អន្តរជាតិ
Barcelona និង Napoli អបអរជ័យជម្នះលើកពានក្នុងលីគរៀងៗខ្លួន មុនបញ្ចប់រដូវកាល
16, May 2023 , 2:59 pm        
រូបភាព
គិតត្រឹមសប្ដាហ៍ទី៣៤ និងទី៣៥នេះ ក្រុមបាល់ទាត់ Barcelona បានអបអរជ័យជម្នះលើកពាន La Liga ក្នុងលីគអេស្បាញហើយ ខណៈក្រុម Napoli ក៏អបអរលើការឈ្នះពាន Serie A លីគអ៊ីតាលីដូចគ្នា បើទោះជាមិនទាន់បញ្ចប់រដូវកាលក្តី។



មកដល់ពេលនេះ ក្រុមអ្នកមានបុណ្យ Barcelona មាន៨៥ពិន្ទុ តាមពីក្រោយដោយគូប្រជែងដ៏ខ្លាំង អធិរាជ ស Real Madrid ដែលមាន៧១ពិន្ទុ តាមរយៈការប្រកួត៣៤លើកដូចគ្នា។ បើគិតលើលទ្ធផលនេះ ក្រុម Barca មាន១៤ពិន្ទុលើសក្រុម Real Madrid។ ដូច្នេះបើទោះជាក្រុម Barca ឈ្នះ ឬមិនឈ្នះ ឬបានត្រឹមស្មើទាំង៤ប្រកួតក្តី ក៏ក្រុមអ្នកមានបុណ្យមួយនេះ លើកពាន La Liga បានដែរ ។ មានន័យថា ក្នុងករណីបើ Real Madrid ឈ្នះទាំង៤ប្រកួតជាប់គ្នា គឺមាន១២ពិន្ទុបន្ថែមទៀត ដែលជួយ​ឱ្យក្រុមមាន៨៣ពិន្ទុប៉ុណ្ណោះ ដែលវានៅតិចជាង Barca មាន៨៥ពិន្ទុដដែល។
 
ក្រុម Barcelona បានធ្វើពិធីអបអរដង្ហែជ័យជម្នះលើកពានរបស់ក្លិបខ្លួន នៅតាមផ្លូវទីក្រុង Barcelona ក្នុងតំបន់ Catalan ហើយ ដោយមានអ្នកគាំទ្ររាប់លាននាក់ កាលពីថ្ងៃទី១៥ ឧសភា ក្រោយក្រុមយកឈ្នះលើកក្រុម Espanyol ដោយលទ្ធផល៤-២។ ជ័យជម្នះនេះ ជួយឱ្យ Barcelona លើកពាន La Liga លើកទី២៧ សម្រាប់ក្លិប។
 
ដោយឡែកក្រុមជើងខ្លាំងនៅអ៊ីតាលី Napoli វិញ ក៏បានអបអរជ័យជម្នះខ្លួន មុនចប់រដូវកាលដែរ។ បើមើលលើតារាងបាល់ទាត់អ៊ីតាលី Serie A គិតត្រឹមសប្ដាហ៍ទី៣៥នេះ Napoli មាន៨៣ពិន្ទុ តាមពីក្រោយដោយ Juventus ដែលមាន៦៩ពិន្ទុ ។ បើមើលលទ្ធផលជាក់ស្ដែង Napoli មាន១៤ពិន្ទុលើសក្រុមសេះបង្កង Juventus ។ ដូច្នេះ Napoli អាចគ្រងតំណែងជើងឯករដូវកាល២០២២ -២០២៣ នេះ បានហើយ បើទោះជាចាញ់៣ប្រកួត ហើយJuventus ឈ្នះទាំង៣ប្រកួតក្តី។
 
Napoli បានអបអរជ័យជម្នះលើកពានខ្លួន មុនបញ្ចប់រដូវកាលហើយ កាលពីថ្ងៃទី១៤ ឧសភា នៅគ្រាដែលក្រុម Napoli ចាញ់ក្រុមម្ចាស់ផ្ទះ Monza ដោយលទ្ធផល២-០។ ជ័យជម្នះរដូវកាលនេះ គឺជាលើកទី៣ហើយ សម្រាប់ Napoli លើកពាន Serie A ក្រោយរង់ចាំឱកាសអស់៣៣ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ១៩៩០មក។
 
ដោយឡែកក្លិបផ្សេងៗទៀត នៅលីគធំៗ ក្នុងតំបន់អឺរ៉ុប ដូចជា England Premier Legue , Bundesliga និង Ligue 1 ជាដើមកំពុងប្រទាញប្រទង់គ្នា។
 
សម្រាប់ក្របខណ្ឌអង់គ្លេស England Premier Legue វិញ Man City ត្រូវការឈ្នះតែមួយប្រកួតប៉ុណ្ណោះ ដើម្បីលើកពាន EPLនេះ ខណៈArsenal កាន់តែខកខានឱកាស។ Man City នេះ ឈរកំពូលតារាង ដោយមាន៨៥ពិន្ទុ នៃការប្រកួត៣៥លើក តាមពីក្រោយដោយក្រុមArsenal ដោយមាន៨១ពិន្ទុ តាមរយៈការប្រកួត៣៦លើក។
 
បើពិនិត្យមើលលើពិន្ទុ និងការប្រកួតកន្លងមក Man City ត្រូវការឈ្នះ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត៣លើកទៀត នៅក្នុងដៃ បើទោះជា Arsenal ឈ្នះទាំងពីរប្រកួតក្នុងដៃក្តី។ បើ Man City ឈ្នះ១ប្រកួតទៀតនោះ​ គឺមាន៨៨ពិន្ទុ ហើយ Arsenal ឈ្នះទាំងពីរប្រកួតក្នុងដៃ គឺមានតែ៨៧ពិន្ទុប៉ុណ្ណោះ។ ៥ប្រកួតចុងក្រោយនេះ Man City ឈ្នះទាំងអស់ ខណៈ Arsenal ឈ្នះ២ ចាញ់២ និងស្មើ១ប្រកួត។   
 
ស្រដៀងគ្នានេះដែរ ក្រុម Paris Saint-Germain ដែលកំពុងឈរលើកំពូលតារាង Ligue 1 របស់បារាំងវិញ មាន៨១ពិន្ទុ នាំមុខ៦ពិន្ទុ លើក្រុម Lens ដែលមាន៧៥ពិន្ទុ ក្នុងដៃ ក្រោយឆ្លងកាត់៣៥ប្រកួតដូចគ្នា។ ក្រុម PSG មិនទាន់អាចធានាសុវត្ថិភាពថា គ្រងជើងឯកបាននោះទេ។ ក្រុម PSG ត្រូវការឈ្នះ២ប្រកួត ឬ ឈ្នះ១ ស្មើ២ប្រកួត ក៏អាចលើកពានបានដែរ ខណៈ Lens ត្រូវការឈ្នះទាំង៣ប្រកួត។
 
ដោយឡែកលីគ Bundesliga ក្របខណ្ឌអាល្លឺម៉ង់វិញ ក្រុម Bayern Munich មាន៦៨ពិន្ទុ តាមពីក្រោយដោយ Borussia Dortmund មាន៦៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣២លើកដូចគ្នា។ ក្រុមទាំងពីរសល់២ប្រកួតក្នុងដៃដូចគ្នា ដូច្នេះបើក្រុមណាមួយ ភ្លាត់ចាញ់ ឬស្មើនោះ​ គឺបាត់បង់ឱកាសគ្រងតំណែងជើងឯករដូវកាលនេះ៕
 

Tag:
 កីឡាអន្តរជាតិ
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com