ជាតិ
តំបន់ខ្លះ បន្តធ្លាក់ភ្លៀង​ក្នុងកម្រិតតិច មួយសប្តាហ៍
17, May 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា កម្ពុជា នឹង​រង​ឥទ្ធិពល​ជ្រលងសម្ពាធទាបពីប្រទេសឥណ្ឌា ដែលនាំមកនូវខ្យល់មូសុងកម្រិតខ្សោយ។ ស្ថាន​ភាពបែបនេះ​ អាចធ្វើឱ្យខេត្តមួយចំនួន មានភ្លៀងធ្លាក់កម្រិត​ខ្សោយទៅមធ្យមមួយសប្ដាហ៍។
បើតាម​ក្រសួង​ធនធានទឹក បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា​ពី ២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ៣៦-៣៨​អង្សា​សេ ។ កម្រិត​អាកាសធាតុ​នៅ​ភូមិសាស្ត្រ​នេះ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពី​ថ្ងៃទី​១៧-២៣ ឧសភា។​
 
ដោយឡែក​តំបន់​ខ្ពង់រាប​វិញ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤-២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ៣៥-៣៧អង្សា​សេ ។ សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ២៩-៣១​អង្សា​សេ។ តំបន់​ទាំងនេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ ហើយ​អាចមាន​ភ្លៀង​ផ្គរ​រន្ទះ និងខ្យល់កន្រ្តាក់ ពី​ខ្សោយ​ទៅ​បង្គួរ​ផងដែរ ​​។ 
 
ទាក់ទងនឹងស្ថានភាពអាកាសធាតុពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ដដែល  ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅតំបន់សមុទ្រ នឹងមានភ្លៀងកើនឡើងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ទ្រាក់៕
 

Tag:
 ភ្លៀងបន្តធ្លាក់
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com