ជាតិ
លោក ទួន សុខគា បង្កើតក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរចង់ផ្ទេរចំណេះសិល្បៈទៅអ្នកជំនាន់ក្រោយ
28, May 2023 , 8:59 pm        
រូបភាព
លោក ទួន សុខគា ហៅគ្រូណាំ ថតជាមួយសិស្សនៅក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ នាថ្ងៃទី២៤ ឧសភា។
លោក ទួន សុខគា ហៅគ្រូណាំ ថតជាមួយសិស្សនៅក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ នាថ្ងៃទី២៤ ឧសភា។
សៀមរាប៖ ជាសិល្បករមួយរូប លោក ទួន សុខគា មានចិត្តស្រឡាញ់វប្បធម៌សិល្បៈខ្មែរជាខ្លាំង និងប្រឹងរកមធ្យោបាយសព្វបែបយ៉ាង ក្នុងន័យអភិរក្ស ថែរក្សា និងផ្សព្វផ្សាយទៅកាន់មហាជន គ្រប់ស្រទាប់។ ទីបំផុតលោកបានបង្កើតក្លឹបបណ្ដុះបណ្ដាលសិល្បៈមួយឡើង ដើម្បីជាកន្លែងសម្រាប់ បណ្ដុះគ្រាប់ពូជសិល្បៈបន្ត។

 
មានស្រុកកំណើតនៅខេត្តសៀមរាប លោក ទួន សុខគា ហៅគ្រូណាំ បានបើកក្លឹបបណ្ដុះបណ្ដាល វប្បធម៌ខ្មែរអង្គរ នៅកំឡុងឆ្នាំ២០១៩ ដោយទីតាំងដំបូងស្ថិតនៅក្បែរវត្តពោធិវង្ស ឬវត្តថ្មី។ ក្រោយមក ក្លឹបនេះបានប្ដូរទីតាំងទៅលើដីជួលមួយកន្លែងស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។



ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកគ្រូ ណាំ រៀបរាប់ថា ការបង្កើតក្លឹបសិល្បៈនេះឡើងដោយចិត្តស្រឡាញ់ និងចង់ចែករំលែកដល់ក្មេងៗ។ លោកបន្តថា៖« គោលបំណងចង់ចែករំលែកចំណេះដឹង និងចូលរួម​ថែរក្សា​អ្វីដែលយើងមាន ចង់ឱ្យក្មេងចូលរួមស្គាល់ពីវប្បធម៌ និងគោលដៅ​ខ្ញុំ ចង់ឃើញក្មេងចូលរួម និងផ្សព្វផ្សាយច្រើន ដែលធ្វើឱ្យគាត់មានរបរ មានចំណូលទៅអនាគត»។ 
 
ក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ មានបង្រៀនសិល្បៈចម្រុះរួមមាន របាំបុរាណ ទម្រង់រឿងក្បាច់បុរាណ ខោល ប្រពៃណី ភ្លេង ល្បុកតោ និងសិល្បៈមួយចំនួនទៀត។ លោកគ្រូ ណាំ បញ្ជាក់ថា បច្ចុប្បន្នក្លឹបរបស់ លោកកំពុងបង្ហាត់សិស្សជាង៥០នាក់ ខណៈដែលកន្លងមកមានសិស្សជាង១០០នាក់ហើយ ដែល​ហាត់រៀន​នៅកន្លែងនេះ។  គ្រូនៅក្នុងក្លឹបនេះមាន៧នាក់ ភាគច្រើនជាគ្រូស្ម័គ្រចិត្ត។ 
 
ក្រៅពីហាត់រៀន សិស្សនៅក្លឹបនេះកន្លងមក ក៏ធ្លាប់បានចេញទៅសម្ដែងក្នុងពិធីច្រើនដែរ តែភាគច្រើន លោក សុខគា ផ្តោតលើកម្មវិធីសប្បុរសធ៌ច្រើន ដោយយល់ពីគោលគំនិតនៃកម្មវិធីស្រដៀងនឹងគំនិតចង់ ជួយសង្គម និងចែករំលែកដូចគ្នា។​
 
ទើបផ្លាស់ប្ដូរទីតាំងថ្មី ក្លឹបសិល្បៈនេះកំពុងខ្វះថវិកាសម្រាប់សង់រោងសម្ដែង ពិសេសពិបាកនៅ​ពេលភ្លៀង។ លោក សុខគា ស្នើឱ្យ មហាជនជួយក្លឹបនេះដើម្បីអនាគតក្មេងៗ ហើយក្លឹបនេះត្រៀមទទួល សិស្សជាច្រើនបន្ថែមទៀត ដើម្បីរៀនសិល្បៈវប្បធម៌ដោយឥតគិតថ្លៃ។
 
ជាក្មេងកំព្រា និងមានបន្ទុកចិញ្ចឹមបងប្អូន៥នាក់ លោក សុខគា ធ្លាប់រៀនសិល្បៈនៅមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ នៅទីតាំងចាស់ ដែលលោកបញ្ជាក់ថា រៀនមិនសូវដិតដល់ទេ។ ជាបន្តបន្ទាប់លោកដើររៀនតាម អង្គការដែលគេបង្រៀនមិនយកប្រាក់ និងឆ្លៀតពេលរត់តុចិញ្ចឹមគ្រួសារ។
 
ទៅអនាគត គ្រូសិល្បៈរូបនេះ ចង់បន្តអាជីពបង្រៀនសិល្បៈនេះ និងចង់បើកកន្លែងសម្ដែង ដោយស្វាគមន៍ទេសចរគ្រប់ទិសទីចូលទស្សនា និងចូលរួមក្នុងស្មារតីបរិច្ចាគសម្រាប់ទ្រទ្រង់ក្លឹប និងការលក់សំបុត្រចូលទស្សនាការសម្ដែងជាដើម៕
 
 

Tag:
 សិល្បៈខ្មែរ
  វប្បធម៌ខ្មែរអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com