កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ម្តាយរបស់ម្ចាស់មេដាយមាសគុនខ្មែរ ទូច ចាន់វត្តី បារម្ភ និងយកចិត្តទុកដាក់កូនស្រី​គ្រប់ពេល
28, May 2023 , 9:29 pm        
រូបភាព
កីឡាការិនី ទូច ចាន់វត្តី ថតរូបមុខប្រាសាទអង្គរវត្ត រូបពី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តី ថតរូបមុខប្រាសាទអង្គរវត្ត រូបពី ទូច ចាន់វត្តី
ទោះមាន​កូន​ស្រី​ជាកីឡាការិនីគុនខ្មែរ ដែល​ដណ្តើមរហូត​ដល់​​បាន​មេដាយមាសពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ​លើកទី​៣២ ក៏ដោយ ប៉ុន្តែ​អ្នក​ស្រី យឿង ផេង និង​ស្វាមី តែងតែតាម​មើល​ថែទាំកូន​ជានិច្ច ដោយមិនទម្លាក់ដៃនោះឡើយ។ ចំណែក​ចាន់វត្តីវិញ ក៏​មិន​ដែល​រំលងឪពុក​ម្តាយ​នូវរាល់ការសម្រេចចិត្ត​រ បស់ខ្លួននោះដែរ។--
 
«សួស្តី បង! ចាំខ្ញុំ​សួរម៉ាក់សិន»។ កញ្ញា ទូច ចាន់វត្តី បាន​ឆ្លើយ​តប​បែបនេះ មក​កាន់​សារព័ត៌មាន​ថ្មីៗ ដែលបាន​សុំសម្ភាសក្រោយការឈ្នះមេដាយមាស​ជូន​ជាតិ​ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ពីប្រភេទកីឡាគុនខ្មែរ ទម្ងន់​៥២គីឡូក្រាម។
 


ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតក តេជោ ម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាស​១៤ ប្រាក់៣ សំរឹទ្ធ២ ពី​កីឡាគុនខ្មែរ ក្នុងនោះ ទូច ចាន់វត្តី ស្ថិតក្នុងចំណោម​កីឡាការិនីខ្មែរ២នាក់ដែលឈ្នះមេដាយមាស និងជាកីឡាការិនី​ម្ចាស់ផ្ទះតែម្នាក់​ដែលបាន​មេដាយមាស​លើ​វិញ្ញាសាប្រយុទ្ធ ខណៈកីឡាការិនី ម៉ើយ ស៊ឹង បាន​លើវិញ្ញាសាសម្តែងគុនគ្រូ។
 
នាការប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចាន់វត្តី បានយកឈ្នះកីឡាការិនីហ្វីលីពីន Jenlyn Olsim ក្នុងលទ្ធផលពិន្ទុ ៣០ទល់នឹង​២៧ ហើយបានបន្តយកឈ្នះកីឡាការិនី​វៀតណាម Nguyễn Thị Chiều ក្នុងលទ្ធផល ២៩ ទល់នឹង​២៨ នាជំនួប​ដណ្តើមមេដាយមាស។
 
 អាច​សម្រេច​ចិត្តដោយខ្លួន​ឯងនៅ​លើសង្វៀន ប៉ុន្តែ​នៅ​ក្នុងជីវិតពិត​ផ្សេងទៀត កីឡាការិនីវ័យ​១៧​ឆ្នាំរូប នេះ ត្រូវការជំនួយ​ជាចាំបាច់ពីក្រុមគ្រួសារ ជាពិសេសលោកឪពុក អ្នកម្តាយ។ «អារម្មណ៍សប្បាយ រំភើប អរ និងបារម្ភចំពោះកូន គឺមានជានិច្ច បើទោះជាដឹងថា ពេលនេះកូនស្រី មានសមត្ថភាពគ្រប់គ្រាន់ក្នុង​ ការការពារខ្លួន និងមើលថែខ្លួនឯង ក៏ដោយ។ ធ្លាប់ឈឺព្រោះឃើញកូនរងរបួស និងធ្លាប់រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលកូនទទួលជ័យជម្នះ»។ អ្នក​ស្រី យឿង ផេង បាន​រៀបរាប់យ៉ាងដូច្នេះ។
 

ទូច ចាន់វត្តី គុនគ្រូមុនប្រកួត
 
វ័យ​៥៥​ឆ្នាំ អ្នកស្រី យឿង ផេង បាន​បន្ត​រៀបរាប់ប្រាប់​សារព័ត៌មានថ្មីៗ នា​បទសម្ភាស​នៅលំនៅដ្ឋាន​ នាស្រុកកៀន​ស្វាយ ខេត្តកណ្តាលថា អ្នកស្រី និង​ស្វាមី តែងតែគិតពីកូនស្រីជានិច្ច ទោះដឹងថា នាងពេញវ័យ និង​ចេះគិតគូវែងឆ្ងាយក៏ដោយ។
 
«ខ្ញុំ សប្បាយ! ខ្ញុំអរ! ខ្ញុំភ័យ!។ ពេលទៅគាំទ្រ ផ្ទាល់ខ្ញុំ ឃើញ ខ្ញុំភ័យខ្លាំងម៉ង ហើយឃើញប្រជាជនយើង គាំទ្រច្រើនទៅ ខ្ញុំជាម្ដាយ ខ្ញុំអរណាស់ ហើយភ័យខ្លាចកូន ត្រូវគេវាយត្រូវនេះ ត្រូវនោះចឹងទៅ។ ពេលឃើញគេចែករំលែកតាមហ្វេសប៊ុក គេគាំទ្រ គេស្រែកផ្ដល់កម្លាំងចិត្ត ទឹកភ្នែកខ្ញុំ ក៏យំតាមហ្នឹងដែរ។ ខ្ញុំក្រឡេកទៅណាក៏ឃើញ គេគាំទ្រខ្លាំង ដល់ពេលអ៊ីចឹងទៅ ខ្ញុំរំភើប»។ អ្នកម្ដាយរូបនេះ បានរៀបរាប់ប្រាប់ទាំងសំឡេងអួលដើមក។
 
