ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន គ្រោងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ សុំតវ៉ានឹងគ.ជ.ប ដែលមិនឲ្យចូលប្រកួត
16, May 2023 , 9:34 am        
រូបភាព
គណបក្សដឹកនាំគណបក្សភ្លើងទៀន ជួបសមាជិក-សកម្មជិកា សកម្មជន និងអ្នកគាំទ្រនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
គណបក្សដឹកនាំគណបក្សភ្លើងទៀន ជួបសមាជិក-សកម្មជិកា សកម្មជន និងអ្នកគាំទ្រនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
ដោយ៖ ទេព ញាណ

គណបក្សភ្លើងទៀន ប្រកាសថា នឹងដាក់បណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំជំទាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនទទួលពាក្យសុំចូលប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ការជូនដំណឺងរបស់គណបក្សភ្លើងទៀន ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញទាំងយប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។



ការប្រកាសគណបក្សភ្លើងទៀន អំពីការដាក់បណ្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនេះ កើតឡើងបន្ទាប់ពីគ.ជ.ប សម្រេចជាផ្លូវការមិនឲ្យគណបក្សជំទាស់លេចធ្លោមួយនេះ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន ពុំបានបញ្ជាក់ពីការបរិច្ឆេទដែលត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។ 
 
គណបក្សភ្លើងទៀន ហៅការបដិសេធរបស់គ.ជ.ប ថាមិនអាចទទួលយកបាន។ គ.ជ.ប លើកហេតុផថា ការមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន ដោយសារគណបក្សនេះ មិនមានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ គណបក្សភ្លើងទៀន អះអាងថា ប្រកាសដើមនោះ បានបាត់ទៅហើយ។ 
 
គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្នាក់ដឹកនាំខ្លួន នឹងធ្វើសន្និសីទកាសែត នៅព្រឹកម៉ោង១០ ថ្ងៃទី១១ ខែឧសភានេះ ដើម្បីនិយាយពីការបដិសេធរបស់គ.ជ.ប៕

Tag:
 គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com