អន្តរជាតិ
លោក ប្លិងខិន ជំរុញចិនបើកបណ្ដាញទំនាក់ទំនងឡើងវិញក្រោយឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង
01, Jun 2023 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លិងខិន នៅថ្ងៃទី៣១ ខែឧសភា បានអំពាវនាវឱ្យទីក្រុងប៉េកាំង​​យល់ព្រមបើកបណ្ដាញទាក់ទងគ្នាឡើងវិញ បន្ទាប់ពីឧប្បត្តិហេតុយន្តហោះចម្បាំងចិនធ្វើសកម្មភាពបង្កហានិភ័យក្បែរយន្តហោះអាម៉េរិកនៅសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។



នៅសប្ដាហ៍មុន យន្តហោះចម្បាំងចិននិងយន្តហោះចម្បាំងអាម៉េរិកបានប្រឈមមុខជាថ្មីនៅសមុទ្រចិនខាងត្បូង។ បើតាមវីដេអូដែលបញ្ចេញដោយកងទ័ពអាម៉េរិក អ្នកបើកយន្តហោះចម្បាំងចិន បានបញ្ជាយន្តហោះរបស់ខ្លួ​នហោះកាត់ពីមុខយន្តហោះស៊ើបការណ៍អាម៉េរិក RC-135 ដែលកំពុងធ្វើប្រតិបត្តិការ។ អាម៉េរិកចាត់ទុកសកម្មភាពនេះ ជាការបង្កហានិភ័យ។ 
យ៉ាងណាមិញ ហេតុការណ៍នេះត្រូវបានទីក្រុងប៉េកាំងចាត់ទុកថាជាការការបង្កហេតុដោយចេតនារបស់អាម៉េរិកនៅដែនសមុទ្រចិនខាងត្បូង។ 
 
បើទោះបីជាចិនបានថ្កោលទោសក្ដី រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានសង្កត់ធ្ងន់ថា យន្តហោះអាម៉េរិកបានហោះហើរក្នុងដែនអាកាសអន្តរជាតិតាមបេសកកម្មធម្មតាស្របតាមច្បាប់អន្តរជាតិ។ 
 
អំឡុងដំណើរទស្សនកិច្ចទៅស៊ុយអែត លោក ប្លីងខិន បានប្រាប់អ្នកយកព័ត៌មានថា ចិនបានធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់មិនត្រឹមតែមកលើអាម៉េរិកទេ ប៉ុន្តែលើប្រទេសផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ 
 
«ខ្ញុំគិតថាបញ្ហានេះបញ្ជាក់ពីសារសំខាន់ដែលយើងគួរមានទំនាក់ទំនងទៀងទាត់ និងបើកចំហ រួមទាំង រវាងរដ្ឋមន្ត្រីការពារជាតិរបស់យើង។ អ្វីដែលគ្រោះថ្នាក់បំផុតគឺការមិនប្រាស្រ័យទាក់ទងគ្នា ហើយជាលទ្ធផល មានការយល់ច្រលំ និងការប្រាស្រ័យទាក់ទងគ្នាខុស»។ លោក ប្លីងខិន បន្ថែមបែបនេះ។  
 
លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា ខណៈពេលដែលអាម៉េរិកនិងចិនមានការប្រកួតប្រជែងគ្នា វាជារឿងសំខាន់ដែលការប្រកួតប្រជែងនេះមិនប្រែទៅជាជម្លោះ ហើយកត្តាសំខាន់បំផុតគឺការទំនាក់ទំនងទៀងទាត់។ 
 
គួរបញ្ជាក់ថា មុនហេតុការណ៍នេះសមុទ្រចិនខាងត្បូងនេះ​ កាលពីខែកុម្ភៈកន្លងទៅ លោក ប្លីងខិន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីអាម៉េរិកបានបាញ់ទម្លាក់បាឡុងចិនហោះលើទឹកដីអាម៉េរិក ដែលអាម៉េរិកចាត់ទុកជាបាឡុងស៊ើបការណ៍៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com