អន្តរជាតិ
ក្រុមហ៊ុន Fitch ព្រមាន​​​ពី​ការ​កម្រិត​គុណភាព​​​ឥណទាន​​អាមេរិក ខណៈ​​ការ​ចរចា​​​អំពី​ពិដាន​បំណុល​មាន​បន្ត
26, May 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
ក្រុមហ៊ុន​វាយតម្លៃ​ហិរញ្ញវត្ថុ​ឥណទាន Fitch Ratings បាន​វាយតម្លៃ​គុណភាព​ឥណទាន​សហរដ្ឋ​អាមេរិក ​ថា​មាន​ហានិភ័យ​អាច​ធ្លាក់​កម្រិត​ ពីព្រោះរដ្ឋាភិបាល​អាមេរិកអាច​នឹងមិន​ឈាន​ដល់ការ​ព្រមព្រៀង​គ្នា​មួយ ​ដើម្បី​បង្កើន​ការ​កម្រិត​បំណុលរបស់​ខ្លួន ហើយ​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន។​



Fitch បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា​ខ្លួន​«នៅ​តែរំពឹងថា​នឹង​មានដំណោះស្រាយ​មួយ‍» តែមាន​ហានិភ័យ​កាន់​តែ​ខ្លាំង​ថាការ​កម្រិតបំណុល​នឹង​មិន​ត្រូវបាន​បង្កើន​ទាន់​ពេល​វេលា​ទេ។
 
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា ​រដ្ឋាភិបាល​អាច​អស់​ប្រាក់ដើម្បី​បំពេញ​កាតព្វកិច្ចខ្លួន ដូចជា​ការ​បង់​ការ​ប្រាក់លើមូលបណ្ណ​រដ្ឋាភិបាល ប្រាក់​បៀវត្សរ៍​ក្រុម​បុគ្គលិក​សហព័ន្ធ​ និង​ពួក​អ្នក​ធ្វើការតាម​កិច្ចសន្យា​ជាមួយរដ្ឋាភិបាល ​និង​ប្រាក់​សោធននិវត្តន៍ នៅ​ថ្ងៃ​ទី​១​ខែ​មិថុនាខាង​មុខ​នេះ។
 
សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​កាលពី​យប់​ថ្ងៃ​ពុធ​បាន​និយាយថា​ ការព្រមាន​របស់ Fitch «គូស​បញ្ជាក់​ពី​សេចក្តី​ត្រូវការ​ឱ្យ​មាន​សកម្មភាព​របស់​គណបក្ស​ទាំងពីរ​ក្នុង​សភាដើម្បី​បង្កើន​ឬផ្អាក​ការ​កម្រិត​បំណុលនិង​បញ្ចៀស​កុំ​ឱ្យ​សេដ្ឋកិច្ច​យើង​មាន​វិបត្តិ‍»។
 
សេចក្តី​ថ្លែងការណ៍មួយ​របស់​សេតវិមានបាន​និយាយថា ចំណាត់ការ​នេះ​របស់ Fitch «ពង្រឹង​សេចក្តី​ត្រូវការ​ឱ្យ​សភាអនុម័ត​ឱ្យ​បាន​ឆាប់រហ័ស​នូវ​កិច្ច​ព្រមព្រៀង​សម​ហេតុផល​មួយ​រវាង​គណបក្ស​ទាំង​ពីរ​សម្រាប់​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​គ្មានប្រាក់​សង​បំណុល‍»។
 
ក្រុម​មន្ត្រី​សេតវិមាន​ផ្នែក​ថវិកា​និង​ក្រុម​អ្នក​ចរចាខាង​បក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​បានជួប​ប្រជុំ​គ្នាក្នុង​សប្តាហ៍​នេះ ដើម្បី​ដោះស្រាយ​ភាពទាល់ច្រក​នេះ។ ការពិភាក្សា​គ្នា​មាន​ទាក់ទិន​នឹងការ​បង្កើន​ការ​កម្រិតបំណុល​និងបន្ថយ​ចំណាយ​សហព័ន្ធ​ក្នុង​ពេល​អនាគត។
 
លោក Kevin McCarthy ប្រធាន​រដ្ឋសភាមក​ពី​គណបក្ស​សាធារណរដ្ឋបាន​និយាយប្រាប់​ពួក​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​ថា ​ការ​ចរចា​គ្នានៅ​មាន​ផល​ល្អ តែការ​ចរចា​ទាំងនេះ​មិនទាន់ធ្វើ​ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នា​មួយដែល​ភាគី​ទាំងពីរមាន​ជំនឿ​ថាអាចធ្វើ​ឱ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​ច្រើនក្នុង​រដ្ឋសភានិង​ព្រឹទ្ធសភា​នៅ​ឡើយ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com