ទាក់ទង​នឹងការ​ចូល​ហ្វឹកហាត់គុនខ្មែរ​របស់កូន​ស្រី អ្នកស្រី យឿង ផេង អះអាងថា ដំបូងឡើយគាត់មិន​សូវ​ជាគាំទ្រឡើយ ព្រោះ​បារម្ភ​ខ្លាចមាន​របួស​ ប៉ុន្តែ​គាត់មិនអាចរារាំងក្តី​ស្រឡាញ់​ចំពោះ​វិស័យ​ប្រដាល់​របស់នាងនោះឡើយ។ គាត់គ្រាន់តែនិយាយទៅកាន់កូនដូច្នេះ៖ «កូនឯង ហាត់ៗទៅ តែកុំវៃ ម្ដាយបារម្ភពីកូន។»។
 

ទូច ចាន់វត្ដី ទទួលមេដាយមាស
 
តាមពិតទៅ មិនមែន​សុខៗ វត្តី ទៅ​ដក់ចិត្តស្រឡាញ់​វិស័យ​គុនខ្មែរនោះទេ គឺ​មាន​បុរសម្នាក់ដែលជំរុញ និងលើកទឹក​ចិត្តពីក្រោយ នោះ គឺលោក អ៊ី ទូច ដែលជាឪពុក។ ជាកសិករ និងជាអ្នក​រត់ម៉ូតូឌុបនៅក្នុងភូមិ លោក ទូច ក៏ជាអ្នកស្រឡាញ់វិស័យ​កីឡា​ប្រដាល់ ជាពិសេសគុនខ្មែរ ដ៏ស្មោះស្ម័គ្រមួយរូបផងដែរ។
 
លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំធ្លាប់​ហាត់ជាមួយគេមុនៗ ខ្ញុំក៏បាន​សង្កេតមើលគេហាត់ គេ​ប្រាប់សិស្ស ហើយ​ខ្ញុំយកមក​ប្រាប់កូន​បន្ត។ យើងក៏រៀបឲ្យមានកន្លែងហ្វឹកហាត់ កន្លែងអាវ៉ង់ កន្លែងទាត់ ដូចគេដែរ។ ខ្ញុំណែនាំកូន ទីមួយ ពេលព្រលឹមឡើង​ត្រូវធ្វើដូចម្តេង ហើយ​បន្តណែនាំផ្សេងៗទៀត»។ 
 

កីឡាការិនី តូច ចាន់ វត្តី ថតរូបជាមួយក្រុមគ្រួសារ រូបពីហ្វេសបុក Tey Tey
 
កាលពីអំឡុង ខែមិនា ឆ្នាំ២០២៣ កីឡាការិនី ទូច ចាន់វត្តី បានចេញទៅប្រកួតនៅប្រទេសថៃ រួចត្រូវបានកីឡាការិនីថៃ វាយឲ្យរបួសមុខ មានឈាមជាដំណំនៅតឹកទី១ ប៉ុន្ដែកីឡាការិនីរូបនេះ ទ្រាំប្រកួតរហូតដល់តឹកទី៣។ អ្នក​ស្រី យឿន ផេង ប្រាប់ថា ពេលនោះ គឺអ្នក​ស្រី បារម្ភពីកូនស្រី រហូតធ្លាក់ខ្លួនឈឺ។
 
អ្នកម្ដាយរូបនេះ បង្ហាញអារម្មណ៍ពិតដូច្នេះថា៖«កូន ម៉ែពិបាកចិត្ត ណាស់ពេលលឺ ថាកូនវៃ។ គេ សុទ្ធតែលំដាប់លេខ១ ចំណែកកូនខ្ញុំ ពេលទៅប្រកួតនៅថៃ ទើប៦ដង ឈ្នះគេ បានលេខ២។ ហើយពេលគេវាយ ដាច់មុខ។ ហើយគិតថា ដាច់មុខហើយកូននៅស៊ូ បាន២តឹកទៀត បានចាញ់គេ។ ពេលឃើញ អ៊ីចឹង ខ្ញុំជាម្ដាយ គឺដេកមិនលក់ទេ។ ហើយឈឺ ប៉ុន្មានថ្ងៃ ហូបអីអត់កើត។ ហើយពេលមកដល់ខ្មែរវិញ ហើយដាច់មុខ មិនដឹងកូនឈឺយ៉ាងណាទេ។ បារម្ភខ្លាំងពេក ទៅជាឈឺខ្លួនឯងវិញ។»។
 
អ្នកស្រី យឿន ផេង ពិតជាមោទកភាពជាខ្លាំង នៅពេលការតស៊ូរបស់កូនស្រី បានសម្រេចដូចក្ដីប្រាថ្នា ហើយអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែខ្លួនឯង។ ប៉ុន្តែប្រៀបដូចជា​ច្រវា​ប្រដេញ អ្នកម្តាយនៅតែគិតគូជានិច្ច​ចំពោះម្ចាស់មេដាយមាសស៊ីហ្គេម ដែលជាកូន​ស្រីសំណព្វរបស់ខ្លួន៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ទូច ចាន់វត្តី
© រក្សាសិទ្ធិដោយ thmeythmey.com