ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
លោក លៀក លីដា ៖ ផលិតករមិនហ៊ានបោះទុន ផលិតរឿងមានគុណភាព ព្រោះម៉ោងផ្សាយតិច និងភាពយន្តបរទេសច្រើន
21, May 2023 , 9:59 am        
រូបភាព
លោក  លៀក លីដា  ប្រធានសមាគមផលិតករភាពយន្តខ្មែរ  ។រូបភាពពីទំព័រហ្វេសប៊ុកលោកផ្ទាល់ front
លោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ ។រូបភាពពីទំព័រហ្វេសប៊ុកលោកផ្ទាល់ front
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានលើកឡើងថា ផលិតករភាពយន្ត ភាគច្រើនមិនហ៊ានដាក់ទុនច្រើន ផលិតរឿងឱ្យមានគុណភាពទេ ព្រោះម៉ោងចាក់ផ្សាយតិច ខណៈភាពយន្តបរទេសនាំចូលមកកាន់តែច្រើន។ លោកបានពោលពាក្យថា «ដាក់ទុនកាន់តែច្រើន ខាតបង់កាន់តែច្រើន »។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់ការលើកឡើងរបស់លោកលោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ មកកាន់ អ្នកសារព័ត៌មានថ្មីៗ តាមរយៈប្រព័ន្ធតេឡេក្រាមដូចទៅ៖ 



 
ម្ចាស់ផលិតកម្ម LD ដែលធ្លាប់មានកិច្ចសហការផលិតរឿងជាមួយតួកុនភូមារូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នផលិតករភាពយន្ត សឹងតែមិនហ៊ានដាក់ទុនផលិតរឿង ឱ្យមានគុណភាពណាស់ ព្រោះការដាក់ទុនកាន់តែច្រើន នាំឱ្យមានការខាតបង់កាន់តែច្រើនដែរ។ 
 
លោកបានសង្កត់ធ្ងន់ដោយប្រយោគបែបនេះ៖ « រឿងយើងដែលត្រូវចាក់នោះមានម៉ោងតិចពេក តែរឿងបរទេសដែលហូរចូលហ្នឹង ច្រើនមែនទែនតែម្តង។ ក្នុងមួយខែមានរឿងបរទេស ដែលចាក់នៅលើរោងកុន ពី២៤ ទៅ ២៦រឿង តែរឿងជាតិខ្លួនឯង មានតែពីរទេ។ ឯរឿង ដែលមានវប្បធម៌ស្រដៀងយើងហ្នឹង ដូចជារឿងថៃ រឿងឥណ្ឌូនេស៊ី រឿងហ្វីលីពីន ។ល។ គឺបកប្រែមកដូចជាភាសាជាតិអ៊ីចឹង ហើយយកទៅចាក់នៅលើរោងភាពយន្ត។ សូម្បីតែប្រភេទរឿងដូចគ្នា ក៏ឱ្យចាក់ដែរ ហើយកៀបម៉ោងពីលើ ពីក្រោម។ល។ តើពួកយើងផលិតហើយអាចរកចំណូលបានប៉ុន្មាន? អ៊ីចឹង វាអត់! អ៊ីចឹង រឿងយើងចង់ពង្រឹងគុណភាព ហើយយកលុយទៅផលិតរឿងប្រវត្តិសាស្រ្ត គឺមិនអាចធ្វើបានទេ»។
 
បើតាមបុរសវ័យជិត៤០ឆ្នាំរូបនេះ ផលិតករភាពយន្ត ដែលជាសមាជិកខ្លួន ក៏ពិបាកបោះទុន ដើម្បីផលិតរឿងប្រវត្តិសាស្រ្ត ហើយក៏ពុំមានអ្នកវិនិយោគណាហ៊ានបោះទុនដែរ ។ 
 
បុរសសំឡេងមុតមាំខាងលើ បានលើកឡើងថា៖ «វិស័យភាពយន្តយើងរាល់ថ្ងៃពិបាកពេក ពិបាកត្រង់ថា ផលិតករយើងរាល់ថ្ងៃមិនអាចដាក់ទុនខ្លួនឯង ឬ ក៏មានអ្នកវិនិយោគទុនណាមួយ ហ៊ានចំណាយលើការផលិតរឿងបែបប្រវត្តិសាស្រ្ត ដើម្បីយកទៅចាក់បញ្ចាំងនៅលើរោងកុនទេ ដោយសារតែកត្តាប៉ះពាល់ច្រើនយ៉ាងដល់ផលិតករជាតិ ហើយងាកមកក្រុមផលិតយើងខ្ញុំ បើនិយាយពីគម្រោងផលិតរឿងបែបប្រវត្តិសាស្រ្ត យើងនៅពុំទាន់មានទេ ហើយក៏មិនហ៊ានគិត ព្រោះយើងហាក់ពិបាករស់បន្តិចរាល់ថ្ងៃ»។ 

© រក្សាសិទ្ធិដោយ thmeythmey.com