កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាទ្រីយ៉ាត្លុងកម្ពុជាឈរបន្ទាប់ពីហ្វីលីពីនជាមួយមេដាយមាស២ ប្រាក់១ពីឆ្នេរកែប
17, May 2023 , 3:19 pm        
រូបភាព
ប្រភេទកីឡាទ្រីយ៉ាត្លុង/ឌូអាត្លុង/អាគ័តត្លុងកម្ពុជា ទទួលបានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់ បន្ទាប់ពីបានឈ្នះមេដាយមាស​២ ប្រាក់១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី​៣២ នៅឆ្នេរកែប ខេត្តកែប ពីថ្ងៃទី​៦ ដល់ថ្ងៃទី​៨ ខែឧសភា កន្លងទៅនេះ។

 
កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដើមកំណើតបារាំង បានឈ្នះមេដាយមាសពីរតែម្នាក់ឯង លើវិញ្ញាសាអាគ័តត្លុងឯកត្តជន និងទ្រីយ៉ាត្លុងឯកត្តជន ខណៈកីឡាករ សុខា ម៉ៃគែល ចូមុន បានមេដាយប្រាក់លើ​វិញ្ញាសាឌូអាត្លុង។
 
 
 
ក្នុងការប្រកួត​វិញ្ញាសាអាគ័តត្លុង កីឡាការិនី ម៉ាហ្គត មរកត ប្រើថិរវេលា ០០:១៦.០៩ ដើម្បីទទួលបានមេដាយមាស ខណៈកីឡាការិនីថៃ Aisika Kaewyongkod បានមេដាយប្រាក់ និងកីឡាការិនីឥណ្ឌូណេស៊ី Martina Ayu Pratiwi បានមេដាយសំរឹទ្ធ។
 
ចំពោះវិញ្ញាសាទ្រីយ៉ាត្លុងវិញ កីឡាការិនីដើមកំណើតបារាំងរូបនេះ ប្រើថិរវេលា ០១:០៥:៣១។ កីឡាការិនី​ហ្វីលីពីន Marion Kim Exconde Mangrobang បានមេដាយប្រាក់ និងកីឡាការិនីសិង្ហបុរី Louisa Marie Middleditch បានមេដាយសំរឹទ្ធ។
 
ងាកទៅ​វិញ្ញាសាឌូអាត្លុងឯកត្តជន​បុរសវិញ កីឡាករ សុខា ម៉ៃគែល ចូមុន បានមេដាយប្រាក់ ក្រោយប្រើថិរវេលា 00:៥៤:៤១។ កីឡាករវៀតណាម Tien San Pham បានមេដាយមាស ខណៈកីឡាករឥណ្ឌូណេស៊ី Sedilta Pilon Nubatonis បានមេដាយសំរឹទ្ធ។
 


ក្នុងចំណោម៦ប្រទេសដែលទទួលបានមេដាយ ហ្វីលីពីនឈរចំណាត់ថ្នាក់លេខមួយ ដោយបានមេដាយមាស​៣ ប្រាក់២ សំរឹទ្ធ១។ កម្ពុជាលេខពីរជាមួយ​មេដាយមាស២ ប្រាក់១, ឥណ្ឌូណេស៊ី បាន​មេដាយមាស១ ប្រាក់២ សំរឹទ្ធ៣, វៀតណាម បានមេដាយ​មាស១ ប្រាក់១ សំរឹទ្ធ១ ថៃ បានមេដាយ​ប្រាក់១ ចំណែកសិង្ហបុរី បានសំរឹទ្ធ២៕
 
រាយការណ៍បន្ថែមដោយ ជា យូគៀង និងឡាយ ឡុង
 

© រក្សាសិទ្ធិដោយ thmeythmey.com