ជាតិ
បោះឆ្នោត
លោកស្រី ពោធិតី សាវត្ថី ៖ បក្សធម្មាធិបតេយ្យ មិនយកលុយទិញទឹកចិត្តពលរដ្ឋ តាមរយៈការចែកអំណោយ មុនបោះឆ្នោតឡើយ
02, Jun 2023 , 10:41 am        
រូបភាព
គណបក្សធម្មាធិបតេយ្យ នឹងត្រូវប្រកួតប្រជែងនយោបាយ ជាមួយគណបក្សចំនួន១៧ទៀត ដើម្បីជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ។ តាម​រយៈសកម្មភាពការងារកន្លងមក លោកស្រី ពោធិតី សាវត្ថី ជឿថា គណបក្សខ្លួន នឹងអាចទទួលបានការគាំទ្រច្រើន ក្នុងអាណត្តិ។

 
ដ្បិតមិនទទួលបានការគាំទ្រ ឬមិនបានកៅអីក្នុងរដ្ឋសភា កាលពីអាណត្តិមុនក្តី ប៉ុន្តែលោកស្រី ពោធិតី សាវត្ថី មិនអស់សង្ឃឹមឡើយ។ សម្រាប់អាណត្តិនេះ លោកស្រី សាវត្ថី សង្ឃឹមថា គណបក្សនឹងទទួលកៅអីរដ្ឋសភា ក្នុងកម្រិតតិចតួចណាមួយ។ មូលហេតុដែលលោកស្រី សាវត្ថី ជឿជាក់បែបនេះ ដោយសារតែសកម្មភាពនយោបាយកន្លងមក។ បើតាមលោកស្រី សាវត្ថី បក្សខ្លួនបានចុះជួយបញ្ហាពលរដ្ឋ បានជាច្រើនករណីកន្លងមកហើយ នៅតាមមូលដ្ឋាន តាមរយៈសកម្មភាពការងារក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលបង្កើតឡើង ដោយរដ្ឋាភិបាល សម្រាប់គណបក្សនយោបាយ ដែលមិនបានសំឡេងក្នុងរដ្ឋសភា កាលពីអាណត្តិទី៦។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖

 
នៅពេលសួរដេញដោលពីសកម្មភាពនយោបាយនេះវិញ លោកស្រី សាវត្ថី អះអាងថា គណបក្សខ្លួនមិនយកលុយទៅទិញទឹកចិត្តពលរដ្ឋ តាមរយៈការចែកអំណោយ ក្នុងពិធីសំណេះសំណាល នៅមុនពេលបោះឆ្នោត ដូចគណបក្សដទៃឡើយ។ សម្រាប់ប្រធានបក្សធម្មាធិបតេយ្យរូបនេះ ការប្រើប្រាស់ថវិកាទិញទឹកចិត្តពលរដ្ឋបែបនេះ គឺមិនទទួលបានផ្លែផ្កានោះទេ។ ផ្ទុយទៅវិញ គឺគណបក្សនឹងទទួលបានអ្នកគាំទ្រ មិនពិតប្រាកដ និងមិនស្មោះស្ម័គ្រជាមួយបក្សនោះឡើយ។
 
គណបក្សធម្មាធិបតេយ្យ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ទូទាំងប្រទេស ដើម្បីដណ្ដើមកៅអីរដ្ឋសភា ដែលមាន១២៥អាសនៈ តែម្ដង។ នេះជាលើកទី៣ហើយ ដែលគណបក្សធម្មាធិបតេយ្យ ចូលរួមប្រកួតប្រជែងនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក្រោយពីបង្កើតឡើង កាលពីឆ្នាំ២០១៨មក។
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  ពោធិតី សាវតី
© រក្សាសិទ្ធិដោយ thmeythmey.com