ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង់ សាំងកុមារ៖ «៦ខែជាមួយគណបក្សប្រជាជន​កម្ពុជា​ ជាការសម្រេចចិត្តមួយដ៏​ត្រឹមត្រូវ»
30, May 2023 , 4:27 pm        
រូបភាព
លោក យ៉ង់ សាំងកុមារ ក្នុងពេល​បំពេញការងារ។ រូបភាពពី​ហ្វេសប៊ុក​របស់លោក
លោក យ៉ង់ សាំងកុមារ ក្នុងពេល​បំពេញការងារ។ រូបភាពពី​ហ្វេសប៊ុក​របស់លោក
ភ្នំពេញ៖ «ការ​ចូលរួមជាមួយ​គណបក្ស​ប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាល គឺជា​ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ»។ នេះជាការ​លើកឡើងពី​បទពិសោធន៍រយៈពេល ៦ខែរបស់លោក យ៉ង់ សាំងកុមារ ដោយ​បន្តថា ការងារទាំងនេះ ផ្ដល់ឱកាស និង​លទ្ធភាព​គ្រប់គ្រាន់ស្រប​តាម​សមត្ថភាព ចំណង់ចំណូលចិត្ត និង​ទស្សនវិស័យ​របស់លោក។



ចាប់តាំងពីថ្ងៃចូលកាន់តំណែង រហូតមកថ្ងៃទី​២៩ ឧសភានេះ មាន​រយៈពេល​៦ខែហើយ ដែល​លោក​បណ្ឌិត យ៉ង់ សាំងកុមារ មក​ធ្វើការ​ក្នុង​វិស័យកសិកម្ម​ជាមួយ​រដ្ឋាភិបាលកម្ពុជា​។ លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួង​កសិកម្ម បញ្ជាក់ថា​ ក្នុង​រយៈពេល​កន្លងទៅនេះ លោក និង​សហការី បាន​ទទួល​ការ​ផ្ដល់​តម្លៃ​ និងទំនុកចិត្ត លើការងារ​កសិកម្មសំខាន់ៗ។ 
  

រូបភាពពីហ្វេសប៊ុកលោក យ៉ង់ សាំងកុមារ
 
ក្នុង​បេសកកម្ម​ការងារ​ក្នុងវិស័យកសិកម្មកន្លងមក លោក យ៉ង់ សាំងកុមារ មាន​ទំនួលខុសត្រូវលើ​ការ​កសាង​ប្រព័ន្ធពូជសុទ្ធ និង​ការ​កសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ, ការ​រៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំស្រូវ​, ការរៀបចំ​អ្នកសម្របសម្រួលកសិកម្មចំនួន ១០ឃុំ និងការដឹកនាំតម្រង់ទិសដល់កសិកម្មនៅខេត្តព្រះវិហារ។ 
 
ក្នុង​លិខិតឆ្លុះបញ្ចាំងពីសកម្មភាពការងារ រដ្ឋលេខាធិការរូបនេះ ចាត់ទុកការងារទាំងនេះ ជា​ទំនួលខុសត្រូវ​ដ៏ធំ។ លោក លើកឡើងបែបនេះ៖«ការ​ទទួលខុសត្រូវ​ដ៏​ធំធេងលើការដឹកនាំការងារសំខាន់ៗទាំងនេះ គឺ​វា​លើសពី​ការ​រំពឹងទុក​របស់ខ្ញុំ។ វាក៏ខុសពីការ​គិត​របស់អ្នករិះគន់ដែលគិតថា ការចូលរួមជាមួយ​បក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការ និង​យសស័ក្តិតែប៉ុណ្ណោះ»។ 
  

រូបភាពពីហ្វេសប៊ុកលោក យ៉ង់ សាំងកុមារ
 
បើតាម​លោក យ៉ង់ សាំងកុមារ ឆ្លងកាត់​បទពិសោធន៍រយៈពេល ៦ខែនេះ លោក អាចសន្និដ្ឋាន​ថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ លើសពីនេះ បាន​ផ្ដល់ឱកាស និងលទ្ធភាពគ្រប់គ្រាន់ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។
 
រដ្ឋមន្រ្តី​ប្រតិភូ និង​ជារដ្ឋលេខាធិការក្រសួង​កសិកម្មរូបនេះ ប្តេជ្ញាបន្ត​បេសកកម្មជាមួយ​រដ្ឋាភិបាល និង​ខិតខំបំពេញការងារ​ល្អ រួមទាំងដឹកនាំមន្រ្តី​សម្របសម្រួល​កសិកម្មឃុំ​ ឱ្យក្លាយជាកម្លាំងចលករ ក្នុងការ​អភិវឌ្ឍវិស័យកសិកម្ម និង​សេដ្ឋកិច្ចជាតិ៕
 

Tag:
 កសិកម្ម
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com