ជាតិ
ព្រះសង្ឃ និងក្រុមនិស្សិតនាំយកសម្ភារៈសិក្សា និងការអប់រំសីលធម៌ ចែកដល់សិស្សនៅភូមិដូនស្វា
28, May 2023 , 2:59 pm        
រូបភាព
ថោង ប្រណី
 
សៀមរាប៖ ព្រះសង្ឃ និងក្រុមនិស្សិតនៅក្រុងសៀមរាប បាននាំយកសម្ភារៈសិក្សា និងការអប់រំសីលធម៌ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដូនស្វា ស្ថិតនៅភូមិដូនស្វា ឃុំអំពិល ស្រុកពួក។

 
ក្រោមការផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយព្រះតេជគុណ សាន់ សឿ គង់នៅវត្ត ពោធិរុក្ខារាម ហៅវត្តពោធិ និងក្រុមសិស្សនិស្សិតចំនួន២០នាក់ បាននាំយកសៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ ជាដើម ទៅចែកជូនដល់សិស្សសាលាបឋមសិក្សាដូនស្វា។



ដោយធ្លាប់បានសិក្សារៀនសូត្រក្នុងសាលាបឋមសិក្សាដូនសា្វកាលពីកុមារភាព ព្រះតេជគុណ សាន់ សឿ បានគ្រោងរៀបចំឱ្យមានកម្មវិធីនេះ តាំងពី៦ឆ្នាំមុនមកម្ល៉េះ តែដោយសារមិនទាន់​មានលទ្ធភាព និងឱកាសល្អទើបតែពេលនេះ ព្រះអង្គ និងមិត្តនិស្សិតដទៃទៀត​បានរួមគ្នា​ចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួនធ្វើឱ្យចេញជារូបរាងឡើង។ ព្រះតេជគុណ បានដឹកនាំក្រុមនិសិ្សត រៀបចំសម្ភារៈសិក្សាផ្សេងៗ ទៅចែកដល់សិស្សចំនួន៤១០នាក់ ដែលរៀនក្នុ​ងសាលានេះផ្ទាល់ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ពីសំណាក់​លោកនាយកសាលា និងលោកគ្រូអ្នកគ្រូទាំងអស់គ្នា។ 
 
នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកសារព័ត៌មានឌីជីថលថ្មីៗ តេជគុណម្ចាស់ សាន់ សឿ បានបង្ហាញពីគោលបំណងនិងចំណាប់អារម្មណ៍ដូចច្នេះថា ព្រះអង្គជាអតីតសិស្សសាលា​នៅទីនេះ​ផ្ទាល់ តែមិនបានរៀនរហូតដល់ចប់ថ្នាក់នោះទេ។ ទោះបីជាការរៀនពេលនោះ​មិនបានចេះដឹងច្បាស់លាស់ក៏ដោយ តែជាកន្លែងដំបូង​ដែលព្រះអង្គចាប់ផ្តើម​រៀនអាន​និងសរសេរបានខ្លះៗ។ ព្រះអង្គចង់សង្កត់ធ្ងន់ថា ធ្វើអ្វីក៏ដោយ កុំឱ្យភ្លេចប្រភពដើម។  ក្នុងកម្មវិធីនេះ ក៏ជាឱកាសល្អដើម្បីបង្រៀន​នូវពុទ្ធិដល់ក្មេងៗ​ឱ្យយល់ដឹងពីព្រះពុទ្ធសាសនា​បានខ្លះៗតាមរយៈការអប់រំសីលធម៌។ ម្យ៉ាងទៀត ព្រះអង្គចង់បង្ហាញគំរូល្អដល់ប្អូនៗ ញោមប្រុសញោមស្រី និងញាតិមិត្តទាំងអស់ឱ្យដឹងថា បើធ្វើអ្វីៗត្រូវចាប់ផ្តើមដោយខ្លួន​យើងផ្ទាល់។ បន្ថែមពីនេះ ព្រះអង្គប្រដូចកម្មវិធីនេះ​ទៅនឹងរឿងនិទាន​ដែលបាននិពន្ធទុក​មករយៈពេល៦ឆ្នាំហើយ និងសង្ឃឹមថា ទៅថ្ងៃមុខនឹងក្លាយជាគំរូល្អ​និងផ្តល់នូវចំណេះដឹង​ដល់ក្មេងជំនាន់ក្រោយ។
 




លោកគ្រូ មៀន យ៉ន ជានាយកសាលាបឋមសិក្សាដូនស្វាវិញ ក៏បានបង្ហាញនូវអារម្មណ៍​សប្បាយរីករាយឥតឧបមា នៅពេលដែលមានព្រះសង្ឃ សិស្សនិស្សិត និងសប្បុរសជន បាននាំយកសម្ភារៈសិក្សា និងថវិកាមកចែកជូនដល់សិស្សានុសិស្សនៅសាលានេះ។ 
 
ជាមួយគ្នានេះដែរ កុមារា ទ័ព នរវិតា ជាសិស្សថ្នាក់ទី៦ក បានបង្ហាញអារម្មណ៍រីករាយ​ខ្លាំងដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះដូចជា ចូលរួមឆ្លើយសំណួរយករង្វាន់ និងក្លាហានឡើងបង្ហាញពីរបៀបសំពះរបស់ខ្មែរយើង បានរៀបរាប់យ៉ាងក្បោះក្បាយ​ពីមេរៀនដែលខ្លួនចេះចាំពីការបង្រៀនរបស់ព្រះសង្ឃនិងសិស្សនិស្សិត។ កុមារារូបនេះ បានឱ្យដឹងថា៖« ខ្ញុំចាំច្បាស់ពីរបៀបសំពះរបស់ខ្មែរយើង ជាពិសេសគឺ របៀបរៀនឱ្យក្លាយ​ជាសិស្សពូកែ ដោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូនៅពេលរៀនមេរៀនអ្វីមួយ ហើយត្រូវតែហ៊ានសួរគ្រូប្រសិនបើមានចម្ងល់ និងកត់ត្រាទុកចំណុចសំខាន់ៗ និងរំលឹកមេរៀននោះបន្ថែមនៅផ្ទះ៕
 






© រក្សាសិទ្ធិដោយ thmeythmey.com