ជាតិ
បោះឆ្នោត
បក្សប្រជាធិបតេយ្យមូលដ្ឋាន មើលឃើញថា ការមិនឲ្យបក្សភ្លើងទៀនចូលប្រកួត ជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោត
16, May 2023 , 9:29 pm        
រូបភាព
ដោយ៖ ទេពញាណ 

ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល ប្រហែលជាមានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ ដែលឈរខាងគណបក្សភ្លើងទៀន។



គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន ក៏ចេញសេចក្តីថ្លែងការណ៍មួយនឹងគេដែរ ជុំវិញការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលជំហរខុសពីសេចក្តីសេចក្តីការណ៍របស់គណបក្សនានា។ ខុសគ្នានៅត្រង់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញសោកស្តាយ ឯគណបក្សផ្សេង បង្ហាញការគាំទ្រដល់គ.ជ.ប។  
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  អះអាងថា ខ្លួន ពិតជាសោកស្តាយណាស់ ដែលគ.ជ.ប បដិសេធមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញការយល់ឃើញដូច្នេះថា៖«ការបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន បានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការបោះឆ្នោត ដែលមានលក្ខណៈសេរី និងយុត្តិធម៌ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា»។ 
 
គ.ជ.ប សំអាងលើហេតុផលថា គណបក្សភ្លើងទៀន មិនមានប្រកាស (ដើម) ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មពីរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបគ.ជ.ប បដិសេធមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សនេះ។ 
 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញការមើលឃើញរបស់ខ្លួនត្រង់កន្លែងនេះថា គណបក្សភ្លើងទៀន បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំលិខិតគតិយុត្តិស្តីពីការចុះបញ្ជីគណបក្ស និងបានព្យាយាមបំពេញតាមលក្ខខណ្ឌ ដែលគ.ជ.ប តម្រូវផងដែរ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ថែមថា លើសពីនេះ គណបក្សភ្លើងទៀន ទើបនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតក្រុង-ស្រុក ដែលបង្កើតថ្មី នាខែមេសា ឆ្នាំ២០២៣នេះ ដោយមានអ្នកគាំទ្រជាច្រើនរួចមកហើយ។ 
 
មានគណបក្សទាំងអស់២០ ដែលបានដាក់ពាក្យទៅកាន់គ.ជ.ប ដើម្បីសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សទាំង២០នោះ មានតែគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលត្រូវគ.ជ.ប បដិសេធ។ បន្ទាប់មក បណ្តាគណបក្សដែលបានចុះឈ្មោះចូលប្រកួត ក៏នាំគ្នាចេញសេចក្តីថ្លែងការណ៍ម្នាក់មួយៗ ដើម្បីបង្ហាញការគាំទ្រដល់គ.ជ.ប។ 
 
គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា ការដែលគ.ជ.ប បដិសេធមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន គឺឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ច្បាប់ដោយស្មើភាពចំពោះគណបក្សគ្រប់និន្នាការ។ មិនត្រឹមតែប៉ុណ្ណឹងទេ គណបក្សយុវជនកម្ពុជា ថែមទាំងស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត សុំឲ្យតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការ ក្នុងករណីគណបក្សភ្លើងទៀន ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ 
 
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ថានឹងយកបណ្តឹងទៅដាក់នៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យបានមុនថ្ងៃទី២០ ខែឧសភា ដើម្បីសុំជំទាស់នឹងគ.ជ.ប៕ 
 

Tag:
 គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com