ជាតិ
មន្ត្រីបរិស្ថានខេត្តរតនគិរី បានបង្ក្រាបការលក់ដូរសាច់សត្វព្រៃ ១៧ គីឡូក្រាម
16, May 2023 , 6:59 pm        
រូបភាព
រូបភាពពី៖ក្រសួងបរិស្ថាន
រូបភាពពី៖ក្រសួងបរិស្ថាន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ មន្ត្រីមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃ និងសំណាកសត្វព្រៃខុសច្បាប់ សរុបចំនួន ១៧ គីឡូក្រាម នៅផ្សារបានលុង ខេត្តរតនគិរី។



សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាម ដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម, សត្វត្រកួតងាប់ចំនួន ៣ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និងសាច់ងៀតប្រើស៍ចំនួន ៥ គីឡូក្រាម។
 
ការរឹបអូសសាច់សត្វព្រៃនេះ ជាផ្នែកមួយដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ទាក់ទងនឹងសាច់សត្វព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា៖ «ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
 
ក្រសួងបរិស្ថាន បានផ្តួចផ្តើមដឹកនាំយុទ្ធនាការអន្ទាក់សូន្យ តាមបណ្តាខេត្តមួយចំនួន ដែលជាតំបន់ការពារធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត។ ជាពិសេសផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឱ្យឈប់បរិភោគសាច់សត្វព្រៃ និងកុំឱ្យជឿថាសាច់សត្វព្រៃជាថ្នាំប៉ូវសុខភាព៕
 
 
 
 

Tag:
 បង្រាបលក់ដូរសាច់សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com