ជាតិ
លោក ព្រាប កុល ប្ដេជ្ញាជួយកំណែទម្រង់ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ ឱ្យកាន់តែប្រសើរ
17, May 2023 , 8:59 am        
រូបភាព
លោក ព្រាប កុល អតីតនាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ព្រាប កុល
លោក ព្រាប កុល អតីតនាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ព្រាប កុល
ដោយ:
លោក ព្រាប កុល អតីតនាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ អះអាងថា ខ្លួនចូលរួមបំពេញការងារជាមួយរដ្ឋាភិបាល  ក្នុងគោលបំណងជួយរៀបចំកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ឱ្យកាន់តែប្រសើរ។ លោក ព្រាប កុល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្រេចចិត្តចូលរួមបម្រើជាតិតាមរយៈរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែឧសភា។



លោក ព្រាប កុល បានលើកឡើងថា លោកចូលធ្វើការងាររដ្ឋនេះ ដោយមិនពាក់ព័ន្ធជាមួយកិច្ចការនយោបាយនោះទេ ។ លោក ព្រាប កុល អះអាងថា លោកធ្វើការងារលើផ្នែកបច្ចេកទេស និងអ្នកជំនាញការ ដែលទាក់ទងជាមួយរដ្ឋបាលប៉ុណ្ណោះ ដូចជាការរៀបចំហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងស្ថាប័នរដ្ឋ ជាដើម។ លោក ព្រាប កុល នឹងជួយកែទម្រង់ចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើមជ្ឈកាល និងសហវិមជ្ឈកាលរបស់រដ្ឋាភិបាល។
 
អតីតនាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ អះអាងថា លោកស្គាល់ឧត្ដមគិតរបស់ខ្លួនឯងច្បាស់ ក្នុងការសម្រេចចិត្តធ្វើការងារបម្រើជាតិមាតុភូមិ ក្នុងជួររដ្ឋាភិបាលនេះ។ «ខ្ញុំមិនផ្លាស់ប្ដូរឧត្តមគិតឡើយ តែអាចផ្លាស់ប្ដូរទីតាំង ឬកន្លែងធ្វើការ»។ លោក ថ្លែងបែបនេះ។
 
លោក ព្រាប កុល​ បានបន្ថែមថា លោកមិនបានរំភើបជាមួយយសស័ក្កិ និងតំណែងនោះទេ តែលោកផ្ដោតសំខាន់ទៅលើសមត្ថភាព និងលទ្ធផលការងារ។ លោក ព្រាប កុល បានបញ្ជាក់ថា៖«ខ្ញុំមិនរំជើបរំជួលមុខងារឯកឧត្ដមទេ ខ្ញុំមានអារម្មណ៍ថា រៀងរឹងៗខ្លួនដែរ ហើយខ្ញុំសំណូមពរឱ្យបងប្អូនជួបនៅក្រៅហៅខ្ញុំបង ប្អូន លោកគ្រូ ឬពូធម្មតាទៅ តែសម្រាប់ផ្លូវការយើងត្រូវគោរពតាមអនុក្រឹត្យ។ ខ្ញុំមិនមែនជាអ្នកលោភលន់រឿងទ្រព្យធនទេ ហើយខ្ញុំក៏មានសមរម្យសម្រាប់រស់នៅបានស្រួលនោះដែរ បងប្អូនក៏ស្គាល់ជីវភាពខ្ញុំកន្លងមក ប្រាក់ខែខ្ញុំក៏សមរម្យដែរ»។
 
បើតាមលោក ព្រាប កុល ការបំពេញការងារបម្រើជាតិមាតុភូមិ អាចធ្វើបាននូវគ្រប់រូបភាពទាំងអស់ មិនថាធ្វើការនៅក្នុងអង្គការ ស្ថាប័នរដ្ឋ និងវិស័យឯងជននោះទេ។ លោក ព្រាប កុល ដែលមានបទពិសោធន៍ធ្វើការនៅសហគមអឺរ៉ុប វិទ្យាស្ថានប្រជាធិបតេយ្យ ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងអង្គការតម្លាភាពអន្តរជាជាតិផងនោះ  បានសំណូមពរដល់អ្នកគោរពស្រឡាញ់លោក កុំដាក់លក្ខខណ្ឌនយោបាយថា លោកគាំទ្រគណបក្សណាមួយ ឬ ចង់បានតំណែងនិងអំណាច។
 
សូមជម្រាបថា លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រី្តនៃកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ៕
 

Tag:
 ប្រព័ន្ធរដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com