ជាតិ
«អណ្ដើកហ្លួង» រងការគំរាមកំហែងពីការនេសាទ និងបូមខ្សាច់ខុសច្បាប់
21, May 2023 , 2:39 pm        
រូបភាព
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ ការនេសាទ និងបូមខ្សាច់ខុសច្បាប់ បានកំពុងធ្វើឱ្យចំនួន អណ្ដើកហ្លួងថយចុះយ៉ាងខ្លាំង ដែលអាចឈានដល់ផុតពូជនាពេលខាងមុខ ប្រសិនបើ គ្មានការការពារត្រឹមត្រូវ។ អណ្តើកហ្លួង ជាប្រភេទល្មូនស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ វាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង ២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក។


 
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែឧសភា បានលើកឡើងថា អណ្ដើកហ្លួង ត្រូវបានរងការគំរាមកំហែងដោយការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម។ ជាងនេះទៀត ការបូមខ្សាច់ខុសច្បាប់ បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។ 
 
អណ្តើកហ្លួងជាប្រភេទសត្វតំណាងឲ្យប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ ប៉ុន្តែ នៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមាននៅតាមប្រព័ន្ធព្រែក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ 

ខ្សាច់ គឺជាទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។ រូបភាព៖ ក្រសួងបរិស្ថាន
 
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១ក្បាល ហើយអណ្ដើកហ្លួងដែលមានអាយុចាប់ពីមួយឆ្នាំឡើងមានចំនួន១៦០ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ 
 
អណ្តើកជំទង់ និងស្ទើរជំទង់ នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន៤។  ចំណែក កូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ៕ 
 

Tag:
 បរិស្ថាន
  អណ្ដើកហ្លួង
  សមាគមន៍អភរិក្សសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com