កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពលរដ្ឋខេត្តសៀមរាបបង្ហាញអារ្មមណ៍រីករាយចំពោះការទស្សនាកីឡាប្រណាំងកង់នៅមុខអង្គរវត្ត
15, May 2023 , 6:59 pm        
រូបភាព
លោក លៀម ម៉ាឡា ពេលបំពេញតួនាទីការពារសណ្ដាប់ធ្នាប់ពេលព្រឹត្តិការណ៍កីឡាប្រណាំងកង់ និងឆ្លៀតគាំទ្រនៅមុខប្រាសាទអង្គរវត្ត។
លោក លៀម ម៉ាឡា ពេលបំពេញតួនាទីការពារសណ្ដាប់ធ្នាប់ពេលព្រឹត្តិការណ៍កីឡាប្រណាំងកង់ និងឆ្លៀតគាំទ្រនៅមុខប្រាសាទអង្គរវត្ត។
ដោយ៖ឯម គិមសុភក្រ្ត
 
សៀមរាប៖ ការរៀបចំកីឡាប្រណាំងកង់គួកនៅមុខប្រាសាទអង្គរវត្ត បានទាក់ទាញចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋជាច្រើនឲ្យមកទស្សនា  ដើម្បីជាការលើកទឹកចិត្តដល់កីឡាករផង និងជាការលំហែកម្សាន្តផង។

 
ក្នុងការប្រកួតកីឡាស៊ីហ្គេមក្រោមវិញ្ញាសាប្រណាំងកង់គួកបុរស-នារី នៅលើទឹកដីសៀមរាបអង្គរ នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ឧសភាកន្លងទៅ បានទាក់ទាញពលរដ្ឋខេត្តសៀមរាប និងភ្ញៀវទេសចរ​មួយចំនួនធំផងដែរ។  ការចូលរួមនេះ  ដើម្បីផ្ដល់កម្លាំងចិត្ត​ដល់កីឡាករ​និងកីឡាការិនីទាំងអស់ដែលបានចូលរួមប្រកួត នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត និងតាមបណ្ដោយផ្លូវវង់ធំនៃរមណីយដ្ឋានអង្គរ។
 


អ្នកគាំទ្រមួយរូប គឺលោក វាយោ ដែលបានមកជាមួយគ្រួសារ  បានបង្ហាញអារម្មណ៍រីករាយ​និងសាទរយ៉ាងខ្លាំង នៅពេលឃើញការរៀបចំកីឡាប្រណាំងកង់​នៅមុខប្រាសាទអង្គរវត្ត។ លោកបន្តថា នេះ​ជាលើកដំបូងហើយដែលលោកបានឃើញព្រឹត្តិការណ៍ស៊ីហ្គេម ដែលរៀបចំនៅខេត្តសៀមរាប។ កន្លងមកលោកក៏ធ្លាប់បានមើលការប្រណាំងកង់ទូទៅ​និងជាលក្ខណៈជាតិប៉ុណ្ណោះ។
 
ចំណែក លោក លៀម ម៉ាឡា មានតួនាទីជាប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌ​ប្រចាំតំបន់អង្គរខេត្តសៀមរាប ឆ្លៀតបំពេញតួនាទីផង និងជាអ្នកគាំទ្រផង។ ក្នុងនាមពលរដ្ឋ ខេត្តសៀមរាបមួយរូប លោក ម៉ាឡា រីករាយជាខ្លាំង នៅពេលមានព្រឹត្តិការណ៍កីឡាធំៗ ឬពិធីធំៗ រៀបចំនៅលើទឹកដីប្រវត្តិសាស្រ្តនេះ។ 
 
យុវសិស្ស រាត្រី មកពីវិទ្យាល័យសម្ដេចឪ ក៏បានចូលរួមអបអរចំពោះកីឡាប្រណាំងកង់គួក​ផងដែរ។ រាត្រី ដែលមកជាមួយ​មិត្តភក្ដិឯទៀត រីករាយនៅពេលមានមើលឃើញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមដែលរៀបចំនៅខេត្តសៀមរាប ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយរង់ចាំរយៈពេល ៦៤ ឆ្នាំ៕
 



 

© រក្សាសិទ្ធិដោយ thmeythmey.com