ជាតិ
សេដ្ឋកិច្ច
កសិករថាទីផ្សារទុរេនឆ្នាំនេះ កំពុងត្រូវប៉ាន់ខ្លាំង!
27, May 2023 , 3:59 pm        
រូបភាព
ចាប់ពីដើមខែមេសា ជារដូវកាលប្រមូលផលដំណាំទុរេនរបស់កសិករតាមបណ្ដាខេត្តនានា។ ស្របពេលកំពុងប្រមូលផលបណ្ដើរៗ កសិករថា ទីផ្សារទុរេនឆ្នាំនេះហាក់កំពុងត្រូវប៉ាន់ខ្លាំង សឹងតែរកទុរេនផ្គត់ផ្គង់មិនគ្រប់នោះឡើយ។



លោក ស៊ឹម សុជាតិ​ អ្នកបច្ចេកទេសដាំដុះទុរេន និងជាម្ចាស់ចម្ការទុរេនជាង៦០០ដើម ក្នុងខេត្តកំពត បានលើកឡើងថា ទីផ្សារទុរេនឆ្នាំនេះហាក់ត្រូវប៉ាន់ខ្លាំង បើធៀបនឹងរាល់ឆ្នាំ រាប់តាំងពីការលក់ និងតម្លៃខ្ពស់ផងដែរ។ លោក សុជាតិ ថាទីផ្សារទុរេនឆ្នាំនេះហក់ឡើងប្លែក ដោយសារមានតម្រូវការខ្ពស់ ប៉ុន្តែការផលិតរបស់កសិករមានតិចនៅឡើយ។
  
លោក ស៊ឹម សុជាតិ អ្នកបច្ចេកទេសដាំទុរេន និងជាម្ចាស់ចម្ការទុរេន នៅខេត្តកំពត
អ្នកបច្ចេកទេសដាំទុរេនរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា៖«ឆ្នាំនេះរកទុរេនលក់សឹងមិនបាន! ទុរេនឆ្នាំនេះ ស្រួលលក់មែនទែន ហើយតម្លៃក៏បានខ្ពស់ជាងរាល់ឆ្នាំ។ គ្រាន់ដល់ខែលក់ចេញម្ដង២០តោន ៥០តោន មិនហត់ខ្ចប់ម្តង១០០-២០០គីឡូក្រាម ១-២តោនអីទេ ស្រួលលក់អ៊ីចឹង»។ ចម្ការទុរេនរបស់លោក សុជាតិ ឆ្នាំនេះប្រមូលផល២លើក ដោយលើកទី១ កាលពីដើមខែ៤ បានជាង២០តោន និងគ្រោងប្រមូលផលលើកទី២ នៅដើមខែ៦នេះ ប្រមាណ៥០តោនបន្ថែមទៀត។ លោក សុជាតិ​ លក់ទុរេនឱ្យឈ្មួញបោះដុំក្នុងតម្លៃ៣៥០០ដុល្លារក្នុងមួយតោន។ កសិកររូបនេះ កំពុងបន្តពង្រឹងការដាំដុះទុរេនបន្ថែម សម្រាប់បំពេញតម្រូវការទីផ្សារផ្គត់ផ្គង់ក្នុងស្រុក និងបន្តនាំចេញបើសិនជាមានលទ្ធភាព។ 
 
«ឥឡូវហ្នឹងទុរេនយើងបានសម្រាប់តែលក់ក្នុងស្រុកទេ រកទុរេនលក់មិនបានផង ព្រោះដំណាំនេះមិនមានគេធ្វើច្រើនទេ វាពិបាក។ អ៊ីចឹងមិនទាន់មានការនាំចេញទេ»។ នេះជាការលើកឡើងរបស់លោក សុជាតិ ដែលបន្តថា បច្ចុប្បន្នអតិថិជនស្វែងយល់ និងស្គាល់ផលិតក្នុងស្រុកច្រើន ហើយនិយមបរិភោគទុរេនក្នុងស្រុកច្រើនផងដែរ បើទោះមានការនាំចូលច្រើនក៏ដោយ។ ដូច្នេះហើយទើបទុរេនរបស់កសិករខ្មែរកាន់តែមានទីផ្សារ។
  
លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ
ងាកមកកសិករដាំទុរេន នៅខេត្តត្បូងឃ្មុំម្នាក់ទៀត លោក ខៀវ សុខឡេង ក៏ឃើញពីសម្ទុះទីផ្សារទុរេននៅឆ្នាំនេះផងដែរ។ លោក សុខឡេង អះអាងថា ទុរេនឆ្នាំនេះមានទីផ្សារល្អ តម្លៃខ្ពស់ និងងាយស្រួលលក់ជាងរាល់ឆ្នាំ។ កសិករវ័យ៥០ប្លាយរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា៖«ទីផ្សារទុរេនឆ្នាំនេះល្អជាងឆ្នាំមុនឆ្ងាយ ហើយស្រួលលក់ណាស់ លក់បានថ្លៃទៀត ព្រោះអតិថិជននិយមហូប។ អ្នកមកទិញមានទាំងអ្នកហូប និងយកទៅលក់តទៀត។ អ៊ីចឹងទីផ្សារទុរេនឆ្នាំហ្នឹងល្អ អត់គាំងទេ»។ លោក សុខឡេង លក់ទុរេនប្រភេទពូជម៉ានថងបានតម្លៃចន្លោះពី១៤០០០រៀល ទៅ១៨០០០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទទុរេនមានម៉ានថង,វី៦ និងទុរេនពូជដូនតា ហើយក្រៅពីទុរេន លោកក៏មានដាំសាវម៉ៅ មង្ឃុត និងផ្លែផ្ញៀវផងដែរ ក្នុងចម្ការទំហំជាង២០ហិកតា ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
 
ទុរេនក្នុងចម្ការ លោក សុខឡេង ប្រមូលផល២លើក ដែលលើកទី១ ប្រមូលផលបានប្រមាណ៣តោនប៉ុណ្ណោះ កាលពីដើមខែមេសា និងលើកទី២ នឹងប្រមូលផលនៅដើមខែមិថុនាខាងមុខនេះ។ ចំពោះទិន្នផលសរុប លោក សុខឡេង ប៉ាន់ស្មានទៅថា ប្រមាណ១៥០តោន ស្មើគ្នានឹងឆ្នាំកន្លងទៅដែរ​ ព្រោះឆ្នាំនេះមានបញ្ហាអាកាសធាតុខ្លះ ធ្វើឱ្យខូចខាតក្ដឹបទុរេនអស់មួយចំនួន។
 
យ៉ាងណាកសិកររូបនេះ ក៏សប្បាយចិត្តដែលទុរេនរបស់លោកទទួលបានការគាំទ្រច្រើន ពិសេសពលរដ្ឋក្នុងស្រុកងាកមកគាំទ្រផលិតក្នុងស្រុក។ លោក សុខឡេង ថានឹងបន្តពង្រឹងការដាំដុះឱ្យបានកើនតែច្រើន ដើម្បីអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញផលិតផលខ្មែរទៅក្រៅប្រទេសផងដែរ៕
 
រូបភាពពីហ្វេសប៊ុកលោក ខៀវ សុខឡេង


Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com