ន។ 
 
សារជាតិផ្អែម មាន៣ទម្រង់៖
១- ទម្រង់ធម្មតា (Sugar)៖ រួមមាន ស្ករស, ទឹកឃ្មុំ, ស្ករក្នុងផ្លែឈើ (Fructose), ស្ករក្នុងទឹកដោះ(Galactose) ។ល។ មនុស្សជាច្រើនបានស្គាល់អំពីសារជាតិផ្អែមប្រភេទនេះ។ 
 
២- ទម្រង់ម្សៅ «Starch»៖ អាហារធ្វើចេញពីម្សៅដូចជា បាយ មី មីសួរ ត្រាវ តំទ្បូង ។ល។ មនុស្សជាច្រើនមិនបានដឹងចាប់អារម្មណ៍ថា អាហារទាំងនេះក៏មានសារជាតិផ្អែម ឬស្ករ ដែរ។ ពួកគេយកបន្លែទាំងនេះ ធ្វើជាម្ហូប ដើម្បីបរិភោគជាមួយនឹងបាយ។ ហើយពេលខ្លះ ពួកគេបរិភោគយ៉ាងច្រើនទៀតផង។ 
 
៣- ជាតិសសៃ «Fiber»៖ ទម្រង់នេះ មិនរលាយនិងជ្រាបចូលក្នុងឈាមទេ។ មានបន្លែ ផ្លែឈើ មួយចំនួនដែលមានជាតិសសៃ ដែលមិនរលាយ និងជ្រាបចូលក្នុងឈាមមែន។ ក៏ប៉ុន្តែ បន្លែទាំងនោះ ក៏មានសារជាតិផ្អែមច្រើនដែរ ហើយដែលយើងពុំគួរបរិភោគច្រើនពេកនោះទេ។
 
ការស្គាល់ប្រភេទសារជាតិផ្អែម ជារឿងសំខាន់ណាស់សម្រាប់ការទទួលទានប្រចាំថ្ងៃ។ រឹតតែពិសេសទៅទៀតនោះ គឺការស្គាល់គុណភាពសារជាតិផ្អែម និងរបៀបទទួលទាន និងចម្អិន។
 
លើសពីនេះទៀត យើងគួរដឹងផងដែរថា សារជាតិផ្អែមដែលយើងបរិភោគ ហើយដែលធ្វើឱ្យប៉ះពាល់កម្រិតជាតិស្ករក្នុងឈាមនោះ មិនដូចគ្នាទេ។ របៀបខ្លះ ធ្វើឱ្យឡើងជាតិស្ករលឿន របៀបខ្លះធ្វើឱ្យឡើងជាតិស្ករយឺត។ ពាក្យបច្ចេកទេសគេហៅថា សន្ទស្សន៍ជាតិស្ករ។ ឧទាហរណ៍ យើងមានក្រូចពីរផ្លែ។ បរិមាណជាតិស្ករនៅក្នុងផ្លែក្រូចនីមួយៗមានស្មើគ្នា។ ប៉ុន្តែបើយើងបរិភោគ ទឹកក្រូចដែលយើងទើបតែច្របាច់ ឬគាបនោះ ជាតិស្ករក្នុងឈាមនឹងឡើងលឿនជាង ក្រូចដែលយើងបរិភោគទាំងកំពិស ឬក្លែប។ ក្លែបទាំងនេះដែលមានជាតិសសៃ ឬ fiber ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងយឺតនោះ៕
 
អត្ថបទសុខភាពផ្តល់ដោយ CarnetDia ដែលកម្មវិធីទូរសព្ទដៃសម្រាប់តាមដានស្ថានភាពអ្នកជំងឺទឹកនោមផ្អែម
 
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App
Storeតាមតំណនេះ https://apps.apple.com/kh/app/carnetdia/id1435695534  និងពី Play Store
តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com