ជាតិ
បោះឆ្នោត
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ ប្រាប់ម្ចាស់ KTV ក្លឹបកម្សាន្ត និងកន្លែងផឹកស៊ី ផ្អាកសកម្មភាពអាជីវកម្ម ២ថ្ងៃនាពេលបោះឆ្នោត
17, May 2023 , 9:29 am        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រាប់ម្ចាស់ KTV ក្លឹបកម្សាន្ត និងកន្លែងផឹកស៊ី ផ្អាកសកម្មភាពអាជីវកម្ម ២ថ្ងៃនាពេលបោះឆ្នោត។ ការសម្រេចនេះ ធ្វើឡើងតាមការណែនាំរបស់រដ្ឋាភិបាល ដែលឱ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃ មុន និងចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២២-២៣ ខែ កក្កដា ឆ្នាំ២០២៣។



ក្រសួងទេសចរណ៍ សូមណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងអស់ ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ២ ថ្ងៃ ។ ចំណែកម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ អាចផ្តល់សេវាកម្មម្ហូបអាហារ តែត្រូវផ្អាកសកម្មភាព លក់ដូរគ្រឿងស្រវឹង ២ ថ្ងៃដែរ។
 
ទន្ទឹមនឹងនេះ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ អនុវត្តតាមសារាចរណែនាំនេះ ឱ្យមានប្រសិទ្ឋភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ។
 
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានកំណត់រៀបចំធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលធានាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងឡើយ៕
 

Tag:
 ក្រសួងទេសចរណ៍
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com