ជាតិ
គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
15, May 2023 , 8:19 pm        
រូបភាព
រូបភាពពី៖ ក្រសួងបរិស្ថាន
រូបភាពពី៖ ក្រសួងបរិស្ថាន
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង របស់អង្គការសហប្រជាជាតិ (UN PAGE)  ត្រូវបានដាក់ឱ្យដំណើរកាជាផ្លូវការនៅកម្ពុជា។



លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន  បានលើកឡើងថា គម្រោងនេះ ជាគ្រាប់ពូជថ្មី និងជាការបើកទំព័រថ្មីមួយទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ននៅកម្ពុជា។ បើតាមលោក ប៉ារីស៍ កម្ពុជាបានគិតគូរយ៉ាងខ្លាំងពីគោលការណ៍សេដ្ឋកិច្ចបៃតង ។
 
លោក ជួប ប៉ារីស៍​ បន្តថា គោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ ២០១៣-២០៣០ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ច បរិយាប័ន្នសង្គម និងនិរន្តរភាពបរិស្ថាន។
 
ចំពោះការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកម្មវិធី UN PAGE និងគោលនយោបាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកម្ពុជាដល់អ្នកពាក់ព័ន្ធ។ លើសពីនេះ ចែករំលែកនូវមេរៀន បទពិសោធន៍នៃការរអនុវត្តគម្រោង PAGE នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី និងបង្ហាញពីលទ្ធផលបឋម នៃការសិក្សាវិសាលភាពគម្រោង PAGE  និងប្រមូលមតិយោបល់កែលម្អ។
 
យោងតាមក្រសួងបរិស្ថាន កម្ពុជាបានចូលជាសមាជិកផ្លូវការនៃកម្មវិធីភាពជាដៃគូសកល UN PAGE នៅឆ្នាំ២០២២ ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ UNIDO ដោយមានការគាំទ្រ និងសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងស្ថាប័នស្រាវជាវជាតិ។ បច្ចុប្បន្នកម្មវិធីនេះ មានសមាជិកសរុបចំនួន ២២ប្រទេស ស្របពេលដែលប្រទេសដាក់ពាក្យស្នើសុំចូលជាសមាជិក មានជាង៧០ប្រទេស៕
 
 

Tag:
 ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com